(ភ្នំពេញ)៖ ទេសចរណ៍ គឺជាវិស័យអាទិភាពមួយដែលត្រូវបានពិភពលោកចាត់ទុក «ជាមាសបៃតង»។ ព្រោះវិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល។ បន្ថែមលើនេះវិស័យទេសចរណ៍ បានជំរុញការនាំចេញនៅនឹងកន្លែង ហើយបានទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិផងដែរ។ វិស័យទេសចរណ៍បានចូលរួមកាត់បន្ថយភាពក្រីក្រ ពិសេសឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុដែលជាបញ្ហាប្រឈមជាសាកល។

តួយ៉ាងប្រទេសកម្ពុជា បានទទួលប្រាក់ចំណូលដល់ទៅ៤,៣៧៥លានដុល្លារ កាលពីឆ្នាំ២០១៨កន្លងទៅពីវិស័យទេសចរណ៍។ ក្រោយពីកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណជាង៦លាន២សែននាក់។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុប ភ្ញៀវទេសចរចិនគឺស្ថិតនៅលំដាប់លេខរៀងទី១ ដែលមានចំនួន១.៩លាននាក់ ស្មើនឹង៣០ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។

នៅក្នុងឆ្នាំ២០១៩នេះ ភ្ញៀវទេសចរចិន នៅតែស្ថិតនៅកំពូលតារាងភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេទាំង១០ ហើយអាចកើនដល់២លាន៥សែននាក់។ ខណៈដែលភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាច្រើនជាងគេ បន្ទាប់ពីភ្ញៀវទេសចរចិន រួមមាន វៀតណាម ថៃ ឡាវ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី បារាំង និងអង់គ្លេស។

កត្តាសំខាន់ៗចំនួន២ ដែលជម្រុញឲ្យចំនួនភ្ញៀវទេសចរជនជាតិចិន មកកំសាន្តនៅកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះរួមមាន៖ គោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិ និងទេសចរណ៍ក្នុងគោលដៅវិនិយោគជាដើម។ នេះបើតាមការបង្ហាញពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃកម្ពុជា។

លោក ថោង ខុន បញ្ជាក់យ៉ាងដូច្នេះថា៖ «ជាទូទៅទេសចរដែលគាត់មានបំណងល្អ គាត់មកត្រឹមត្រូវតាមច្បាប់របស់គាត់ គាត់ពេញចិត្តក្នុងការទស្សនាកម្ពុជារបស់យើង ណាមួយចង់មើលអង្គរ មកភ្នំពេញសម្រាប់អ្នកមកវិនិយោគ នរណាក៏មកមើលព្រះបរមរាជវាំង សារមន្ទីរជាដើម។ ឥឡូវគាត់ក៏មាននិន្នាការថ្មីមួយក្នុងការទស្សនាតំបន់ អេកូទេសចរណ៍ដែរ។ ព្រោះគាត់កាន់តែមានការយល់ដឹងលើផ្នែកបរិស្ថាននេះ កាលណាដែលគាត់បានទៅដល់ទីតាំងនោះគាត់បានរួមចំណែកក្នុងការការពារបរិស្ថាន។ ព្រោះនៅពេលដែលលុយរបស់គាត់បានចាយទៅ បានទៅដល់ដៃសហគមន៍ ហើយសហគមន៍នឹងបានកម្រៃពីទេសចរណ៍នេះ ហើយសហគមន៍នឹងខិតខំរៀបចំការពារធនធានធម្មជាតិ និងវប្បធម៌នៃសហគមន៍របស់គាត់។ អីចឹងបច្ចុប្បន្នយើងឃើញនិន្នាការនៃការទស្សនាតំបន់អេកូទេសចរណ៍ គឺមិនមែនតែនៅអង្គរវត្ត តំបន់សមុទ្រ ឬនៅភ្នំពេញនោះទេ»

ចំនួនភ្ញៀវទេសចរចិនមិនមែនមានការកើនឡើងតែក្នុងប្រទេសកម្ពុជានោះទេ តែជាការកើនឡើងជាសកល។ ព្រោះតែចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រជាជនចិន និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ពលរដ្ឋចិនទូទាំងប្រទេសផ្ទាល់។ យោងតាមការព្យាករណ៍អង្គការទេសចរណ៍ពិភពលោកបានព្យាករណ៍ថា ចំនួនប្រជាជនចិន នៅក្នុងចំណោម១ពាន់លាននាក់ នឹងមាន៣០០លាននាក់អាចចេញធ្វើដំណើរកំសាន្តបាន។ តួរយ៉ាងនៅក្នុងឆ្នាំ២០១៩ នេះចំនួនប្រជាជនចិន ត្រូវបានអង្គការទេសចរណ៍ពិភពលោក បានព្យាករណ៍ថា ប្រជាជនចិនអាចបានចេញធ្វើដំណើរកំសាន្តរហូតដល់ទៅ១៥០លាននាក់។

