(រតនគីរី)៖ «កូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញស្លាប់នៅ ក្នុងអូរលាវព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយ មានសភាពស្អុយរលួយ» នេះជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រី នាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។ លោកបានបន្ថែមថា រហូតមកទល់នឹងពេលនេះមិនទាន់ដឹងអំពីមូលដ្ឋានពិតប្រាកដនៃការស្លាប់របស់កូនដំរីព្រៃនេះនៅឡើយទេ ប៉ុន្តែតាមការសន្និដ្ឋានជំហានដំបូងកូនដំរីព្រៃនេះ អាចស្លាប់ដោយការលង់ទឹក។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា៖ «តាមការពិនិត្យសាកសពសត្វដំរីនេះ មិនមានស្លាកស្នាមរបួសអ្វីគួរឱ្យកត់សម្គាល់ដែលអាចសន្និដ្ឋានថា អាចស្លាប់ ដោយមូលហេតុអ្វីផ្សេងឡើយ អ្វីដែលកត់សម្គាល់គឺជើងក្រោយរបស់កូនដំរីនេះបាក់ដែលសង្ស័យថា អាចត្រូវបានគៀបនឹងល្បាក់ថ្ម ព្រោះអូរលាវមានអន្លង់ជ្រៅៗ និងមាន ល្បាក់ថ្មច្រើន»

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ពេលទទួលបានដំណឹងពីប្រជានេសាទថា មានសត្វដំរីស្លាប់ មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន៣នាក់ បានចុះទៅពិនិត្យផ្ទាល់នៅលើទីតាំង និងបានរកឃើញថា មានកូនដំរីព្រៃ១ក្បាលបានស្លាប់ក្នុងទឹក។ តាមការសាកសួរពីអ្នកភូមិបានឱ្យដឹងថា ប្រហែលជាង១០ថ្ងៃមុន ប្រជាពលរដ្ឋបានឃើញហ្វូងដំរីប្រមាណពី ២០ ទៅ ៣០ក្បាល បានហែលឆ្លងអូរលាវចូលមករកចំណី នៅក្នុងឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ ដើមឬស្សីនិងមែកឈើ ហើយបានបន្សល់លាមកជាច្រើន ហើយបន្ទាប់មកក៏បានឆ្លងទៅទឹកដីខេត្ត មណ្ឌលគិរីវិញ។ ក្រោយមកក៏បានប្រទះឃើញកូនដំរីស្លាប់ក្នុងទឹក។

លោក នេត្រ ភក្ត្រា បានថ្លែងថា ពិតជាគួរឱ្យសោកស្តាយចំពោះការបាត់បង់កូនដំរីព្រៃមួយនេះ។ លោកបានបន្ថែមថា ដោយស្ថានភាពពិបាកក្នុងការដឹកជញ្ជូន ក្រុមការងារពិបាក នឹងយកសពកូនដំរីមករក្សាទុក។ ក្រុមការងារបានសម្រេចអូសសាកសពកូនដំរី មកកប់នៅដីក្បែរមាត់ អូរសិនដើម្បីទុកឱ្យរលួយសាច់ ទើបអាចប្រមូលឆ្អឹងមកធ្វើជារូបសំណាក ជាក្រោយ។

ទាក់ទងនឹងចំនួនដំរីនៅក្នុងប្រទេសកម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសត្វដំរីព្រៃចំនួនប្រមាណជាង ៥០០ក្បាលដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះតាមការសិក្សា សត្វដំរីព្រៃនៅក្នុងដែនជម្រក សត្វព្រៃកែវសីមា មានប្រមាណជាង១១០ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញមានចំនួនប្រមាណជិត២០០ក្បាល និងរស់នៅក្នុងតំបន់ការពារធម្មជាតិនានារបស់ប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថានរួបនេះក៏បានឱ្យដឹងថា យោងតាមការសិក្សាចំនួនសត្វដំរីព្រៃនៅកម្ពុជាក៏ដូចជា នៅប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការធ្លាក់ចុះច្រើននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះដោយសារតែការបរបាញ់ខុសច្បាប់ ការបំផ្លាញជម្រកសត្វដំរី និងជម្លោះ រវាងដំរី និងមនុស្ស ខណៈស្រែចម្ការរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដាំនៅជាប់នឹងព្រៃហើយពេល ខ្លះដំរីមកស៊ីដំណាំ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបន្តថា ចំណែកសត្វដំរី ស្រុកដែលចិញ្ចឹមដោយអ្នកស្រុកមានចំនួនប្រមាណ៧០ក្បាល។ ចំនួនសត្វដំរី ស្រុកពិតជាមានការថយចុះដោយសារតែមិនមានការបន្តពូជបែបធម្មជាតិ និងដំរីខ្លះមានវ័យចាស់ និងបានស្លាប់ជាបន្តបន្ទាប់។

លោកបានគូសបញ្ជាក់ថា ដើម្បីការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្សនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការ ដៃគូនានា រៀបចំផែនការអភិរក្ស និងការពារ សត្វដំរីនៅកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិរក្សសត្វដំរី ដោយពង្រឹងប្រសិទ្ធភាពការពារធនធម្មជាតិព្រៃឈើ ដែលជាទីជម្រកនិងកន្លែងផ្តល់ចំណី ដល់សត្វដំរី និងការពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស ការហាមឃាត់ការបរបាញ់សត្វព្រៃ ដើរប្រមូលអន្ទាក់ដែលព្រានព្រៃដាក់នៅក្នុងព្រៃ និងការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដែលប្រកបរបរដាំដាំនៅតាមចម្ការនានាក្បែរតំបន់ការពារធម្មជាតិ កុំប្រើប្រាស់សារធាតុគីមី ឬបាញ់សត្វដំរីដែល ចូលស៊ីដំណាំរបស់ខ្លួន។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ថែមថា នៅក្នុងវិធានការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ ជាពិសេសការជួយដូរភ្លុកដំរី កុយរមាសជាដើម ក្រសួងបរិស្ថានបានព្រមានរួចហើយ តាមរយៈការចេញលិខិតដល់ម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ប្រមាណ១០០ នៅក្នុងរាជធានីភ្នំពេញ ខេត្ត សៀមរាប និងខេត្តព្រះសីហនុ បញ្ឈប់រក្សាទុក ឬលក់ដូរទំនិញហាមឃាតទាំងនេះ ហើយត្រូវប្រគល់ជូនសមត្ដកិច្ច បើបន្តប្រព្រឹត្តនឹងត្រូវផ្តន្ទាទោសតាមច្បាប់៕