(ក្រចេះ)៖ កម្លាំងកងរាជអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោក អ៊ឹម ចិត្ត្រា សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ បង្រ្កាបបានឈើជាច្រើនកំណាត់ ដែលក្រុមឈ្មួញដឹកយកមកលាក់ទុក នៅខាងក្រោយផ្ទះប្រជាពលរដ្ឋ នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ

ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានឲ្យដឹងថា ឈើទាំងនេះក្រុមឈ្មួញបានដឹកចេញ ពីខេត្តមណ្ឌលគីរី ចូលមកខេត្តក្រចេះ បម្រុងយកទៅលក់បន្ត តែត្រូវអស់លាក់ជាប់អន្ទាក់កម្លាំងអាវុធហត្ថធ្វើការបង្រ្កាប់តែម្ដង។

លោក អឹម ចិត្រ្តា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនោះ កម្លាំងអាវុធហត្ថធ្វើការដកហូតឈើប្រភេទ ឈើសុក្រំ និងឈើខ្វាវ មានមុខកាត់ធំៗ ចំនួន២៤កំណាត់ ប្រហែលជាង៥ម៉ែត្រគូប និងបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើក្រចេះចាត់ការបន្ត។ បច្ចុប្បន្នឈើទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាសវែង ចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