ចំនួនភ្ញៀវទេសចរចិនដែលប្រទេសជាច្រើននៅលើពិភពលោកកំពុងទាក់ទាញឲ្យទៅកាន់ប្រទេសរបស់ខ្លួននោះ បានចូលមកកំសាន្តនៅកម្ពុជា ប្រមាណ២លាន២ម៉ឺននាក់ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបជាង ៥លាន ២សែននាក់។ ចំនួននេះគិតត្រឹមរយៈពេល១០ខែ នៃឆ្នាំ២០១៩ ពោលគឺគិតពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩ប៉ុណ្ណោះ។ ហើយបើយើងគិតនៅក្នុងរយៈពេល១០ដូចគ្នានិងឆ្នាំ២០១៨ កម្ពុជាមានភ្ញៀវអន្តរជាតិសរុបកើនឡើងរហូតដល់ ៩.៧ភាគរយ។ ចំនួនភ្ញៀវទេសចរចិនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានក្រសួងទេសចរណ៍បានព្យាករណ៍ថានៅក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនអានមកកម្សាន្តនៅកម្ពុជាប្រមាណ២លាន៥សែននាក់។

ភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើជួយកម្ពុជាបង្កើតការងារបានពលរដ្ឋបានប្រមាណ៦២ម៉ឺននាក់ដោយផ្ទាល់ និងរាប់លានការងារដោយប្រយ៉ោលបន្ថែមទៀត។ ហើយវិស័យទេសចរនេះទៀតសោធបានរួមចំណែកក្នុងការផលិតផលក្នុងស្រុកសរុបប្រមាណ ១២.៧ភាគរយនៅក្នុងឆ្នាំ២០១៨។

យ៉ាងណាមិញភ្ញៀវទេសចរចិន គឺជាប្រភេទភ្ញៀវដែលចូលចិត្តទំនិញដែលមានគុណភាព មានស្តង់ខ្ពស់។ ស្របទៅតាមគោលនយោបាយថ្មីដែលអង្គការទេសចរណ៍ពិភពលោក កាលពីឆ្នាំ២០១៣កន្លងទៅថា គ្រប់ប្រទេសទាំងអស់គួរអនុវត្តន៍គោលនយោបាយ China Ready ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឲ្យមកកំសាន្តនៅប្រទេសខ្លួនកាន់តែច្រើន។ ដោយគោលនយោបាយបាននេះ រាប់ចាប់តាំងពីការបដិសណ្ឋារកិច្ចនៅព្រលាន្តយន្តហោះ រហូតដល់សណ្ឋាគារ។

ដោយអ្នកទទួលបដិសណ្ឋារកិច្ចត្រូវចេះនិយាយភាសាចិន និងរាល់ទម្រង់បំពេញឯកសារផ្សេងៗក្រៅពីមានភាសាជាតិនៃប្រទេសនីមួយៗ ត្រូវមានភាសាអង់គ្លេស និងភាសាចិនបន្ថែមទៀត។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ទេសចរចិនគឺជាទេសចរដែលមកចាយលុយច្រើន ហើយគាត់ក៏ត្រូវការសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាពដែរ។ ហើយបើចង់ទទួលភ្ញៀវទេសចរចិនច្រើនត្រូវតែធ្វើបែបនេះ។ ធ្វើបដិសណ្ឋារកិច្ចឲ្យល្អ និងសេវាប្រកបដោយប្រសិទ្ធភាពដល់ទេសចរចិន។ ព្រោះនេះគឺជាទីផ្សារទេសចរមួយដ៏ធំ និយាយដូច្នេះមិនមែនថាយើងមិនធ្វើកិច្ចការងារសម្រាប់ទីផ្សារដទៃទៀតទេ ហើយគោលនយោបាយរបស់យើងគឺយើងទទួលភ្ញៀវទេសចរពីគ្រប់ទីសទីទាំងអស់ មិនមែនតែទេសចរណ៍ចិននោះទេ គ្រាន់តែទេសចរណ៍ចិនជាទីផ្សារមួយដ៏ធំ ដែលយើងត្រូវខិតខំធ្វើយ៉ាងមិចឲ្យទីផ្សារនេះទទួលបានការពេញចិត្តហើយគេយកលុយមកចាយស្រុកយើងបានល្អ»។

