(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានទាញការកត់សម្គាល់ថា «សុខសន្តិភាព» និងស្ថេរភាពនៅក្នុងសង្គមកម្ពុជា បានក្លាយទៅជាកត្តាចម្បងមួយជួយបង្កើនទំនុកចិត្តដល់អ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលទើបតែនឹងសាងសង់រួច នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

ក្នុងពិធីនោះលោក ប៉ាន សូរស័ក្តិ បានកោតសរសើរក្រុមហ៊ុនតូយ៉ូតា ដែលបានពង្រីកសាខាជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៥ ហើយកាន់តែពិសេសនោះ គឺនៅឆ្នាំ២០២០ ក្រុមហ៊ុនបានសម្ពោធអគារស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។

លោករដ្ឋមន្ត្រី បានលើកឡើងថា ការវិវឌ្ឍន៍ និងរីកចម្រើនរបស់ក្រុមហ៊ុនតូយ៉ូតា ក៏ដូចជាវិស័យឯកជនទូទៅ បានឆ្លុះបញ្ជាំងជាក់ស្ដែងពីការអនុវត្តន៍គោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

«សន្តិភាព គឺជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាដល់ការទាក់ទាញវិនិយោគទុនពីក្រៅប្រទេស។ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ។ បច្ចុប្បន្នដោយសារសន្តិភាព ទើបប្រជាជនកម្ពុជាមានជីវភាពកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្ដើមចេញពីនោះ តម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជាក៏មានការកើនឡើង រាប់ទាំងតម្រូវការប្រើប្រាស់យានយន្តជាមធ្យោបាយធ្វើដំណើរ។ ដូច្នេះសូមអរគុណសន្តិភាព និងការអភិវឌ្ឍ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ក្នុងឱកាសនោះជួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន នៅឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណជាង ១,៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុននូវទំនិញសក្ដានុពលមួយចំនួន មានដូចជាសម្លៀកបំពាក់ស្ត្រី ស្បែកជើង ខ្សែអ៊ីស៊ូឡង់ និងបរិក្ខារអគ្គិសនី ក្នុងទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិក។ រីឯជប៉ុនបាននាំចូលមកកម្ពុជានូវទំនិញសក្តានុពល ដូចជា យានយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សំបកកង់ និងផលិតផលប៉្លាស្ទិច ជាដើម មានទំហំទឹកប្រាក់ប្រមាណ ៥០៩ លានដុល្លារអាមេរិក។

ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេសកសិឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដោយបានបង្កើតយន្តការកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន។

ជាមួយគ្នានេះ កម្ពុជា-ជប៉ុនកំពុងស្ថិតក្នុងដំណើរការនៃការចរចាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ លើសពីនោះ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយអង្គការ JETRO ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្មរវាងភាគី ទាំងពីរកម្ពុជា-ជប៉ុន សំដៅ៖ ១) ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនក្នុងវិស័យពាណិជ្ជកម្ម ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និង ២) លើកកម្ពស់បរិយាកាសវិនិយោគ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុនឲ្យធ្វើអាជីវកម្មនៅកម្ពុជា៕