(ភ្នំពេញ)៖ អតីតបុគ្គលិកបម្រើការងារ នៅសណ្ឋាគារផ្កាយ៥ Great Duke អតីតសណ្ឋាគារ Inter-Continental ដែលបិទទ្វារឈប់ទទួលភ្ញៀវ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ, នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ បានមកជួបជុំគ្នានៅទីស្នាក់អង្គការមួយ ដើម្បីរកវិធីធ្វើយ៉ាងឲ្យម្ចាស់សណ្ឋាគារ ទូទាត់សំណងឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់ស្តីពីការងារជូនពួកគាត់ ឲ្យបានឆាប់។

អតីតបុគ្គលិករបស់សណ្ឋាគារផ្កាយ៥ Great Duke ដែលបានមកជួបជុំគ្នានៅថ្ងៃនេះ មានចំនួន១០២នាក់ ក្នុងចំណោមបុគ្គលិកទាំងអស់១៤៧នាក់ បានបាត់បង់ការងារ ក្រោយសណ្ឋាគារបិទទ្វារ។

ក្រោយការបិទទ្វារ សណ្ឋាគារនេះបានចាត់តាំងការិយាល័យមេធាវី អេចប៊ីអេស (HBS) ឲ្យទទួលដោះស្រាយនូវដំណើរការ នៃការបិទសណ្ឋាគារ រួមទាំងការគិតគូរដោះស្រាយ ពីអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ ទៅតាមផ្លូវច្បាប់ជាធរមាន។

ក្នុងការជួបជុំគ្នាអតីតបុគ្គលិកទាំងអស់នោះ បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធនឹងការងារ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតេជោតែងតែ បារម្ភពីសុខទុក្ខប្រជាពលរដ្ឋ ឲ្យជួយជំរុញការពន្លឿនការដោះស្រាយសំណង ជូនពួកគាត់ស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ខណៈសមាជិកក្រុមគ្រួសារ របស់ពួកគាត់រាប់រយនាក់ កំពុងជួបបញ្ហាខ្វះខាតក្នុងជីវភាព ដោយអ្នកខ្លះត្រូវបង់លុយធនាគារ និងត្រូវផ្គត់ផ្គង់ការចំណាយជីវភាពគ្រួសារប្រចាំថ្ងៃ។

ប្រធានសហជីពរបស់បុគ្គលិកសណ្ឋាគារ Great Duke លោក ទូច កុលស បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះថា ក្នុងដំណោះស្រាយបញ្ហាអតីតបុគ្គលិកសណ្ឋាគារនេះ ខាងសហជីពរបស់លោក បានជួបមេធារីរបស់សណ្ឋាគារចំនួន២ដងមកហើយ គឺលើកទី១ មុនការប្រកាសបិទសណ្ឋាគារ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដែលពេលនោះ មេធាវីបានជូនដំណឹងពីការបិទសណ្ឋាគារ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩តទៅ មិនតម្រូវឲ្យបុគ្គលិកទាំងអស់ឈប់សម្រាក ចាប់ពីពេលនោះមក មិនបាច់ទៅធ្វើការតទៅទៀតទេ សណ្ឋាគារនឹងដោះស្រាយសំណង ជូនតាមផ្លូវច្បាប់។

លោក ទូច កុសល បន្តថា ជំនួបជាមួយមេធាវីសណ្ឋាគារលើកទី២ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ប៉ុន្តែជំនួបនោះមិនបានលទ្ធអ្វីឡើយ ដោយមិនយល់ស្រប តាមការស្នើសុំរបស់អតីតបុគ្គលិក ហើយរហូតដល់ថ្ងៃទី១៨ ខែមករានេះ មានរយៈពេលជាង១០ថ្ងៃហើយ មិនទាន់ទទួលបានដំណឹងថ្មីឡើយ។