ជាការពិតណាស់ទេសចរណ៍ក្រៅពីទាក់ទាញនូវចំណូលជាតិយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំនោះ ទេសចរណ៍ក៏អាចនាំមកនូវផល អវិជ្ជមានចំនួន៣ដូចៗគ្នាផងដែរនៅលើពិភពលោក ក្នុងនោះគឺបញ្ហាគ្រឿងញៀន ឧក្រឹដ្ឋកម្ម និងអំពើជួញដូរផ្លូវភេទ។ តែអ្វីដែលកម្ពុជាអាចធ្វើបានគឺការរឹតបន្តឹងច្បាប់ដែលមានស្រាប់នៅក្នុងប្រទេស។ ព្រមជាមួយការបង្កើតនូវក្រមសីលធម៌ផ្សេងៗ ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរដែលមកកំសាន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោករដ្ឋមន្រ្តីក្រសួងទេសចរ។

«ទេសចរណ៍គឺតែងតែនាំមកនូវផល់វិជ្ជមាន និងអវិជ្ជមាន នៅទីណាក៏មានផលប៉ះពាល់ទាំង២នេះដែរ មិនថាតែទេសចរចិននោះទេ សំខាន់ស្ថិតនៅលើការគ្រប់គ្រងដោយច្បាប់។ ព្រោះថារដ្ឋាភិបាលចិន ឯកអគ្គរដ្ឋទូតចិនក៏គាត់បានប្រកាស់ប្រាប់ហើយថារស់នៅប្រទេសខ្មែរគឺត្រូវគោរពតាមច្បាប់របស់ប្រទេសខ្មែរ។ អីចឹងយើងបានខិតខំធ្វើការងារនេះខ្លាំងណាស់ ខាងសមត្ថកិច្ចយើងនៅគោលដៅក្រុងព្រះសីហនុអី យើងធ្វើការត្រួតពិនិត្យយើងអនុវត្តន៍ច្បាប់យើងតឹងរឹងបំផុត។ ហើយក៏មានការគាំទ្រពីស្ថានទូតចិនពីរាជរដ្ឋាភិបាលចិនលើកិច្ចការងារនេះផងដែរ។ នេះគឺជារឿងមួយដែលយើងមិនអាចមើលរំលងបានទេ ទេសចរណាក៏ដោយក៏ត្រូវតែអនុវត្តន៍ច្បាប់របស់យើង។

ហើយខាងគេក៏បានអប់រំប្រជាពលរដ្ឋរបស់គេដែរ ឲ្យគោរពច្បាប់របស់ប្រទេសយើង។ ហើយយើងត្រូវតែខិតខំដាក់ចេញនូវក្រមប្រតិបត្តិនេះឲ្យគ្រប់គោលដៅទាំងអស់។ យើងខិតខំធ្វើការងារនេះ ប៉ុន្តែបើសិជាការងារដែលប៉ះពាល់ជាអវិជ្ជមាន ប៉ះពាល់ដល់ឆ្នាំយើងតែម្ដងគឺយើងត្រូវគ្រប់គ្រងយ៉ាងម៉ត់ចត់ដោយច្បាប់ ដោយមិនស្ទាក់ស្ទើលើកការងារនេះទេ»

ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានរំពឹងថា ភ្ញៀវទេសចរចិននឹងធ្វើដំណើរមកកម្ពុជាដោយថ្លៃថ្នូរ និងគោរពតាមទំនៀមទំលាប់ប្រពៃណីរបស់ម្ចាស់ប្រទេសសាម៉ី និងសង្ឃឹមថាភ្ញៀវទេសចរចិន នឹងអាចដើរតួរជា «ភ្នាក់ងារមិត្តភាព» ជម្រុញអោយទំនាក់ទំនងវប្បធម៌ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និតថែមទៀតបង្កើតជា «នាមប័ណ្ណប្រទេសចិនមួយ» ក្នុងនោះរួមមានភាពថ្លៃថ្នូរ ការយោគយល់គ្នា និងការជឿជាក់លើខ្លួនឯង និងបង្កើតបានជា «មុខមាត់ដ៏ស្រស់ស្អាតនៃប្រទេសចិន»។ លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនបានលើកឡើងបែបនេះ កាលពីថ្ងៃទីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពិធីចេញផ្សាយនូវគោលការណែនាំ ឬ «ត្រីវិស័យសម្រាប់ប្រជាពលរដ្ឋចិន មកកាន់ប្រទេសកម្ពុជា»ជូនដល់ពលរដ្ឋចិនដែលមកកំសាន្តនៅកម្ពុជា។

