(ភ្នំពេញ)៖ ដោយសារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាពិបាលកម្ពុជា និងប្រជាមានិត នៃប្រជាជនចិន មានតាំងពីយូរលង់ណាស់មកហើយ រហូតមកដល់បច្ចុប្បន្ន និងដោយមានការជួយទំនុកបម្រុងឥតឈប់ឈរលើគ្រប់វិស័យ ពីសំណាក់ប្រទេសចិន ទើបធ្វើឲ្យខ្ញុំមានភ័ព្វសំណាងល្អ បានទៅស្គាល់ប្រទេសមហាអំណាច ដែលមានវប្បធម៌ដ៏ចំណាស់ និងអស្ចារ្យមួយនេះ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល បានចំនួនពីរលើក។

លើកទី១ ពីថ្ងៃទី២៣ ដល់២៨ ខែតុលា ឆ្នាំ២០១៧ ខ្ញុំបានទៅចូលរួមវគ្គបណ្តុះបណ្តាលមស្តីពី «ការបង្កើតប្រព័ន្ធសង្រ្គោះសុខភាពបន្ទាន់» ដែលបានប្រព្រឹត្តិទៅនៅ សកលវិទ្យាល័យមន្ទីរពេទ្យវេជ្ជសាស្ត្រ ឆុងជីង (Hospital of Chongqing Medical University) នៅខេត្តឆុងជីង។ លើកទី២ចាប់ពីថ្ងៃទី០១ ដល់២១ ខែសីហា ឆ្នាំ២០១៩ ខ្ញុំបានចូលរួមវគ្គស្តីពី ការផ្លាស់ប្តូរបទពិសោធន៍ស្តីពី ប្រព័ន្ធសុខាភិបាល ដែលរៀបចំដោយមជ្ឈមណ្ឌល នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់គណកម្មការសុខាភិបាលជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសចិន។

កាលពីចុងឆ្នាំ២០១៨ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានទទួលរថយន្តមន្ទីរពេទ្យចល័តចំនួន៤០គ្រឿង ដែលសុទ្ធតែបានបំពាក់នូវឧបករណ៍ និងសម្ភារទំនើបៗ និងមានតំលៃថ្លៃជូនដល់គ្រូពេទ្យកម្ពុជា សម្រាប់ផ្តល់ដល់មូលដ្ឋានជូនប្រជាជន។ នេះសុទ្ធតែជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន មកឲ្យកម្ពុជា។

គោលបំណង នៃវគ្គបណ្តុះបណ្តាលទាំងពីរមានដូចជា ទី១៖ ដើម្បីប្លាស់ប្តូរបទពិសោធន៍ នៃប្រព័ន្ធសុខាភិបាល ការគ្រប់គ្រង និងការការពារនៃជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃ, ទី២៖ ការជួយសង្គ្រោះសុខភាពបឋម និងបន្ទាន់ នៅពេលមានគ្រោះមហន្តរាយធម្មជាតិ, ទី៣៖ ការបង្កើតក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ ពេលមានគ្រោះមហន្តរាយកើតឡើង, ទី៤៖ ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងម៉ាស៊ីនវេជ្ជសាស្ត្រ និងសម្ភារផ្សេងៗ នៅលើរថយន្តមន្ទីរពេទ្យចល័ត ឲ្យកាន់តែមានប្រសិទ្ធភាព និងទី៥៖ ការជំរុញ និងលើកទឹកចិត្តមន្ត្រីសុខាភិបាល ឲ្យចូលរួមយ៉ាងសកម្មក្នុងការធ្វើកំណែរទម្រង់វិស័យសុខាភិបាល និងលើកស្ទួយសុខភាពសហគមន៍ នៅក្នុងប្រទេសកម្ពុជា។

ឆ្លងកាត់វគ្គបណ្តុះបណ្តាលទាំងពីរលើកនេះ ខ្ញុំពិតជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗ គួរជាទីគាប់ចិត្ត និងមិនអាចបំភ្លេចបានឡើយ។ វគ្គបណ្តុះបណ្តាលទាំងពីរ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំបើមសម្រាប់ការអភិវឌ្ឍរិស័យការងារ នៅអង្គភាពរបស់ខ្ញុំ និងរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍន៍ នៃប្រទេសកម្ពុជាទាំងមូល។

