(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នេះ បានទទួលជួបលោក Tran Ngoc Thuan ប្រធានសម្ព័ន្ធកៅស៊ូវៀតណាម (VRG) និងសហការី ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យកៅស៊ូ ដែលជំនួបនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។

លោក Tran Ngoc Thuan បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងល្អប្រសើរចំពោះផែនការវិនិយោគដាំដុះ និងកែច្នៃកៅស៊ូរបស់សម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានធ្វើការរាយការណ៍អំពីស្ថានភាព និងវឌ្ឍនភាពដែលសម្ព័ន្ធសម្រេចបានជូនដល់រដ្ឋមន្ត្រីជ្រាបថា ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ផ្ទៃដីចៀរជ័រកៅស៊ូដែលសម្ព័ន្ធសម្រេចបានគឺជាង ៤.៧ម៉ឺនហិកតាទទួលបានផលជ័រកៅស៊ូប្រមាណជា ៥០ពាន់តោន។ សម្រាប់ឆ្នាំ២០២០ សម្ព័ន្ធនឹងពង្រីកផ្ទៃដីចៀរជ័ររហូតដល់ ៦.៥ម៉ឺនហិកតាសម្រាប់ធ្វើការកែច្នៃក្នុងរោងចក្រកែច្នៃកៅស៊ូរបស់សម្ព័ន្ធនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានស្វាគមន៍ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈក្នុងការអនុវត្តផែនការវិនិយោគសម្បទានដីសេដ្ឋកិច្ចដាំដុះកៅស៊ូនៅកម្ពុជារបស់សម្ព័ន្ធកៅស៊ូវៀតណាម ទទួលបានជោគជ័យគួរឲ្យសរសើរ ក្រោមម្លប់សន្តិភាពដែលរាជរដ្ឋាភិបាលបានបង្កើតឡើង។

ហើយដើម្បីបន្តអភិវឌ្ឍន៍វិស័យកៅស៊ូជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា សម្ព័ន្ធនឹងបន្តផ្តល់កិច្ចសហការយ៉ាងល្អប្រសើរនេះមកដល់ក្រសួង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសត្រូវបន្តផ្តល់ការគាំទ្រដល់កៅស៊ូគ្រួសារកម្ពុជា ធ្វើយ៉ាងណាជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ឲ្យមានភាពរីកចម្រើន៕