ជាមួយគ្នានេះលោក វ៉ាង វិនធាន ក៏បានជម្រុញឲ្យភ្ញៀវទេសចរចិនមកកំសាន្ត និងវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនឡើងផងដែរ «ប្រទេសចិនក៏តែងតែលើកទឹកចិត្ត ដល់ទេសចរណ៍ក៏ដូចជាអ្នកវិនិយោគិនចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ហើយយើងក៏លើកទឹកចិត្ត និងសុំណុំពរដល់ពួកគាត់ឲ្យគោរពច្បាប់ក៏ដូចជាទំនៀមទម្លាប់ ក៏ដូចជាសាសនា របស់ប្រទេសកម្ពុជា ដើម្បីទៅធ្វើជាបេសកជនមិត្តភាពរវាងចិននិងកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត»។

មិនតែប៉ុណ្ណោះស្ថានទូតចិន ក៏បានដាក់ចេញនូវគោលនយោបាយទាក់ទាញភ្ញៀវទេសចរចិនមកកំសាន្ត និងវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២០ឲ្យបាន៣លាននាក់ទៀតផង។ ចំនួននៃភ្ញៀវទេសចរអន្តរជាតិ គ្រប់ជាតិសាសន៍ និងជាពិសេសភ្ញៀវទេសចរចិននេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើការពាក់ព័ន្ធនិងវិស័យទេសចរមានការសប្បាយរីករាយចិត្តយ៉ាងខ្លាំង។

តួយ៉ាងអ្នកស្រី យាង យឺន ដែលជាអាជីវករលក់ដូរគ្រឿងក្លែមបន្តិចបន្តួចនៅតាមឆ្នេរអូរឈើទាលនាពេលរាត្រី បានឲ្យដឹងថា អ្នកស្រីប្រកបរបរនេះជិត១០ឆ្នាំមកហើយ។ កាលពីមិនទាន់មានភ្ញៀវចិនមកច្រើនអ្នកស្រីលក់ដាច់ធម្មតាបន្តិចបន្តួច តែក្រោយពេលមានភ្ញៀវទេសចរចិនមកកំសាន្តនៅតាមឆ្នេរនេះច្រើន ការលក់ដូររបស់អ្នកស្រីក៏បានដាច់ច្រើនជាងមុនផងដែរ។ បានធ្វើឲ្យជីវភាពគ្រួសាររបស់អ្នកស្រីមានភាពប្រសើរឡើងថែមមួយកម្រិត ហើយអ្នកស្រីចង់ឲ្យមានភ្ញៀវទេសចរចិន មកកំសាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។

អ្នកស្រី យាង យឺន បញ្ជាក់យ៉ាងដូច្នេះថា៖ «លក់ដាច់ជាងមុន កាលចិនចូលមកលក់ដាច់។ បានចិនចូលមកយើងលក់ដាច់ដែរ លក់មឹកអីលក់ដាច់ចិនច្រើនជាងខ្មែរយើង»។
ជាការពិតណាស់ទេសចរគឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមអភិរក្សធនធានធម្មជាតិ និងវប្បធម៌។ ម្យ៉ាងវិញទៀតបើទោះជាទេសចរអាចមានផលអវិជ្ជមានកើតឡើងខ្លះក៏ពិតមែន តែប្រសិនជាប្រទេសកម្ពុជាអនុវត្តច្បាប់បានល្អ នោះប្រទេសយើងនឹងអាចទាញយកផលប្រយោជន៍ជាច្រើនពីទេសចរ។ នេះបើតាមការលើកឡើងរបស់លោករដ្ឋ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយរួមទេសចរជួយច្រើនណាស់ដល់ចំណូលរបស់ប្រជាពលរដ្ឋ ហើយចំណូលនេះហើយដែលបានចូលរួមចំណែកដល់ម៉ាក្រូសេដ្ឋកិច្ចជាតិ សំខាន់ណាស់វិស័យទេសចរមានផលប៉ះពាល់ជាវិជ្ជមានច្រើន ប៉ុន្តែបើយើងគ្រប់គ្រងមិនបានល្អ ក៏វិស័យនេះក៏អាចប៉ះពាល់ដល់វប្បធម៌សង្គមផងដែរ។ មានន័យថាបញ្ហាបប៉ះពាល់ដល់សង្គម និវប្បធម៌ក៏មិនមែនមានតែកត្តវិជ្ជមានទេ តែវាក៏មានកត្តអវិជ្ជមានផងដែរ។ កត្តាវិជ្ជមានមាន័យថាវប្បធម៌នៅទីហ្នឹងបើអត់ទេសចរទៅដល់ក៏មិនអាចរីកចម្រើនបានដែរ ប៉ុន្តែបើទេសចរទៅដល់ទេសចរនាំចំណូលទៅនៅទីនោះប្រជាពលរដ្ឋគាត់ខិតខំអភិវឌ្ឍន៍វប្បធម៌គាត់ឲ្យកាន់តែល្អ អភិវឌ្ឍន៍មូលដ្ឋានគាត់ឲ្យបានល្អ អីចឹងគាត់បានចំណូលច្រើនវប្បធម៌ក៏គង់វង្ស»

