(កណ្ដាល)៖ ក្រុមប្រជាពលរដ្ឋខ្មែរឥស្លាមជាច្រើនគ្រួសារ បានលើកដៃសុំទូអាពីព្រះជាម្ចាស់មេត្តាប្រោសប្រទានដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យស្រុកទេសយើងមានសុខសន្តិភាព ហើយក៏អរគុណដល់ថ្នាក់ដឹកនាំឥស្លាមកម្ពុជា ដែលបានខ្នះខ្នែងស្វែងរកជំនួយពីបណ្ដាប្រទេសឥស្លាមជាច្រើន មកជួយឧបត្ថម្ភដល់ពួកគាត់។

ស្ថិតនៅក្នុងកម្មវិធីចែកអំណោយនូវសម្ភារថ្វាយបង្គុំនឹងសារ៉ុងចំនួន ៥០០សម្រាប់ ដល់ពលរដ្ឋខ្មែរឥស្លាមក្នុងភូមិបារែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង កាលពីថ្ងៃទី១៧ ខែមករា ម្សិលមិញនេះ លោកស្រី យូសុះ ហ្វាតៀរនី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ជំនួយសប្បុរសនេះ បានមកតាមរយៈអង្គការអាតាមីស៊ី ខណៈលោកស្រីបានខិតខំកៀគរដល់បណ្ដា សប្បុរសជនឥស្លាម តាមបណ្ដាប្រទេសឥស្លាមនានា ដើម្បីផ្ដល់ជំនួយមកដល់ពលរដ្ឋខ្មែរឥស្លាមយើងដែលមានជីវភាពក្រីក្រ»។

លោកស្រីថា អរគុណសន្តិភាព អរគុណរាជរដ្ឋាភិបាលពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព មានស្ថេរភាព មានការរីកចំរើន តាំងពីបាតដៃទទេ រហូតដល់មានការរីកចំរើនជាងមុន។

ទន្ទឹមនឹងសារនេះផងដែរ លោកស្រី ក៏បានសន្យាថា នឹងបន្តកៀរគរសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីជួយជ្រោមជ្រែងដល់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ខ្មែរឥស្លាម ឲ្យមានការរីកចំរើនបន្តទៅមុខជាលំដាប់។ សូមបញ្ជាក់ថា សមាសភាព នៃការចូលរួមក្នុងកម្មវិធីមានការចូលរួមផងដែរពីលោក ស្មាន ម៉ាណាន រដ្ឋលេខាធិកាក្រសួងការបរទេស និងលោក អ៊ុក សារ៉ុន អនុរដ្ឋលេខាធិកាក្រសួងការបរទេស។

លោកទាំងទ្វេរ ក៏បានសាទរ និងផ្ដល់ជាអនុសាសន៍ល្អៗ ដើម្បីកៀរគរសប្បុរសជននានាមកជួយដល់សហគមន៍ឥស្លាមកម្ពុជាឲ្យមានការរីកចំរើនទៅមុខ និងមានជីវភាពធូរធា៕