(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីគម្រោងដាំដុះកប្បាស ១០ម៉ឺនហិកតា ក្នុងខេត្តកំពង់ស្ពឺ។ ពិធីនេះបានរៀបចំធ្វើឡើង នៅរដ្ឋបាលខេត្តកំពងស្ពឺ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន បានឲ្យមានសន្តិភាព និងជំនឿជឿទុកចិត្តពី សំណាក់អ្នកវិនិយោគក្រៅប្រទេស មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងប្រទេសកម្ពុជា។

លោក វ៉ី សំណាង បានលើកឡើងថា ជាក់ស្ដែងក្នុងខេត្តកំពង់ស្ពឺ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពង់ស្ពឺ ទទួលបានការវិនិយោគ ២៦១រោងចក្រ ដំណាំស្វាយកែវល្មៀត ៤,៥០០ហិកតា និងដំណាំអំពៅជាង ៤០,០០០ហិកតាផងដែរ។

លោកថា ចំពោះវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម នៃប្រទេសចិន មានការចាប់អារម្មណ៍ ទៅលើការដាំដុះដំណាំកប្បាស នៅខេត្តកំពង់ស្ពឺនេះ គឺពិតជាធ្វើឲប្រជាពលរដ្ឋទូទាំងខេត្ត រីករាយស្វាគមន៍ និងរំពឹងថា ដំណាំកប្បាសនេះ និងជួយប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ អាចផ្ដល់ការងារជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ស្ពឺ។

ជាពិសេស ដើម្បីកាន់តែរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាមួយគ្នាទៅវិញទៅមករវាងខេត្តកំពង់ស្ពឺ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម នៃសាធារណៈរដ្ឋប្រជាមានិតចិន។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកអភិបាលខេត្ត។

លោក Li Zheng ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងអំពីគោលបំណង វិនិយោគដាំកប្បាសចំនួន១០ម៉ឺនហិកតា នៅខេត្តកំពង់ស្ពឺ ជាលើកដំបូងសិន គឺលោកមើលឃើញថា ខេត្តកំពង់ស្ពឺ មានអាកាសធាតុល្អ ចំណែកដីក៏មានសក្តានុពល សាកសមដំណាំកប្បាសនេះ ហើយក៏មើលឃើញប្រជាជន នៅខេត្តកំពង់ស្ពឺ ឧស្សាហ៍ព្យាយាមផងដែរ។

លោក Li Zheng បានបន្តទៀតថា ប្រសិន ១០ម៉ឺនហិកតា នៅខេត្តកំពង់ស្ពឺជោគជ័យ វិទ្យាស្ថាន និងក្រុមហ៊ុនវិនិយោគ និងបន្តដាំដុះនៅខេត្តផ្សេងៗទៀត។

លោក តឹក ង៉ូយ សហគ្រិនខ្មែរ-អាមេរិក ដែកគេស្គាល់ថា ជាស្ដេចនំដូណាត់ ដែលដឹកនាំគណៈប្រតិភូ នៃវិទ្យាស្ថានស្រាវជ្រាវ អភិឌ្ឍន៍កសិកម្ម និងក្រុមហ៊ុនវិនិយោគដាំកប្បាស របស់ប្រទេសចិន បានឲ្យដឹងផងដែរថា លោក បានទៅទស្សនកិច្ច ដំណាំកប្បាសនៅប្រទេសចិន ដោយប្រជាជនចិន នៅខេត្តស៊ីជាំង ដាំកប្បាស១ហិកតា ទទួលបានផល៧តោន។

លោកបានលើកឡើងថា បើប្រៀបធៀបទៅដំណាំស្រូវ និងមានតម្លៃខ្ពស់ មានភាពងាយស្រួលដាំ ដែលអាចរកចំណូលបានខ្ពស់ សម្រាប់ប្រជាកសិករ ដូចនេះ ជាជោគជ័យមួយទៀត សម្រាប់កម្ពុជា ដែលជាប្រទេស មានសន្តិភាព ក្រោយការដឹកនាំរបស់តេជោ ដែលធ្វើឲ្យអ្នកវិនិយោគកសិកម្មកប្បាស នៃប្រទេសចិន មើលឃើញកម្ពុជាមុនគេ ក្នុងបណ្ដាលប្រទេសអាស៊ាន។

លោក តឹក ង៉ូយ បន្ថែមទៀតថា បន្ទាប់ពីការចុះអនុស្សារណៈយោគយល់ រវាងខេត្តកំពង់ស្ពឺ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម នៃប្រទេសចិន ទៅលើកិច្ចសហប្រតិបត្តការ លើកសិកម្មដំណាំក្បាសនេះ មិនយូរទេ ភាគីចិន មកធ្វើការបណ្ដុះបណ្ដាល ការងារបច្ចេកទេសផ្ដល់ពូជល្អលេខ១ ជី និងការថែទាំ ដល់ប្រជាកសិករខ្មែរ ហើយនៅពេលប្រមូលផល គឺលក់ឲ្យក្រុមហ៊ុនតែម្ដង៕