(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត ៥០០នាក់ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានសម្ដែងការសប្បាយចិត្ដ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានចុះមកពិនិត្យព្យាបាលជំងឺពលរដ្ឋ ដោយគិតថ្លៃ ជាពិសេស ចុះមកព្យាបាលនៅជិតៗផ្ទះរបស់ពួកគាត់តែម្ដង។

ប្រជាពលរដ្ឋដែលមកពិនិត្យសុខភាពនៅទីនោះ បានលើកឡើងស្រដៀងៗគ្នាថា ការចុះមកពិនិត្យព្យាបាលជំងឺនេះ បានជួយផ្ដល់ភាពងាយស្រួលច្រើនណាស់ដល់ពួកគាត់ ផ្ដល់ឱកាសបានព្យាបាល ហើយចំណេញទាំងពេលវេលាធ្វើដំណើរ ជាពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានយកចិត្ដទុក្ខដាក់ខ្ពស់ ហើយមិនអស់ថវិកាទៀត។

ដូច្នេះប្រជាពលរដ្ឋនៅសង្កាត់ឃ្មួញបានស្នើសុំ ឱ្យរដ្ឋមន្រី្ដក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បន្ដចាត់មន្ដ្រី និងក្រុមគ្រូពេទ្យ ចុះមកផ្ដល់សេវាសុខភាពជូនពួកគាត់ នៅលើកក្រោយៗទៀត។

ជាការឆ្លើយតប លោក វ៉េង ថៃ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ និងលោកវេជ្ជបណ្ឌិត ងី មានហេង តំណាងរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ដឹកនាំក្រុមគ្រូពេទ្យចុះមកពិនិត្យព្យាបាល សុខភាពជូនពលរដ្ឋ ដោយឥតគិតថ្លៃនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានថ្លែងថា ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ នឹងបន្ដចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋយើង នៅខែក្រោយទៀត។

ជាពិសេសផ្តើមចេញពីការពិនិត្យព្យាបាលជំងឺថ្ងៃនេះ គឺក្រុមការងារនឹងធ្វើជាផែនការរួមមួយ សម្រាប់ទប់ទល់ ឬក៏ប្រឆាំង ការពារនូវជំងឺផ្សេងៗដែលបងប្អូនជួបប្រទះច្រើនជាងគេ។
ជាក់ស្ដែង នៅខែនេះ មានជំងឺរាគកើតឡើងច្រើន ដូចនេះក្រុមការងារធ្វើផែនការចុះអប់រំសុខភាពជូនបងប្អូន ឬក៏ទប់ស្កាត់នូវជំងឺរាគ ព្រោះថាជំងឺរាគ គឺវាផ្តើមចេញពីការបរិភោគគ្មានអនាម័យ។

ក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចេះថែរក្សាសុខភាព និងអនាម័យជាចម្បង ដើម្បីចៀសវាងពីជំងឺផ្សេង និងត្រូវសម្អាតបរិស្ថាននៅជុំវិញលំនៅឋាន ដែលខ្លួនរស់នៅផងដែរ។

ជាមួយគ្នានេះដែរ វ៉េង ថៃ ក៏បានបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលយកចិត្តទុកដាក់ក្នុងការការពារសុខភាពជូនប្រជាជនយើង។ កន្លងមកដោយសារតែសុខសន្តិភាពហើយ បានជាយើងមានថ្ងៃនេះ។ អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង ទឹក និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ បានថ្កុំថ្កើង រុងរឿងជាបណ្តើរៗ។ ដូច្នេះបងប្អូនទាំងអស់រួមគ្នាថែរក្សាសន្តិភាពនេះ នឹងត្រូវដឹងគុណ និងអរគុណថ្ងៃ៧ មករា ១៩៧៩ និងអរគុណសន្តិភាព៕