(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន២ករណី ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៧នាក់ និងដកហូតបានថ្នាំញៀនមួយចំនួន។

ប្រតិបត្តិការជាបន្ដបន្ទាប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការផងដែរ។

របាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមករានេះ បានឲ្យដឹងថា
ទីតាំងទី១ សមត្ថកិច្ចចុះបង្ក្រាបនៅចំណុចក្រុម៨ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់។ ក្នុងនោះ ចាប់យកវត្ថុតាងរួមមាន ម្សៅសថ្លាចំនួន២៧កញ្ចប់, ម្សៅពណ៌សចំនួន៣៨កញ្ចប់, ថ្នាំកញ្ចប់ពណ៌ក្រហម (ថ្នាំគ្រវី) ចំនួន១៩៦កញ្ចប់, ថ្នាំគ្រាប់ចំនួន៤បន្ទះ, ដបជក់ចំនួន១, ម៉ាស៊ីនផលិតថ្នាំញៀន ចំនួន១ឈុត, រថយន្ត ចំនួន២គ្រឿង, ម៉ូតូចំនួន៥គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿង។

ដោយឡែកទីតាំងទី២៖ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចក្រុម៦ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ចាប់យកវត្ថុតាងរួមមាន ដបជក់ចំនួន៤, ដែកកេះចំនួន២ និងខ្សៀជក់ចំនួន១។ ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ជាមួយនឹងលទ្ធផលនៃប្រតិបត្តិការនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បញ្ជាក់ថា លោក គួច ចំរើន ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានផ្ដល់រង្វាន់លើកទឹកចិត្តដល់កម្លាំងកងរាជអាវុធហត្ថខេត្តរបស់លោកផងដែរ៕