(ភ្នំពេញ)៖ ករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងនៅយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម Facebook។

រហូតមកដល់រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនដៃដល់ដែលជាអ្នកបាញ់ប្រហារស្ដ្រីរងគ្រោះខាងលើ គឺជាគូដណ្ដឹងរបស់នាង ដែលពួកគេទើបនឹងភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុន ហើយប្រភពព័ត៌មានខ្លះទៀតបានអះអាងថា ពួកគេមានគម្រោងរៀបការជាមួយគ្នា នៅខែមីនា ឆ្នាំ២០២០ខាងមុខនេះ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនដៃដល់ដែលបាញ់នារីជាគូដណ្ដឹងនេះ គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ មានឈ្មោះ យឺន វ៉ាន់ដេត ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ។ ប៉ុន្ដែប្រភពព័ត៌មានខ្លះទៀតថា ជនដៃដល់មិនបានបាញ់ជនរងគ្រោះនោះទេ ពោលមុនពេលកើតហេតុ ពួកគេប្រលែងគ្នាលេងហើយក៏រាកៃកាំភ្លើង។

បើតាមរបាយការណ៍របស់មន្ដ្រីនគរបាលបានឲ្យដឹងថា ស្ដ្រីជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

មន្ដ្រីនគរបាលបានបន្ថែមទៀតថា បើតាមការឲ្យដឹងពីប្រជាពលរដ្ឋមូលដ្ឋាន នៅមុនពេលកើតហេតុគេបានលឺសម្លេងស្រែកឆោឡោ ហើយគេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថាជាគូដណ្ដឹងរបស់ជនរងគ្រោះ បានបីនាងចេញមកក្រៅផ្ទះ ដោយសភាពហូរឈាមស្រោចពេញខ្លួនមិនដឹងថា មានរឿងអ្វីនោះទេ តែមុននេះគេលឺសំឡេងផ្ទុះអាវុធមួយគ្រាប់។

ភ្លាមៗនោះអ្នកជិតខាងបានជួយដឹកនារីរងគ្រោះ ជាមួយបុរសខាងលើយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ហើយអ្នកជិតខាងមិនដឹងថា នារីខាងលើរងរបួសដោយសារមូលហេតុអ្វីនោះទេ ពេលជូនទៅមន្ទីរពេទ្យស្រាប់តែឃើញរបួស ត្រូវគ្រាប់កាំភ្លើងនៅត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេង តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេក នារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ភ្លាមៗបុរសដែលជាគូបណ្ដឹង ក៏បានរត់គេចខ្លួនបាត់។

យ៉ាងណាក៏ដោយ ជុំវិញករណីឃាតកម្មមួយនេះ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងតែបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅចាប់ខ្លួនជនបង្កឲ្យមកទទួលទោសតាមផ្លូវច្បាប់៕