តាមរយៈបទបង្ហាញរបស់សាស្ត្រាចារ្យល្បីៗ និងអ្នកមានបទពិសោធន៍ល្អៗ និងតាមរយៈទស្សនកិច្ចសិក្សា នៅគ្រឹះស្ថានសុខាភិបាលផ្សេងៗ និងតំបន់ទេសចរណ៍ល្បីៗ នៅប្រទេសចិន ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដោយទទួលបាននូវចំណេះដឹងប្លែកៗ ពីច្រើនវិស័យ រួមទាំងការយល់ដឹងពីវប្បធម៌ ប្រពៃណី សាសនា និងប្រវត្តិសាស្ត្រដ៏សែនជក់ចិត្ត។ និយាយជារួម គឺខ្ញុំបានយល់ដឹងពីគោលនយោបាយ និងទស្សនៈវិស័យដ៏វែងឆ្ងាយ មានគោលដៅច្បាស់លាស់ និងការអភិវឌ្ឍគ្រប់វិស័យ ដែលមានសន្ទុះយ៉ាងលឿន គួរឲ្យភ្ញាក់ផ្អើលនៃរដ្ឋាភិបាលចិន។

ប្រទេសចិន គឺជាប្រទេសមួយដែលមានផ្ទៃដីដ៏សែនធំល្វឹងល្វើយ។ រដ្ឋបាលបានបែងចែកផ្ទៃដី នៃប្រទេសចិនជា៤ប្រភេទ នៃតំបន់គ្រប់គ្រង គឺ២២ខេត្ត ៥តំបន់ស្វ័យ័ត ៤ទីក្រុង ដែលគ្រប់គ្រងផ្ទាល់ដោយរដ្ឋ (ប៉េកាំង ធានជិន សៀងហៃ និងឆុងជីង) និង២តំបន់រដ្ឋបាលពិសេស (ហុងកុង និងម៉ាកាវ)។

ប្រទេសចិនមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ច្រើន ស្អាតៗនិងល្បីៗ ដែលភ្ញៀវទេសចរណ៍មិនចេះជិនណាយក្នុងការទស្សនា។ ចាប់តាំងពីមានកំណែ ទម្រង់សេដ្ឋកិច្ចនៅឆ្នាំ ១៩៧៨មក ប្រទេសចិនមានប្រាក់ចំណូលលើផលិតផលក្នុងស្រុកកើនឡើងខ្ពស់ខ្លាំង។ ប្រាក់ចំណូលប្រចាំឆ្នាំសំរាប់មនុស្សម្នាក់គឺ ៩,៥១០ដុល្លារ (GDP per capita: 9519 USD)។ ជីវិតរំពឹងរស់ជាមធ្យមរបស់ប្រជាជនចិនខ្ពស់ គឺ៧៧ឆ្នាំ (ឆ្នាំ២០១៨)។

រីឯអត្រាស្លាប់របស់ម្តាយ បានថយចុះយ៉ាងលឿន (ថយពី៨៩នាក់ ឆ្នាំ១៩៩០ មកត្រឹម១៨,៣នាក់/១០០,០០០ នៃជីវិតកើតរស់នៅឆ្នាំ២០១៧) និងអត្រាស្លាប់ របស់កុមារក្រោម៥ឆ្នាំ ក៏ថយចុះលឿនដែរ (ថយពី៥០នាក់ នៅឆ្នាំ១៩៩១ មកនៅត្រឹម៦,១នាក់/១,០០០ នៃកំណើតរស់ នៅឆ្នាំ២០១៧)។ រីឯការគ្រប់ដណ្តប់ នៃការធានារ៉ាប់រងសុខភាព គឺខ្ពស់ជាង៩៥ភាគរយ។

