(ភ្នំពេញ)៖ កម្មកររោងចក្ររាប់រយនាក់ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានចេញមកធ្វើបាតុកម្មតវ៉ា ដោយសារតែសមត្ថកិច្ច បានឃាត់ខ្លួនប្រធានសហជីពចំនួន ៤នាក់ មកពីសហព័ន្ធ​សហជីព​ពលកម្ម​កម្ពុជា​ ដោយចោទថា ពួកគេបានដឹកនាំធ្វើបាតុកម្មខុសច្បាប់ អស់រយៈពេល ៨ថ្ងៃមកហើយ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ប្រធានសហជីពទាំង៤នាក់ បានដឹកនាំកម្មករធ្វើបាតុកម្មតវ៉ា នៅចំណុច​ស្ពាន​ត្រពាំង​ខ្យង​ ភូមិត្រពាំងខ្យង​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ​នៅក្រុមហ៊ុន​ផាកហេន​ប៊ែក​ ផលិតកាបូប​ ភូមិ​ព្រីង​ ឃុំរលាំងចក​ ស្រុក​សំរោង​ទង។ បាតុកម្មនេះ ធ្វើឡើងអស់រយៈពេល ៨ថ្ងៃ​ ចាប់ផ្តើម​ពីថៃ្ងទី០៨-១៦​ ខែមករា​ ឆ្នាំ​២០២០។

លោកស្នងការ បានឲ្យដឹងទៀតថា អ្នកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
*១៖ ឈ្មោះ​ ឌិន​ សំអាត​ ភេទប្រុស​ អាយុ​៤១ឆ្នាំ​ តួនាទី​ប្រធាន​សហព័ន្ធ​ សហជីព​ពលកម្ម​កម្ពុជា​ និងជាទីប្រឹ​ក្សា​ អមក្រសួងការងារ។
*២៖​ ឈ្មោះ​ រឿន​ សារិន​ ភេទប្រុស​ អាយុ​៣៦​ឆ្នាំ​ តួនាទី​ មន្ត្រី​សហព័ន្ធ​។
*៣៖ ឈ្មោះ​ យូ​ សុផាត​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ តួនាទី​ មន្ត្រី​សហព័ន្ធ​។
*៤៖ ឈ្មោះ​ ឃុត​ ចានឆៃយ៉ា​ ភេទប្រុស​ អាយុ​២៩​ឆ្នាំ​ តួនាទី​ មន្ត្រី​សហព័ន្ធ​។

ក្រោយពី​បានដឹកនាំ​កម្មករ​ធ្វើបាតុក​ម្ម​ ដោយខុសច្បាប់​អស់រយៈពេល​ ៨​ថៃ្ង​ ក្រុម​ខាងលើ​បានធ្វើ​សកម្មភាព​រួមមាន៖
*ដាក់ធុងបាស់ស្រែករារាំង​ ញុះញង់​ មិនឲ្យកម្មករចូលធ្វេីការ
*បញ្ជាឲ្យបក្ខពួកខ្លួនធ្វេីការគំរាម​កំហែងកម្មករដទៃ​មិនឲ្យចូលធ្វេី​ការ​ ករណី​ចូលធ្វើការ គឺវាយ
*ប្រេីពាក្យសម្ដីប្រមាថមេីលងាយ​ដល់ក្រុមហ៊ុន​ អាជ្ញាធរ​ ជាសាធារ​ណៈ​ តាមប្រព័ន្ធ​ឧឃោសនស័ព្ទ
*ជាក់ស្ដែង​ថៃ្ង​ទី​១៦​ បានបញ្ជា​ឲ្យ​បក្ខពួក​រាំងខ្ទប់មិនឲ្យរថយន្ដដឹកបា​យ​ ជូនកម្មករ​ហូបពេលថៃ្ងត្រង់​ ដោ​យដណ្ដេីមយកបាយពីក្នុងរថយន្ដ​ មកជាន់ចោលនៅមុខក្លោងទ្វារចូលក្រុមហ៊ុន​។

សមត្ថកិច្ចបានវាយតម្លៃ​ថា សកម្មភាព​ទាំងនេះ​គឺជាអំពេី ទារុណកម្មបង្អត់បាយមនុស្ស ព្រៃផ្សៃ និងសាហាវបំផុត ដែល​មិនគួរអត់ឱនឲ្យបាន។

ទាក់ទិនករណីនេះ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានអំពាវនាវដល់សមត្ថកិច្ច ទាំងអាជ្ញាធរ ប៉ូលីស ក៏ដូចជាតុលាការ មេត្តាពិនិត្យមើលថា តើសំណុំរឿងនេះបើសិនជាអត់ធ្ងន់ធ្ងរណាស់ណាទេ សូមឲ្យកុំមានការឃុំខ្លួន ហើយសុំឲ្យមានការត្រឹមព្រមាន ឬណែនាំទៅបានហើយ។ លោក សោម អូន យល់ឃើញថា សហជីពពេលខ្លះ គាត់តែងមានការខុសឆ្គងខ្លះ ចំពោះនីតិវិធី នៃការអនុវត្តន៍ច្បាប់ ដោយសារសហជីព គ្រប់គ្រងកម្មករច្រើន ទៅតាមតំបន់រោងចក្រ សហគ្រាស ហើយពេលខ្លះកម្មករជាអ្នកបង្កកំហុស ក៏ពួកគាត់ត្រូវតែការពារដែរ។

«ជួនកាលកម្មករ ជាអ្នកធ្វើខុសនីតិវិធី​ ហេតុនេះចង់ឬមិនចង់ សហជីពគាត់ត្រូវការពារកម្មករយើង ហើយអាចធ្វើឲ្យគាត់មានជីកំហុសដែរ។ ខ្ញុំគិតថា កំហុសច្រើនតិច ឬមួយយ៉ាងណា ជាការអំពាវនាវរបស់ខ្ញុំ សូមឲ្យអាជ្ញាធរ ក៏ដូចជាប៉ូលីស តុលាការ គួរតែធ្វើការព្រមានណែនាំពួកគាត់ គួរតែកុំឲ្យមានការឃុំខ្លួន។ លោក សោម អូន គូសបញ្ជាក់៕