(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កិច្ចសហការល្អរវាងមន្ត្រីរាជការ និងអ្នកសារព័ត៌មាន គឺជារឿងដែលចាំបាច់ និងពុំអាចខ្វះបាន ស្របតាមពាក្យស្លោក «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការថ្លែងបែបនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ក្នុងកម្មវិធីជួបជុំពិសារអាហារសាមគ្គីដែលរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តកំពង់ស្ពឺ ជាមួយគ្នាមានការចូលរួមពីតំណាងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកសាព័ត៌មានក្នុងខេត្ត ដែលធ្វើនៅអាហារដ្ឋានចំការននោង ក្នុងក្រុងច្បារ ដែលបង្កើតឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព មិត្តភាព និងសហការឲ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រុមអ្នកសារព័ត៌មាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្ត និងបញ្ជៀសឲ្យបាននៅព័ត៌មានក្លែងក្លាយ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋខេត្ត ដើម្បីទប់ស្កាត់រាល់បទល្មើស រក្សាបានភូមិ-ឃុំមានសុវត្តិភាព។

លោក វ៉ី សំណាង បានសម្តែងការកោតសរសើរ និងអរគុណចំពោះអ្នកសារព័ត៌មានទាំងអស់នៅក្នុងខេត្ត ដែលតែងតែផ្សព្វផ្សាយអំពីការពិត នៃសកម្មភាពរបស់មន្ត្រីរាជការ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា សុំឲ្យអ្នកសារព័ត៌មានទាំងអស់បន្តធ្វើការងារប្រកបដោយវិជ្ជាជីវៈ ដើម្បីក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងអំពីការពិតរបស់ខេត្ត និងជួយរិះគន់ស្ថាបនា មន្ត្រីរាជការគ្រប់ស្ថាប័ន នៅក្នុងខេត្តសំដៅជំរុញឲ្យមានការកែប្រែជាវិជ្ជមាន ក្នុងការអនុវត្តភារកិច្ចប្រកបដោយគុណភាព និងប្រសិទ្ធភាព បម្រើប្រជាជន ដោយចាត់ទុកមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ត្រូវធ្វើការជាមួយគ្នាឲ្យកាន់តែស្និតស្នាល ដើម្បីការផ្សព្វផ្សាយព័ត៌មានប្រកបដោយ វិជ្ជាជីវៈ គុណភាព និងមានភាពជឿទុកចិត្តបានពីមជ្ឈដ្ឋានទូទៅ ចៀសវាងរាល់ការផ្តល់ព័ត៌មានមិនពិត ឬមិនគ្រប់ជ្រុងជ្រោយ បង្កើតឲ្យមានការភ័ន្តច្រឡំលើកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងនោះស្នើឲ្យអ្នកសារព័ត៌មាន គោរពតាមពាក្យស្លោក «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅគ្រាដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីជួបជុំអ្នកសារព័ត៌មាន លើកទី៣ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០កន្លងទៅ៕