(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានស្តីទី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញបើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលពិធីនេះបានធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃ។

បើយោងតាមរបាយការណ៍សង្ខេប ស្តីពីការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ បានឱ្យដឹងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ (ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩) របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុស ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ និងគាំទ្រយ៉ាងពេញទំហឹងពីគ្រប់ស្រទាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងមហាជនទូទៅ ដែលបង្កើតបានជាចលនាជាតិមួយ
ដ៏សកម្មពិសេសវិធានការគន្លឹះទាំង៥ ដែលជាផែនទីបង្ហាញផ្លូវ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដូចជា៖

* ការអនុវត្តវិធានការអនុវត្តច្បាប់ យើងបង្ក្រាបបាន ៩,៨០៦ករណី ឃាត់ខ្លួនជនសង្ស័យ ២០,៤៨៩នាក់ (ស្រី១,៣៥៣នាក់) ក្នុងនោះមានជនបរទេស ៤៤៧នាក់ ស្មើនឹង១៤ជនជាតិ រឹបអូសគ្រឿងញៀនបានជាង៧៥០គីឡូក្រាម ដែលទទួលបានលទ្ធផលខ្ពស់គួរឱ្យមោទនៈ គឺកើនឡើងប្រមាណជិត៣០% លើឆ្នាំ២០១៨កន្លងទៅ។

* ការអនុវត្តវិធានការអប់រំផ្សព្វផ្សាយ អំពីបញ្ហាគ្រឿងញៀន ក៏បានធ្វើសកម្មភាពយ៉ាងផុសផុល ដោយគ្របដណ្តប់ទៅលើអ្នកមកទទួលយកសារ
អប់រំប្រមាណជាង១០លាននាក់ មានការកើនឡើងច្រើនជាងឆ្នាំចាស់។

* ការអនុវត្តវិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយគ្រប់គ្រងបានអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនជាង២ម៉ឺននាក់ ក្នុងនោះចំនួនអ្នកដែលមកទទួលយកសេវាព្យាបាល ដោយស្ម័គ្រចិត្តមានការកើនឡើង។

* ការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ នៅតាមគោលដៅក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាន ដោយធ្វើកិច្ចសន្យាធានា មិនឱ្យមានសកម្មភាពជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្នុងទីតាំងអាជីវកម្មរបស់ខ្លួន អនុវត្តបានជាច្រើនទីតាំងនៅទូទាំងប្រទេស។ ទន្ទឹមនោះ បានឆ្មក់ចូលត្រួតពិនិត្យរដ្ឋបាលផង និងឈានទៅអនុវត្តវិធានការច្បាប់ផង ចំពោះទីតាំងក្លិបកម្សាន្ត និងទីតាំងសប្បាយដ្ឋានដែលនៅតែ បណ្តែតបណ្តោយ ឱ្យមានសកម្មភាពបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន និងបានឃាត់ខ្លួនមុខសញ្ញា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ជាច្រើននាក់៕