ចំណែកឯការចំណាយប្រចាំឆ្នាំ លើវិស័យសុខាភិបាល (៦,៣៩% នៅឆ្នាំ២០១៨) គឺតិចតែមានប្រសិទ្ធភាពល្អ។ ប្រជាជនចិន ៩៥ភាគរយ មានប័ណ្ណធានារ៉ាប់រង លើសុខភាពដោយរដ្ឋ ។ ដោយសារមានកំណែទម្រង់លើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព និងចេរភាព និងកំណើនសេដ្ឋកិច្ចលឿន ទើបធ្វើឲ្យអត្រាឈឺ និងអត្រាស្លាប់របស់ប្រជាពលរដ្ឋមានការថយចុះគួរកត់សំគាល់។ រីឯជីវភាពរស់នៅ និងជីវិតរំពឹងរស់ជាមធ្យមរបស់ប្រជាពលរដ្ឋ ក៏កាន់តែប្រសើរឡើងជាលំដាប់ផងដែរ។

ដោយសារប្រទេសចិន មានផ្ទៃដីធំមហាសាល និងចំនួនប្រជាជនច្រើនមហិមាផុតគេក្នុងពិភពលោក និងតែងរងនូវគ្រោះមហន្តរាយធម្មជាតិជាយ៉ាងច្រើន បានធ្វើឲ្យប្រទេសមួយនេះ ប្រឈមនូវបញ្ហាខ្លះៗ ជៀសមិនផុតមួយចំនួនកន្លងមក ដូចជា ទី១៖ ការចល័តធនធានសុខាភិបាល មិនទាន់បានគ្រប់កន្លែង, ទី២៖ ប្រព័ន្ធធានារ៉ាប់រងសុខភាព នៅមិនទាន់មានភាពពេញលេញ, ទី៣៖ គ្រឹះស្ថានសុខាភិបាល មិនអាចទាន់ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់សាធារណៈជន, ទី៤៖ ការផលិត និងការចែកចាយឱសថមិនទាន់បានរៀបរយទាំងស្រុងនៅឡើយ។

ទោះយ៉ាងនេះក្តី ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើ ប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាល នៃប្រទេសចិន បានផ្តួចផ្តើមបង្កើតនូវគោលនយោបាយ ជាយុទ្ធសាស្ត្រថ្មីមួយ ដែលបានដាក់ឲ្យអនុវត្តជាធរមានតាំងពីឆ្នាំ២០១៦។ ផែនការនេះមានឈ្មោះថា «ផែនការយុទ្ធសាស្ត្រដើម្បីប្រទេសចិន មានសុខភាពល្អនៅឆ្នាំ២០៣០»។

ផែនការយុទ្ធសាស្ត្រនេះ បានដាក់ឲ្យអនុវត្តដោយផ្អែកលើគោលដៅចំណុចធំៗ៥យ៉ាង រួមមាន៖

*ទី១៖ ផ្សព្វផ្សាយពីការរស់នៅប្រកបដោយផាសុខភាពល្អ ដល់ប្រជាជនទូទៅ។ តាមរថភ្លើង តាមរថយន្តក្រុង តាមផ្សាទំនើប ស្ថាប័នរដ្ឋ និងឯកជន និងតាមផ្លូវសាធារណៈ តែងមានការបិតផ្ទាំងសារអប់រំសុខភាព រួមទាំងការផ្សព្វផ្សាយតាមវិទ្យុនិងទូរទស្សន៍ផងដែរ។

*ទី២៖ កែលំអរសេវាសុខាភិបាលឲ្យបានល្អបំផុត តាមររយៈការពង្រឹងគុណភាព សេវាសសុខាភិបាល បង្កើនសមត្ថភាពធនធានមនុស្ស បង្កើនគ្រឹះស្ថានសុខាភិបាល ឲ្យបានគ្រប់តំបន់ដែលមានប្រជាជនរស់នៅ និងត្រូវបំពាក់ឧបករណ៍ពេទ្យនៅគ្រប់មូលដ្ឋានសុខាភិបាល តាមតំរូវការជាក់ស្តែង បង្កើនអត្រាគ្របដណ្តប់សេវាធានារ៉ាប់រងសុខភាពឲ្យបាន១០០ភាគរយ ផ្តល់សេវាព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព គុណធម៌ខ្ពស់ និងតំលៃទទួលយកបាន។

