(តាកែវ)៖ រដ្ឋបាលស្រុកអង្គរបូរី ខេត្តតាកែវ បានចេញលិខិតបំភ្លឺ និងច្រានចោលទាំងស្រុង នូវព័ត៌មានដែលចុះផ្សាយថា ដីស្រែប្រាំងនៅស្រុកអង្គរបូរី ជាង៣ពាន់ហិកតា ត្រូវបានជួលឲ្យជនជាតិវៀតណាម ផ្ទុយពីគោលការណ៍រាជរដ្ឋាភិបាល។ នេះបើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

រដ្ឋបាលស្រុកអង្គរបូរី បានអះអាងថា ស្រុកអង្គរបូរី មានព្រំប្រទល់ជាប់សាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រវែងប្រមាណ៨គីឡូម៉ែត្រ ដែលលិចទឹក៦ខែ ហើយតាមរូបភាពបានបង្ហោះមួយចំនួន មិនមាននៅក្នុងទឹកដីស្រុកអង្គរបូរីនោះទេ។

បើតាមសេចក្ដីបំភ្លឺ អាជ្ញាធរស្រុកមិនបានបណ្ដែតបណ្ដោយឲ្យមានការជួលដីស្រែប្រាំង នៅតាមបណ្ដោយព្រំដែន និងមិនមានការជួលដីឲ្យទៅជនជាតិវៀតណាម នៅឃុំគោកធ្លក ដូចការចុះផ្សាយនោះដែរ៕