(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកោះកុង បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមគ្គទេសក៍ដ៏ឆ្នើម ដែលបានអភិវឌ្ឍធនមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលសេសសល់ពីការកាប់សម្លាប់នៅក្នុងរបរខ្មែរក្រហម។

ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា នៅខេត្តកោះកុង ដោយមានការចូលរួម ពីសំណាក់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្រ្តីក្រោមឱវាទគ្រប់ស្ថាប័នមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សម្តេចពិជ័យសេនាបានថ្លែងថា តាមរយៈការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតជោ ហ៊ុន សែន នេះហើយ សូមប្រជាពលរដ្ឋកម្ពុជា ត្រូវជឿជាក់ទៅលើសម្ដេច ដែលបានដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើន និងអភិវឌ្ឍគ្រប់វិស័យ និងបង្កើនធនធានមនុស្សឱ្យមានភាពរីកចម្រើន ដើម្បីលើកស្ទួយប្រទេសជាតិ ឱ្យមានការរីកចម្រើននៅលើឆាកអន្តរជាតិ។

សម្តេចពិជ័យសេនា ស្នើឲ្យបងជនរួមជាតិសាមគ្គីគ្នា ក្រោមដំបូលសន្តិភាព ថែរក្សាជាតិសាសនា និងព្រះមហាក្សត្រ ដើម្បីអនាគតប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរ ពីរបបខ្មៅងងឹតឱ្យរស់ឡើងវិញ ពីការកាប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់អស់ជាង៣លាននាក់ ក្រោមស្នាដៃឃោរឃៅនៃរបបប្រល័យពូជសាសន៍ «ប៉ុល ពត»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទិវា៧មករា មិនត្រឹមជាព្រឹត្តិការណ៍ ដើម្បីរំលឹកឱ្យយើងចងចាំថ្ងៃរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ កម្លាំងស្នេហាជាតិរណសិរ្ស២ធ្នូ និងការជួយគាំទ្រពីប្រទេសជាមិត្តប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍បង្ហាញពីមហាសាមគ្គី និងការប្ដេជ្ញាចិត្តដ៏មោះមុត របស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាពជាអចិន្ត្រៃយ៍ ដើម្បីនាំនាវាកម្ពុជា រកការរីកចម្រើនរុងរឿងកាន់តែឆាប់រហ័ស៕