ប្រធានសហជីពរូបនេះបានបញ្ជាក់ថា បុគ្គលិករបស់សណ្ឋាគារ ស្នើសុំឲ្យដោះស្រាយសំណងជូនពួកគាត់ចំនួន៤ចំណុច៖ ១៖ស្នើសុំឲ្យដោះស្រាយសំណង អតីតភាពការងារមុនឆ្នាំ២០១៩ ដែលមានក្នុងមាត្រា៩១នៃច្បាប់ការងារ, ២៖ ទាមទារសំណងជំងឺចិត្ត ដែលមានក្នុងច្បាប់ការងារមាត្រា៨៩, ៣៖ ទាមទារឲ្យផ្តល់នូវប្រាក់ជូនដំណឹង ដែលមានក្នុងមាត្រា៧៥នៃច្បាប់ការងារ និង៤៖ ស្នើឲ្យសុំផ្តល់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។

លោក កុសល បញ្ជាក់ថាអ្វីដែលនៅមិនទាន់ស្របគ្នាពាក់ព័ន្ធការទាមទាររបស់បុគ្គលិកនេះ គឺខាងសណ្ឋាគារថា គេមិនអាចផ្តល់សំណងជំងឺចិត្តបានទេ ដោយសារសណ្ឋាគារក្ស័យធុន ហើយចំពោះការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ឬការបើកប្រាក់រំលឹកអតីតភាពការងារ គឺយកតែប្រាក់ឈ្នួលគោលសុទ្ធសាធមកគណនា ដោយមិនរាប់បញ្ចូលជាមួយប្រាក់បន្ទាប់បន្សំឡើយ និងចំណុចដែលខ្វែងគំនិតគ្នាខ្លាំងនោះ គឺសណ្ឋាគារផ្តល់ប្រាក់សំណង ដោយលក្ខណៈបង់រំលស់ ជា៣ដំណាក់កាល គឺបង់លើទី១ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០, លើកទី២ បង់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែអតីតបុគ្គលិកមិនព្រមឡើយ។

លោក ទូច កុលស តំណាងអតីតបុគ្គលិកទាំង១៤៧នាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងស្នើសុំឲ្យរដ្ឋាភិបាល ជាពិសេសសម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនឹងការងារ ជួយពន្លឿនដោះស្រាយបញ្ហានេះ ព្រោះកម្មករមិនអាចរង់ចាំ ឲ្យសណ្ឋាគារបង់សំណងរំលស់២-៣ដំណាក់កាលទេ គឺទាមទារឲ្យបង់តែម្តងស្រេច និងទូទាត់ទៅតាមផ្លូវច្បាប់ ធ្វើយ៉ាងណាឲ្យបានឆាប់រហ័ស ព្រោះពួកគាត់ដាច់លុយខ្លាំងមែនទែនហើយ មិនទាន់បានរកការងារធ្វើបានធ្វើនោះទេ អ្នកខ្លះជំពាក់លុយធនាគារ ជំពាក់លុយថ្លៃបង់ផ្ទះ អត់លុយទិញទឹកដោះគោឲ្យកូន និងត្រូវការចំណាយលើម្ហូបអាហារប្រចាំថ្ងៃសព្វបែបយ៉ាង»។

លោកបានឲ្យដឹងថា មានបុគ្គលិកម្នាក់ ឈ្មោះ ទាវ សំអូន មិនដឹងជាយ៉ាងម៉េច បន្ទាប់ពីសណ្ឋាគារនេះបិទ គាត់ក៏ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ទើបធ្វើបុណ្យ៧ថ្ងៃរួចកាលពីម្សិលម្ងៃថែមទៀត។

សូមជម្រាបថា សណ្ឋាគារផ្កាយ៥ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

អ្វីដែលគេនៅចងចាំនោះ គឺសណ្ឋាគារនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកដំបូង កាលពីឆ្នាំ២០០២ ដែលទទួលបដិសណ្ឋារកិច្ចមេដឹកនាំធំៗមួយចំនួន។