(ភ្នំពេញ)៖ បន្ទាប់ពីមានក្រុមអាជីវករសត្តឃាតដ្ឋានមួយចំនួន នៅក្រុងសួង ខេត្តត្បូងឃ្មុំ បានភាន់ច្រឡំចំពោះមន្ត្រីពន្ធដារ នៅសាខាពន្ធដារខេត្តត្បូងឃ្មុំ ក្នុងការប្រមូលពន្ធលើអាជីវកម្ម ដែលមានផលរបរចាប់ពី២៥០លានរៀលក្នុងមួយឆ្នាំ ដោយពួកគាត់យល់ថា ការប្រមូលពន្ធលើអាជីវកម្មរបស់មន្ត្រីពន្ធដារ ជាការប្រមូលពន្ធសត្តឃាត ហើយខណៈពន្ធនេះត្រូវបានរាជរដ្ឋាភិបាលលុបចោលនោះ, នៅពេលនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់យ៉ាងច្បាស់ថា ពន្ធសត្តឃាតត្រូវបានលុបចោល នៅឆ្នាំ២០១៨ ប៉ុន្តែអាជីវកម្មសត្តឃាតដ្ឋាន ដែលមានផលរបរប្រចាំឆ្នាំ ចាប់ពី២៥០លានរៀលឡើងទៅ ត្រូវបង់ពន្ធស្របតាមច្បាប់។

សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ពន្យល់ថា ពន្ធសត្តឃាត គឺជាប្រភេទពន្ធមួយ ក្នុងចំណោមប្រភេទពន្ធផ្សេងទៀត ដែលបានអនុវត្តនៅកម្ពុជា ដែលបានបង្កើតឡើងដោយច្បាប់ស្តីពី ការបង្កើតពន្ធសត្តឃាត ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៩១ របស់ក្រុមប្រឹក្សារដ្ឋនៃកម្ពុជា។ ពន្ធសត្តឃាត ត្រូវបានប្រមូលលើ គ្រប់សមាសភាពសេដ្ឋកិច្ច ដែលពិឃាតសត្វគោ ក្របី ជ្រូក ប៉ុន្តែពន្ធសត្តឃាតនេះ ត្រូវបានលុបចោល ដោយច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ក្នុងន័យជួយលើកកម្ពស់ជីវភាព និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ លើម្ហូបអាហារប្រចាំថ្ងៃ និងជួយជំរុញការងាររបស់ប្រជាពលរដ្ឋដែលប្រកបមុខរបរក្នុងវិស័យចិញ្ចឹមសត្វ។

អគ្គនាយកដ្ឋានពន្ធដារ បានពន្យល់ទៀតថា ការលុបចោលពន្ធសត្តឃាតនេះ គឺជាការលុបចោលប្រភេទពន្ធមួយ ក្នុងចំណោមប្រភេទពន្ធ ដែលទាក់ទិននឹងអាជីវកម្មសត្តឃាតដ្ឋាន (កន្លែងពិឃាតសត្វ គោ ក្របី ជ្រូក) តែប៉ុណ្ណោះមិនមែនមានន័យថា អាជីវកម្មសត្តឃាតដ្ឋាន ត្រូវរួចផុតពីកាតព្វកិច្ចបង់ពន្ធ-អាករ គ្រប់ប្រភេទនោះទេ។

យោងតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៥/២០១៦ របបកំណត់ពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់ជារបបស្វ័យប្រកាស ដែលបែងចែក អ្នកជាប់ពន្ធជាបីប្រភេទ គឺអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ។

យោងតាមប្រកាសលេខ ០២៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្តីពីការកែសម្រួលចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសគឺ៖

១៖ អ្នកជាប់ពន្ធតូច ជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិ ដែលមានផលរបរប្រចាំឆ្នាំ ចាប់ពី២៥០លានរៀល ដល់៧០០លានរៀល។
២៖ អ្នកជាប់ពន្ធមធ្យម ជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំ លើសពី៧០០លានរៀល ដល់៤០០០លានរៀល។
៣៖ អ្នកជាប់ពន្ធធំ ជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី៤០០០លានរៀល។

ចំពោះអ្នកជាប់ពន្ធទាំងឡាយណា ដែលមានផលរបរ ស្ថិតក្នុងចំណាត់ថ្នាក់ទាំងបីខាងលើ ត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធប្រចាំខែ និងប្រចាំឆ្នាំដែលទាក់ទិន នឹងអាជីវកម្មរបស់ខ្លួនដូចជា៖

ទី១៖ កាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែរួមមាន៖
* ប្រាក់រំដោះពន្ធលើប្រាក់ចំណួល អាករលើការស្នាក់នៅ អាករពិសេសលើទំនិញ និងសេវាមួយចំនួន អាករបំភ្លឺសាធារណៈ និងពន្ធអាករដទៃទៀត
* ពន្ធលើប្រាក់បៀវត្ស
* ពន្ធកាត់ទុកទូទៅ
* អាករលើតម្លៃបន្ថែម

ទី២៖ កាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំឆ្នាំរួមមាន៖
* ពន្ធលើប្រាក់ចំណូល
* ពន្ធប៉ាតង់
* ពន្ធតែមប្រី ស្លាកយីហោអាជីវកម្ម និងផ្ទាំងផ្សាយពាណិជ្ជកម្ម (ប្រសិនបើមាន)
* ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ប្រសិនបើមាន)
* ពន្ធលើអចលនទ្រព្យ (ប្រសិនបើមាន) ។

អគ្គនាយកដ្ឋានពន្ធដារសង្កតធ្ងន់ថា «អាជីវកម្មគ្រប់ប្រភេទ រួមទាំងអាជីវកម្មសត្តឃាតដ្ឋានផងដែរ ឲ្យតែមានផលរបរប្រចាំឆ្នាំចាប់ពី២៥០លានរៀល ឡើងទៅ ត្រូវមានកាតព្វកិច្ចបង់ពន្ធប្រចាំខែ និងប្រចាំឆ្នាំស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។ ដោយឡែក អាជីវកម្មទាំងឡាយណា ដែលមានផលរបរប្រចាំឆ្នាំ ក្រោម២៥០លានរៀល មិនតម្រូវឲ្យបំពេញកាតព្វកិច្ចបង់ពន្ធប្រចាំខែ និងប្រចាំឆ្នាំឡើយ»