(ស្ទឹងត្រែង)៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបរថយន្តក្រុងវៀតណាមមួយគ្រឿង បង្កប់ឈើប្រណិត និងគ្រាប់ស្លែងមានចំនួន ៥០បេ សរុបមួយតោន ហើយសមត្ថកិច្ចក៏បានឃាត់ក្រុម ជនជាតិវៀតណាម ចំនួន៧នាក់ផងដែរ។

បើតាមសមត្ថកិច្ច រថយន្តក្រុងមួយគ្រឿងនេះ បានទិសដៅពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរី ហើយបំណងឆ្ពោះទៅប្រទេសវៀតណាមតែម្ដង។

ការបង្ក្រាបនោះ បានធ្វើឡើងនៅវេលាម៉ោង៨ ៖២០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៧៨ ត្រង់គោលដៅប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ជិតផ្លូវចូលទៅទំនប់វារី អគ្គិសនី សេសាន្តក្រោម២ ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានបង្ហើបឲ្យថា រថយន្តក្រុងនេះ បានផ្ទុកឈើប្រណិត ដោយដឹកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ខេត្តរតនគិរី ក្នុងបំណងនាំឆ្លងដែនចូលទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចបន្តថា ដោយមានការសង្ស័យ ក៏បានឃាត់រថយន្តក្រុងនេះត្រួតពិនិត្យ ហើយបានរកឃើញមានផ្ទុកសុទ្ធតែឈើប្រណិត នៅក្នុងពេលនោះ ក៏បានឃាត់ជនជាតិវៀតណាម ៧នាក់ផងដែរ។

រថយន្តក្រុងដឹកឈើល្មើសច្បាប់ និងជនសង្ស័យ ៧នាក់ ត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាត់ការជាបន្តតាមច្បាប់៕