(ភ្នំពេញ)៖ យ៉ាងហោចណាស់ភស្ដុតាង ចំនួន៣វ៉ាលីធំៗ ត្រូវបានមេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី ត្រៀមរួចរាល់ហើយដើម្បីដាក់បន្ទុកលើលោក កឹម សុខា អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ មិនឲ្យរើរួចពីទោសក្បត់ជាតិនោះឡើយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើកទី៣ លើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានអះអាងថា ភស្ដុតាង៣វ៉ាលីធំៗដែលមេធាវីត្រៀមនេះ នឹងដាក់ជូនប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅតាមដំណាក់កាលនីមួយៗ។

លោកមេធាវី គី តិច បានថ្លែងយ៉ាងដូច្នេះថា «យើងមានភស្ដុតាងច្រើនណាស់ ជំនួយការ៣-៤នាក់គ្រាន់តែអូសវ៉ាលី ស្ពាយភស្ដុតាង [...] ភ័ស្ដុតាង២-៣វ៉ាលីធំៗ ហើយភស្ដុតាងនឹងបង្ហាញជូនក្នុងដំណាក់កាល ដូចបញ្ជាក់ពីដើមទីចឹងថា ដំណាក់កាលណាត្រូវបង្ហាញភស្ដុតាងអី យើងដាក់ភស្ដុតាងហ្នឹង»

និយាយដល់ចំណុចនេះ ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានប្រាប់ឲ្យសាធារណៈជនត្រូវតាមដានទាំងអស់គ្នាថាតើទីបញ្ចប់ជនជាប់ចោទ កឹម សុខា នឹងត្រូវបានសម្រេចយ៉ាងមិញ?។

ពាក់ព័ន្ធសំណុំរឿងនេះ លោក គី តិច នៅតែអះអាងថា សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា មិនមែនជារឿងនយោបាយ ដូចការលើកឡើងរបស់ភាគីណាមួយនោះទេ ដែលនេះជាការបង្វែការពិត ហើយរឿងរបស់លោក កឹម សុខា គឺជាបទល្មើសព្រហ្មទណ្ឌសុទ្ធសាធ៕