(ឧត្តរមានជ័យ)៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១៨គ្រាប់ ត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ខណៈដែលកសិករម្នាក់កំពុងភ្ជួរដីខាងត្បូងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

មន្ត្រីនគរបាលស្រុកបន្ទាយអំពិល បានឲ្យដឹងថា លោក ទួក រាំភេទ អាយុ៤៣ឆ្នាំ រស់នៅភូមិបេង ឃុំបេង ស្រុកបន្ទាយអំពិល បានរាយការណ៍មកសមត្ថកិច្ចថា នៅពេលដែលគាត់កំពុងភ្ជួរដីរបស់គាត់ ក៏បានប្រទះឃើះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់។

ក្រោយទទួលបានដំណឹងនេះភ្លាម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបេង បានចុះទៅពិនិត្យឃើញគ្រាប់ទាំងអស់សរុបចំនួន ១៨គ្រាប់ រួមមាន៖ គ្រាប់B40 ចំនួន ២គ្រាប់ គ្រាប់មីនប្រភេទ ៧២Aចំនួន ១៥គ្រាប់ និងគ្រាប់មីនខ្លឹមម៉រចំនួន ១គ្រាប់ផងដែរ។ លោកថា គ្រាប់ទាំងអស់នោះ គឺបានបន្សល់ទុកតាំងពីសម័យសង្គ្រាមមកម្ល៉េះ។

ក្រោយពីបានធ្វើការត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចបានទាក់ទងទៅអង្កការដោះមីនកម្ពុជា ដើម្បីមកទទួលយកធ្វើការកំទេចចោល៕