(រតនគិរី)៖ នាបរិវេណសាលាខេត្តរតនគិរីនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ក្រុមហ៊ុនអិន ស៊ី អិច (NCX) បានរៀបចំពិធីបើកដង្ហែក្បួនសេរីម៉ូតូទំនើប ម៉ាក ADV១៥០ ក្រោមអធិបតីភាពលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក ខាន់ឆៃ គៀស៊្រីថាណាកន នាយកប្រតិបត្តិក្រុមហ៊ុនអិន ស៊ី អិច(NCX)។

លោក ខាន់ឆៃ គៀស៊្រីថាណាកន បានឲ្យដឹងថា គោលបំណង នៃការប្រារព្ធនេះ ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពអ្នកបើកបរនៅលើដងផ្លូវសំដៅចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។

ក្នុងពិធីខាងលើនេះដែរលោក ថង សាវុន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អិន ស៊ី អិច (NCX) ដែលបានយកទីតាំងខេត្តរតនគិរីជាចំណុចចាប់ផ្តើម នៃការបើកពិធីដង្ហែក្បួនម៉ូតូសេរីទំនើប ADV១៥០ឆ្ពោះ ទៅកាន់ទីរួមខេត្តមណ្ឌលគិរី។

លោកគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តឆ្នាំ២០១៩កន្លងមក មានការថយចុះបើធៀបទៅនឹងឆ្នាំ២០១៨ ប៉ុន្តែនៅតែបញ្ហាគួរឲ្យកត់សំគាល់ ដែលជាបញ្ហាប្រឈមចំពោះការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ សុខុមាលភាពពលរដ្ឋ និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះលោក ថង សាវុន ក៏បានអំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរ តាមផ្លូវថ្នល់ចូលរួមអនុវត្តនូវអនុសាសន៍របស់សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនអិន ស៊ី អិច (NCX) បានឧបត្ថម្ភអង្ករចំនួន ៣តោន ថវិកាចំនួន ៣លានរៀល និងមួកចំនួន ៨៣មួក ជូនដល់រដ្ឋបាលខេត្តរតនគិរី សំរាប់ប្រើប្រាស់តាមតម្រូវការតាមការជាក់ស្តែង។

សូមបញ្ជាក់ថា ក្រុមហ៊ុនអិន ស៊ី អិច (NCX) គឺជាក្រុមហ៊ុនដ៏ល្បីល្បាញ និងធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងឡាយ និងជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនអិន ស៊ី អិចត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩២ ដោយគ្រាន់តែធ្វើការនាំចូលផលិតផលសំរេចម៉ាកហុងដា មកលក់នៅលើទីផ្សារតែប៉ុណ្ណោះ។

ដោយទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង និងឆាប់រហ័សពីអតិថិជនក្រុមហ៊ុន បានបង្កើតខ្សែសង្វាក់ផលិតកម្មខ្នាតតូចរបស់ខ្លួននៅឆ្នាំ១៩៩៩ ដែលមានទីតាំងស្ថិតនៅកណ្តាល រាជធានីភ្នំពេញ ដោយបានដំឡើងម៉ូតូក្នុងទម្រង់ IKD ហើយនៅក្នុងឆ្នាំ២០០៤ ក្រុមហ៊ុនបានបន្តពង្រីកជាខ្សែសង្វាក់ផលិតកម្មខ្នាតធំថ្មី មានទីតាំងនៅតាមបណ្តោយមហាវិថីវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះក្រុមហ៊ុន អិន ស៊ី អិច មិនត្រឹមតែមានខ្សែសង្វាក់ផលិតកម្មសំរាប់ដំឡើងម៉ូតូប៉ុណ្ណោះទេ ថែមទាំងមានខ្សែសង្វាក់ផលិតកម្មសំរាប់ផលិតគ្រឿង បំណែកមួយចំនួនរបស់ម៉ូតូ ក្នុងទម្រង់IKD១.៥ផងដែរ ធ្វើឲ្យក្រុមហ៊ុនអាចបង្កើតការងារយ៉ាងច្រើនសំរាប់ប្រជាជនកម្ពុជា។ ជាក់ស្តែង បច្ចុប្បន្នក្រុមហ៊ុន អិន ស៊ី អិច បាននិងកំពុងប្រើប្រាស់កម្លាំងពលកម្ម ១៣០០នាក់។

សព្វថ្ងៃនេះក្រុមហ៊ុន អិន ស៊ី អិចបានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ និងធំបំផុតមួយក្នុងចំណោមក្រុមហ៊ុន ដែលជោគជ័យនិងធំៗទាំងឡាយ នៅកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូដោយមានសាខាធំៗ និងអនុសាខារាប់រយនៅទូទាំងប្រទេសសំរាប់ចែកចាយផលិតផលខ្លួន។

ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនក្រុមហ៊ុន តែងតែបង្កើតនិងនាំមកនូវផលិតផលម៉ាកជាច្រើនប្រភេទដូចជា៖ Honda Dream១២៥, Honda Zoomer-X, Honda Wave១០០, Honda Beat, Honda Scoopyi, Honda ADV១៥០(សេរីទំនើប)ជាដើម៕