យោងតាមរបាយការណ៍ពីអង្គការទេសចរពិភពលោកបានឲ្យដឹងថា ដោយសារតែកំណើនសេដ្ឋកិច្ច និងចំនួនប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ប្រទេសចិន បានធ្វើឲ្យឲ្យចិនគឺជាទីផ្សារទេសចរណ៍ធំជាងគេសម្រាប់ពិភពលោក។ ហើយបណ្ដាលប្រទេសទាំងអស់មិនគួរមើលរំលង ឬមិនបានត្រៀមខ្លួនដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរដ៏ច្រើនសម្បើមនេះឡើយ។

ក្រោយពីទទួលបានគោលការណ៍ណែនាំពីអង្គការទេសចរពិភពលោក កម្ពុជាបានត្រៀមខ្លួនជាច្រើនដើម្បីទទួលភ្ញៀវទេសចរចិន។ ហើយចាប់តាំងពីឆ្នាំ២០១៤ ចំនួនភ្ញៀវទេសចរចិន បានកើនឡើងជាលំដាប់ក្នុងការមកកំសាន្ត និងវិនិយោគនៅកម្ពុជា។ រហូតដល់ឆ្នាំ២០១៨ ភ្ញៀវទេសរចិន បានកើនឡើងចំនួន១១.៨ភាគរយបើធៀបហ្នឹងរយៈដូចគ្នាក្នុងឆ្នាំ២០១៧។ ចំណែកនៅក្នុងឆ្នាំ២០១៩នេះវិញ ក្រសួងទេសចរណ៍បានព្យាករណ៍ថាចំនួនភ្ញៀវទេសចរអន្តរជាតិអាចកើនដល់៦លាន៦សែននាក់ ខណៈតួលេខចុងក្រោយនៃរយៈពេល១០ខែក្នុងឆ្នាំ២០១៩ មានភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជាបានប្រមាណ៥លាន ២សែននាក់។ ហើយចំនួនភ្ញៀវទេសចរចិននៅក្នុងឆ្នាំ២០១៩នេះ នឹងកើនដល់២លាន៥សែននាក់។

យ៉ាងណាប្រទេសកម្ពុជាកម្ពុជានៅមិនទាន់បានទាក់ទាញភ្ញៀវទេសចរចិនមកកំសាន្តអស់សក្កដានុពលឡើយ ដោយកម្ពុជាត្រូវបន្តការខិតខំពង្រឹងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចជាច្រើនទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឲ្យមកកំសាន្តបានច្រើនដូចបណ្ដាប្រទេសជិតខាងកម្ពុជា។ តួរយ៉ាងប្រទេសថៃបានកាលពីឆ្នាំ២០១៨កន្លងទៅបានទាក់ទាញភ្ញៀវទេសចរថៃរហូតដល់ទៅ១០លាននាក់ វៀតណាម៥លាននាក់ ហើយម៉ាឡេស៊ីចំនួន៤លាននាក់។ កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យកម្ពុជាត្រូវត្រៀមខ្លួន និងពង្រឹងសមត្ថភាពដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសសជិតខាងធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរចិន ឲ្យមកកំសាន្តនៅប្រទេសកម្ពុជាឲ្យបាន ២លាន៧សែន ទៅ ៣លាននាក់ នៅក្នុងឆ្នាំ២០២០៕