ដើម្បីកាត់បន្ថយជំងឺរ៉ាំរ៉ៃដែលជាបន្ទុកធ្ងន់របស់រដ្ឋ រដ្ឋាភិបាលបានខិតខំស្រាវជ្រាវរកជំងឺមហារីកគ្រប់ទំរង់ និងជំងឺរ៉ាំរ៉ៃផ្សេងទៀត នៅគ្រប់ទីកន្លែង។ ស្រាវជ្រាវពីរបបអាហារប្រចាំថ្ងៃដែលជះឥទ្ធិពលដល់ជំងឺរ៉ាំរ៉ៃ និង វាស់វែងស្ថានភាពអាហារូបត្ថម្ភដើម្បីស្វែងរកកត្តាកំណត់នៃជំងឺរ៉ាំរ៉ៃ។ អប់រំ និងទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ដោយកម្ចាត់ឲ្យអស់នូវប្រភពចម្លងជំងឺ និងផ្តល់ថ្នាំបង្ការជំងឺគ្រប់ប្រភេទឲ្យបាន១០០ភាគរយ និងមានប្រសិទ្ធភាពខ្ពស់។

លើសពីនេះ រដ្ឋបានបង្កើតទីលាននិង សួនច្បារសាធារណៈយ៉ាងច្រើន សំរាប់ទុកឲ្យប្រជាជនធ្វើលំហាត់ប្រាណ ព្រមទាំងបំផុសប្រជាជនឲ្យចូលរួម ការលើកកម្ពស់សុខភាពតាមរយៈ ការហាត់ប្រាណដើម្បីសុខភាព។ បារី និងស្រា ជាកត្តាកំណត់នៃជំងឺរ៉ាំរ៉ៃ ដូច្នេះរដ្ឋាភិបាលបានតំឡើងថ្លៃពន្ធលើទំនិញទាំងនេះ ព្រមទាំងកំណត់បរិមាណ នៃការតាំងលក់ និងកំណត់ទីតាំងសម្រាប់អ្នកជក់បារី។ បារីគ្រប់ប្រភេទ ត្រូវតែដាក់រូបភាពនៃសញ្ញាគ្រោះថ្នាក់នៅលើកញ្ចប់ និងមិនអនុញ្ញាតឲ្យសរសេរសារពាណិជ្ជកម្មបារី នៅលើកញ្ចប់ឡើយ។

*ទី៣៖ អភិវឌ្ឍន៍ឧស្សាហ៍កម្មសុខាភិបាលទំនើបៗ និងបំពាក់នូវបច្ចេកវិទ្យាទំនើប ដូចជាប្រព័ន្ធ៥ជី (5G) ដែលគ្រូពេទ្យឯកទេស អាចធ្វើការវះកាត់អ្នកជំងឺ តាមប្រព័ន្ធផ្កាយរណបបាន។

*ទី៤៖ បង្កើតឲ្យមានបរិស្ថានប្រកបដោយផាសុខភាព (កែលំអរបរិស្ថាន កាត់បន្ថយខ្យល់ពុល) តាមរយៈការបញ្ឈប់ការប្រើប្រាស់ទោចក្រយាន ដំណើរការដោយប្រេងសាំង ទៅជាទោចក្រយានដើរដោយអាគុយវិញ។ រដ្ឋាភិបាលបានលើកទឹកចិត្តប្រជាជន ឲ្យប្រើប្រាស់រថយន្តដើរដោយអាគុយ ដោយមិនយកពន្ធ។

