(តាកែវ)៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា បានអះអាងថា មិនមានការនាំជ្រូកពីប្រទេសវៀតណាម ចូលមកកាន់ទីផ្សារប្រទេសកម្ពុជានោះទេ ព្រោះតម្លៃសាច់ជ្រូកនៅក្នុងប្រទេសវៀតណាម មានតម្លៃថ្លៃជាងសាច់ជ្រូកនៅក្នុងប្រទេសកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយមន្រ្តីពេទ្យសត្វ និងក្រុមអាជីវករកាប់ជ្រូក នៅក្នុងខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ លោក តាន់ ផាន់ណារ៉ា បានថ្លែងថា ប្រទេសវៀតណាម កំពុងតែជួបប្រទះនូវកង្វះខាតសាច់ជ្រូកជាច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់ខ្លួន បន្ទាប់ពីផ្ទុះជំងឺប៉េសអាហ្រ្វិក ដែលជាហេតុធ្វើឲ្យមានការនាំជ្រូកចូលពីប្រទេសថៃ ទៅប្រទេសវៀតណាម ដោយឆ្លងកាត់ប្រទេសកម្ពុជា ក្នុងមួយថ្ងៃៗពី៣,៥០០ក្បាល ទៅ៥,០០០ក្បាល។

លោក តាន់ ផាន់ណារ៉ា បានសង្កត់ធ្ងន់ថា តម្លៃសាច់ជ្រូកនៅក្នុងប្រទេសវៀតណាម ក្នុងមួយគីឡូមានតម្លៃពី៣,៥ដុល្លារ ទៅ៤ដុល្លារ ខណៈតម្លៃសាច់ជ្រូក នៅក្នុងប្រទេសកម្ពុជា មានតម្លៃតែ១១,០០០រៀល ទៅ១២,០០០រៀលក្នុងមួយគីឡូ ហើយតាមព័ត៌មានលឺថាចាប់ពីពេលនេះដល់ចុងខែមីនាខាងមុខ វៀតណាមត្រូវការសាច់ជ្រូកកកប្រមាណ១០០ពាន់តោនទៀត ដូច្នេះគ្មានហេតុផលណាមួយដែលថា មានការនាំជ្រូកពីវៀតណាមចូលមកទីផ្សារកម្ពុជានោះទេ។

គួររបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីពេទ្យសត្វ និងក្រុមហ៊ុននាំជ្រូក ទៅប្រទេសវៀតណាម លោក តាន់ ផាន់ណារ៉ា បានណែនាំដល់ក្រុមហ៊ុននាំជ្រូកពីប្រទេសថៃ ទៅប្រទេសវៀតណាម ឆ្លងកាត់ខេត្តតាកែវ ត្រូវដឹកជ្រូកពីព្រំដែនថៃឲ្យដល់ព្រំដែនប្រទេសវៀតណាមតែម្ដង ដោយមិនអនុញ្ញាតឲ្យស្តុកទុកនៅទីតាំងណាមួយ ហើយដឹកបន្តតាមរថយន្តតូចៗ ទៅប្រទេសវៀតណាមនោះទេ ជាពិសេសជ្រូកដែលដឹកទៅ ប្រទេសវៀតណាមហើយ គឺហាមដាច់ខាតដឹកត្រលប់មកវិញ ដែលនាំឲ្យមានការយល់ច្រលំថា មានការនាំជ្រូកពីវៀតណាមចូលមកកម្ពុជា។

បន្ថែមពីនេះ លោក តាន់ ផាន់ណារ៉ា ក៏បានធ្វើការព្រមានថា ប្រសិនបើក្រុមហ៊ុនអនុវត្តន៍មិនបានតាមការណែនាំនោះទេ លោកនឹងបិទអាជ្ញាប័ណ្ណមិនឲ្យមានការនាំជ្រូក ពីប្រទេសថៃទៅប្រទេសវៀតណាម ដោយឆ្លងកាត់ខេត្តតាកែវតទៅទៀតនោះទេ៕