(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ រួមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍក្រុងកោះរ៉ុង។

ការចុះត្រួតពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍក្រុងកោះរ៉ុងនេះ បានធ្វើឡើងនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ហើយនៅក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ បានដឹកនាំវេទិកាសាធារណៈ ដែលមានការចូលរួមពីប្រជាពលរដ្ឋ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានប្រមាណជិត ៣០០នាក់។

វេទិការនេះ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន និងការសំណូមពរដោយលោកអភិបាលក្រុង ចៅសង្កាត់ និងប្រជាពលរដ្ឋដែលរួមមាន៖

ទី១៖ សុំការដោះស្រាយពីបញ្ហាដីធ្លីរបស់ប្រជាជនដែលពួកគាត់បានរស់នៅអាស្រ័យផលជាក់ស្ដែង
ទី២៖ ស្នើសុំបង្កើតគណៈកម្មាធិការក្នុងការកំណត់ព្រំដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដើម្បីរដ្ឋបាលសង្កាត់ងាយស្រួល នៅក្នុងការទប់ស្កាត់ការទន្ទ្រានបន្ថែមទៀត
ទី៣៖ ស្នើសុំជួយសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតាមភូមិ និងឆ្នេរនីមួយនីមួយៗ ដែលមានអាជីវកម្មស្រាប់ ដើម្បីបញ្ជៀសកាកសំណល់រាវហូរចូលសមុទ្របង្កឱ្យខូចបរិស្ថានទៅថ្ងៃអនាគត
៤៖ ស្នើសុំឡដុតសំរាមបន្ថែម សម្រាប់ដាក់គ្រប់ភូមិ និងរថយន្តដឹកសំរាម ១គ្រឿងដើម្បីងាយ ស្រួលក្នុងការប្រមូលសំរាមពីផ្ទះប្រជាពលរដ្ឋ
និងតាមអាជីវកម្មមួយចំនួនដែលពុំមានលទ្ធភាពនៅដាក់ឡដុតសំរាមដោយខ្លួនឯង
ទី៥៖ ស្នើសុំដីបូជាសពមួយកន្លែងដែលមានស្រាប់ប៉ុន្តែដីនេះសព្វថ្ងៃ មានប្រជាពលរដ្ឋកាន់កាប់ដែលមានទំហំជិត ១ហិចតា។

ជាការឆ្លើយតបនឹងសំណូមពរខាងលើលោករដ្ឋមន្រ្តីបរិស្ថាន បានលើកឡើងនៅចំណុចសំខាន់ដូចជា៖

ទី១៖ ទទួលយកនូវករណីទំនាក់ដីធ្លី បញ្ហាកម្មសិទ្ឋិដីធ្លី ដើម្បីដោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធ
ទី២៖ បានដោះស្រាយសំណូមពរ និងយន្តការគ្រប់គ្រងបញ្ហាសំរាម ការផ្តល់មធ្យោបាយដឹកជញ្ជូន និងឡដុតសំរាមបន្ថែម នៅលើក្រុងកោះរ៉ុង
ទី៣៖ បំផុសចលនាចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ
ទី៤៖ ជំរុញដល់ការរៀបចំផែនការមេអភិវឌ្ឍន៍ក្រុង ជាមួយស្ថាប័នពាក់ព័ន្ធ
និងទី៥៖ ការពង្រឹងភូមិឃុំសុវត្ថិភាព នៅក្នុងមូលដ្ឋាន ជាពិសេសសម្រាប់ភ្ញៀវទេសចរ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាកេរ្តិ៍ឈ្មោះ ដ៏ល្បីរបស់ក្រុងកោះរ៉ុង ដែលត្រូវបានទទួលស្គាល់ដោយភ្ញៀវជាតិ និងអន្តរជាតិថាជាទឹកដី ដែលមានធនធានធម្មជាតិយ៉ាងសំបូរបែប ជាមួយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងទឹកសមុទ្រពណ៌ខៀវស្រងាត់ ដែលទាំងនេះ បានផ្តល់ប្រយោជន៍រួមដល់ប្រជាពលរដ្ឋដែលរស់នៅ ក្រុងកោះរ៉ុងនេះ៕