រថយន្តក្រុង និងរថភ្លើងសុទ្ធតែដំណើរការដោយចរន្តអគ្គីសនី។ ខ្ញុំបានសង្កេតមើលសព្វទីកន្លែង ដែលខ្ញុំបានទៅដល់ឃើញថា គ្រប់ផ្លូវថ្នល់ទាំងអស់ សុទ្ធតែត្រូវបានកែលំអរយ៉ាងស្អាត គ្មានសំរាម គ្មានដីហុយ និងគ្មានក្លឹនស្អុយ។ បើមានផ្លូវណាដែលកំពុងស្ថិតនៅក្រោមការជួសជុល ក៏មានការគ្របស្បៃ ឬផ្ទាំងកៅស៊ូការពារកុំឲ្យហុយដីដែរ។ នៅតាមដងវិថីគ្រប់ទិសទីសុទ្ធតែមានដាំដើមឈើ និងដើមផ្កាទាំងសងខាងផ្លូវ ដើម្បីជាសម្រស់ទីក្រុងផង និងកាត់បន្ថយខ្យល់ពុលផង។

ផ្លូវភាគច្រើនសុទ្ធតែមានចែងចែកសម្រាប់អ្នកដើរ អ្នកជិះកង់ អ្នកជិះម៉ូតូ និងសម្រាប់រថយន្ត និងមានស្លាកសញ្ញាចរាចរទាំងអស់គួរជាទីគាប់ចិត្តខ្លាំងណាស់។ ប្រព័ន្ធបង្ហូរទឹកសំណល់ក៏ដូចគ្នាដែរ ត្រូវបានជួសជុល និងសាងសង់ប្រកបដោយអនាម័យ សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។ ទឹកសំណល់ ត្រូវបានព្យាបាលយ៉ាងត្រឹមត្រូវ មុននឹងបង្ហូរចូលប្រព័ន្ធទឹកសាធារណៈ។ នៅតាមគ្រប់ប្រព័ន្ធបង្ហូរទឹកទាំងឡាយ ខ្ញុំសង្កេតឃើញថា ទឹកមានសភាពថ្លាល្អ និងពុំមានក្លិនស្អុយសោះឡើយ។ នៅកន្លែងខ្លះខ្ញុំឃើញមានគេអង្គុយស្ទូចត្រីទៀតផង។

*ទី៥៖ កែរលំអរប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គម តាមរយៈការផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព ជូនដល់ប្រជាជនគ្រប់រូបដើម្បីទទួលបានការព្យាបាលស្មើភាពគ្នា ប្រកបដោយគុណភាពនិងគុណធម៌។

សរុបសេចក្តីមក ខ្ញុំពិតជាមានមោទនភាព និងសេចក្តីរំភើបក្រៃលែងដែលថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា និងប្រទេសចិន មានចំណងមិត្តភាព និងសាមគ្គីភាព រឹងមាំដូចបងប្អូន ដែលធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរ មានឱកាសរៀនសូត្រពីគ្នាទៅវិញ ទៅមក និងទទួលបានជំនួយកសាងលើគ្រប់វិស័យសម្រាប់កម្ពុជា ពីរដ្ឋាភិបាលចិន។

ម្យ៉ាងវិញទៀតរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងជីវភាពរបស់ប្រជាជនមានការកើនឡើងច្រើន ដោយសារមានការជួយគាំទ្រល្អ ពីប្រទេសចិន។ លើសពីនេះទៀត ប្រជាជននៃប្រទេសទាំងពីរមានវប្បធម៌ សាសនាប្រពៃណី និងអត្តចរិកថ្លៃថ្នូ ស្លូតបូតស្រដៀងគ្នា ទើបធ្វើឲ្យចំណងមិត្តភាព កាន់តែស្ថិតស្ថេរជាអមតៈ។ ខ្ញុំពិតជាស្រឡាញ់អ្នកដឹកនាំ នៃប្រទេសទាំងពីរខ្លាំងណាស់ និងស្រឡាញ់ប្រទេសចិន និងចង់មានឱកាសម្តងហើយម្តងទៀត ទៅសិក្សារៀនសូត្រឲ្យបានកាន់ច្រើននៅប្រទេសចិន។

ដោយ៖ ឃុន ម៉ៅ មន្ទីរសុខាភិបាលខេត្តកំពត ក្រសួងសុខាភិបាលកម្ពុជា។ អត្ថបទនេះមកពីការប្រកួតប្រជែងអត្ថបទអំពី «រឿងព្រេងប្រទេសចិនរបស់ខ្ញុំ» ដែលរៀបចំដោយការិយាល័យទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា៕