(ភ្នំពេញ)៖ បន្ទាប់ពីការប្រកាសឈានជើងចូលក្នុងផ្សារមូលបត្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមយ៉ាងសកម្ម ក្នុងការពង្រីកចំណេះដឹង ស្ដីពី ផ្សារមូលបត្រកម្ពុជា ជូនសាធារណជនជាបន្ដបន្ទាប់។

ក្នុងនោះធនាគារអេស៊ីលីដា ភីអិលស៊ី បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ដើម្បីអញ្ជើញវិនិយោគិន អតិថិជន និងប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍ ក្នុងការវិនិយោគជាមួយអេស៊ីលីដា ក្នុងវិស័យមូលបត្រមកទទួលយកចំណេះដឹងថ្មីៗបន្ថែមទៀត។

ជាក់ស្ដែងគិតមកត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ធនាគារអេស៊ីលីដា បានបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈចំនួន៤វគ្គហើយ និងទទួលបានអ្នកចូលរួម៦០០នាក់ ចូលរួមស្វែងយល់ពីដំណើរការបោះផ្សាយមូលបត្រនេះ។

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាឲ្យដឹងថា «នេះជាលើកទី៤ហើយ ដែលធនាគារអេស៊ីលីដា ភីអិលស៊ី បានរៀបចំសិក្ខាសាលាស្ដីអំពី ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ ដោយក្នុងរយៈពេល៤លើកនេះ ធនាគារអេស៊ីលីដា ទទួលបានអតិថិជន ចូលរួមប្រមាណ៦០០នាក់»។

លោកបណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ថា ក្នុងចំណោមសិក្ខាកាមជាង៦០០នាក់នេះ ក៏មានមួយសិក្ខាកាមមួយចំនួន បើកគណនីជួញដូរភ្លាមៗ ខណៈប្រជាពលរដ្ឋកម្ពុជា ជាច្រើនពាន់នាក់ទៀតបានបើកគណនី សម្រាប់ជួញដូរនៅខាងក្រៅរួចរាល់ហើយផងដែរ។

លោកបណ្ឌិតបន្ថែមថា «ជាតួលេខក្នុងវិស័យមូលបត្រទាំងមូលមាន២២,០០០គណនី បានមកចុះឈ្មោះជួញដូរ ក្នុងនោះមាន១៦០០០គណនី បានបើកជាមួយធនាគារអេស៊ីលីដា និងចំនួន៤ពាន់ គឺជាគណនីថ្មីដែលបើកជាមួយអេស៊ីលីដាផង និងក្រុមហ៊ុនផ្សេងៗផង»។

លោកបណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ថា កាលដំបូងឡើយធនាគារអេស៊ីលីដា បានដាក់លិខិតជូនភ្ញៀវ ដើម្បីអញ្ជើញមកចូលរួម ក៏ប៉ុន្តែក្រោយមកទៀត ធនាគារលែងដាក់លិខិតទៀតហើយ ដោយងាកមកផ្សព្វផ្សាយតាមបណ្ដាញសង្គមវិញ តែបែរជាមានអ្នកចូលរួមច្រើនជាងវគ្គមុនៗទៅទៀត ដែលឆ្លុះបញ្ចាំងឲ្យឃើញថា ពលរដ្ឋកម្ពុជាកាន់តែច្រើន បានចាប់អារម្មណ៍វិនិយោគផ្សារហ៊ុន ជាមួយធនាគារអេស៊ីលីដា ហើយអេស៊ីលីដាក៏ត្រៀមខ្លួនរួចរាល់ សម្រាប់ការលក់ជាផ្លូវការនូវ មូលបត្រកម្មសិទិ្ធជាសាធារណៈ នៅផ្សារមូលបត្រកម្ពុជា។

លោកបណ្ឌិតបន្ថែមថា ក្រៅពីសិក្ខាសាលាធនាគារអេស៊ីលីដា នឹងមានដំណាក់ថ្មីមួយទៀត ប៉ុន្ដែដំណាក់កាលថ្មីនេះពុំទាន់ប្រកាសនោះឡើយ គឺរង់ចាំអាជ្ញាធរអនុញ្ញាតជាមុនសិន៕