(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចាត់ទុកថា ផ្លូវថ្នល់គឺបានផ្ដល់ប្រយោជន៍ច្រើនដល់បងប្អូនប្រជាពលរដ្ឋ ដូចពាក្យស្លោករបស់សម្ដេចតេជោ ហ៊ុន សែន ថា «មានផ្លូវ គឺមានសង្ឃឹម»។

នេះជាការលើកឡើងរបស់លោកអភិបាលខេត្ត កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្នុងពិធីសម្ពោធផ្លូវក្រាលគ្រួសក្រហមមួយខ្សែមានប្រវែង ៦០០០ម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បើតាមអភិបាលស្រុកជើងព្រៃលោក អួត ឈាងលី បានថ្លែងឲ្យដឹងថា ផ្លូវនេះបានចាប់សាងសង់កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នោះ គឺជាការចាប់ផ្តើមត្រាស់សេទៅតាមក្រុមបច្ចេកទេស និងបានបញ្ចប់ការជួសជុលនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ជាប្រភេទផ្លូវក្រាលគ្រួស ក្រហម មានប្រវែង ៦០០០ម៉ែត្រ។

លោកបន្តថា នេះជាកាយកចិត្តទុកដាក់របស់ក្រុមយុវជនថ្នាក់កណ្តាលក្រុមទី៨ បានបញ្ជូនកូនក្ងោកយកមកដាំតាមដង ផ្លូវប្រវែង ៦០០០ម៉ែត្រ កូនក្ងោកចំនួន ២០០០កូន ផងដែរ។

ផ្លូវនេះមានអត្ថប្រយោជន៍សំខាន់ អ្នកភូមិទៅជិតប្រើ ប្រាស់ទៅមករាល់ថ្ងៃ គឺភូមិអងភូមិប្រទេ ខ.ភូមិចម្ករ ភូមិត្នោតបាក់ និងភូមិអារក្ស ស្ថិតនៅឃុំត្រពាំងគរ ភូមិថ្មី ភូមិបន្នោរ
ភូមិស្រាមអង្កាម ស្ថិតក្នុងឃុំស្រម៉រ ហើយនិងភូមិស្វាយរក្ស ឃុំសូរសែន្យ ស្រុកព្រៃឈរ ក្នុងការធ្វើដំណើរទៅមកអាស្រ័យផល។ ចំណែកភូមិអារក្ស និងភូមិត្នោតបាក់ មានទីតាំងស្ថិតនៅប៉ែកនារតី នៃទីតាំងសាលាឃុំត្រពាំងតរ មានចម្ងាយពីសាលាឃុំប្រម៉ាណប្រហែល ៧គីឡូម៉ែត្រ មានប្រជាពលរដ្ឋ ៣៧៣ ខ្នងផ្ទះ៤២១ត្រសារ មនុស្សរួម ១ ៨៤ ៣នាក់ ស្រី ៩៦៥ នាក់ ចំណាកស្រុកក្នុងប្រទេសមានចំនួន ១២២នាក់ ចំណាកស្រុកក្រៅប្រទេសមានចំនួន ៦៩នាក់។

អភិបាលខេត្តកំពង់ចាម បានថ្លែងក្នុងឱកាសនោះថា ផ្លូវមួយខ្សែនេះ ត្រូវបានកសាង និងខូចខាតច្រើនដងមកហើយ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ មានការលំបាកក្នុងការធ្វើដំណើរ ឆ្លងកាត់ម ឬក៏ដឹកនាំកសិផលយកទៅលក់នៅទីផ្សារជាដើម។

ប៉ុន្តែថ្ងៃនេះ ផ្លូវមួយខ្សែនេះបានសាងសង់រួចរាល់ និងសម្ពោធដាក់ឲ្យដំណើរការជាស្ថាពរ ហើយបងប្អូនប្រជាពលរដ្ឋយើងក៏ចាប់ផ្ដើមមានសង្ឃឹម ដោយសារតែផលប្រយោជន៍របស់ផ្លូវនេះមានដូចជា ដីក្នុងតំបន់នេះអាចនឹងឡើងថ្លៃ និងប្រែក្លាយតំបន់នេះទៅជាតំបន់សេដ្ឋកិច្ចឧស្សាហកម្ម ហើយក៏ជាតំបន់ទាក់ទាញលើផ្នែកវិស័យទេសចរណ៍ផងដែរ ដោយហេតុថា ផ្លូវនេះតភ្ជាប់ពីផ្លូវថ្នល់ធំ ឆ្ពោះទៅកាន់ខេត្ត សៀមរាបដែលភ្ញៀវទេសចរភាគច្រើនទៅលេងនៅប្រាសាទអង្គរ។

ដូច្នេះប្រសិនបើអាជ្ញាធររៀបចំតំបន់នេះរៀបចំឲ្យបានត្រឹមត្រូវ នោះយើងនឹងអាចទាក់ទាញភ្ញៀវទេសចរ ឱ្យចូលទៅទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកឆាដោយឆ្លងកាត់តាមផ្លូវមួយខ្សែនេះ។

ម្យ៉ាងទៀតអត្ថប្រយោជន៍ផ្លូវនេះ សម្រាប់បងប្អូនដឹកនាំកសិផលយកទៅទីផ្សារបានឆាប់រហ័ស ហើយបងប្អូនពីទីជិតឆ្ងាយ ក៏ងាយស្រួលនឹងមកលេងផ្ទះ ចំណែកប្អូនៗ ក្មួយៗ សិស្សសាលា ក៏អាចនឹងធ្វើដំណើរទៅសាលារៀនបានដោយងាយស្រួលផងដែរ។

ទន្ទឹមនឹងនោះលោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ឲ្យជួយថែរក្សាផ្លូវដែលទើបនឹងសាងសង់រួចនេះសម្រាប់ការប្រើប្រាស់យូរអង្វែងតទៅ។ ក្នុងនោះលោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះអាចវអភិវឌ្ឍនទៅជាផ្លូវក្រាលកៅស៊ូ ឬអាចទៅជាផ្លូវបេតុងនៅពេលក្រោយផងដែរ៕