(ភ្នំពេញ)៖ បន្ទាប់ពីបានជួបលោក Ayman CEO ស្ថាប័នហិរញ្ញវត្ថុ ICD, លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Bandar M. H. Hajjar ប្រធានធនាគារ IsDB ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហាជ្ជី នៅក្រុងជិតដះ ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្នើសុំដល់លោកប្រធានធនាគារ IsDB ក្នុងការបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា និងការសាងសង់សំណង់លើវិស័យអបរំ និងមជ្ឈមណ្ឌល ដែលកន្លងមកមាន៧គម្រោងដែល IsDB បានសម្រេចអនុម័តក្នុងថវិកាជាង២,១លានដុល្លារ ដែលបានផ្ដល់តាមរយៈអង្គការ សមាគម ក្នុង និងក្រៅប្រទេសនោះ និងស្នើសុំការគាំទ្រលើគម្រោងថ្មីៗ បន្ថែមទៀត។

លោកបណ្ឌិត Bandar M. H. Hajjar ប្រធានធនាគារ IsDB បានបញ្ជាក់ថា ធនាគារ IsDB បានបើកទូលាយដើម្បីកម្ពុជា ទទួលបានអាហារូករណ៍ដោយមិនកំណត់ ទៀតឡើយដោយចុះឈ្មោះប្រឡង អនុវត្តតាមប្រព័ន្ធអនឡាញ ដែលមិនមានការបែងចែកថា ជាប្រទេសសមាជិក OIC ឬមិនមែនជាសមាជិក OIC នោះឡើយ ហើយលោកក៏នឹងបន្តគាំទ្រនូវគម្រោងថ្មីៗ បន្តទៀត។

ទន្ទឹមគ្នានោះដែរ លោកប្រធាន IsDB បានសម្ដែងលើសេចក្តីរំភើបរីករាយ នៅពេលដែលបានដឹងថា និស្សិតអាហារូបករណ៍ IsDB ដែលបានបញ្ចប់ការសិក្សា ហើយនោះ បច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឱកាសឲ្យមានតួនាទីជាសមាជិករដ្ឋសភា០១រូប រដ្ឋលេខាធិការ០៣រូប អនុរដ្ឋលេខាធិការ០៣រូប និងមានជាមន្ត្រីនៅតាមបណ្តាក្រសួង មន្ទីរ និងវិស័យឯកជនសឹងទាំងអស់ លើកលែងតែនិស្សិតដែលកំពុងនៅសិក្សាបន្តប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកប្រធានធនាគារ IsDB ក៏បានផ្ដល់អនុសាសន៍ល្អៗ ដល់ស្ថាប័នហាឡាលកម្ពុជាយើងឡាលកម្ពុជា ត្រូវខិតខំស្វែងរកចាប់ដៃគូ វិនិយោគលើវិស័យហាឡាល ជាមួយនឹងបណ្ដាប្រទេសជាសមាជិក OIC ដែលមានទីផ្សារហាឡាលយ៉ាងធំ នៅលើសាកលលោក ហើយដែលធនាគារ IsDB អាចផ្ដល់ឥណទានអភិវឌ្ឍន៍តាមរយៈនោះ។

ប្រធានធនាគារ IsDB ក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ ដោយក្ដីគោរពស្រលាញ់ និងកក់ក្តៅបំផុត ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ធនាគារ IsDB មានការផ្ដល់ឥណទាន ជាច្រើនលើវិស័យឧស្សាហកម្មហាឡាល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ សម្រាប់បណ្ដាប្រទេសជាសមាជិក OIC ជាច្រើន។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឲ្យដឹងថា លោកនឹងខិតខំបន្តធ្វើការទំនាក់ទំនង ជាមួយនឹងលោកប្រធានធនាគារ IsDB ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព បន្ថែមទៀត។

គួររំលឹកជូនបន្តិចថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏ធ្លាប់បានទៅជួបលោក Bandar M. H. Hajjar ប្រធានធនាគារ IsDB ផងដែរ ដើម្បីស្នើសុំកុំទាន់ឲ្យមានការកំណត់កូតាហាជ្ជី ត្រឹម៦០០នាក់ដល់កម្ពុជា។ ពេលនោះ ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី លោក អូស្មាន ហាស្សាន់ បានស្នើសុំចំនួន១,២០០នាក់ សម្រាប់រយៈពេល០៥ឆ្នាំ ហើយប្រធាន IsDB ក៏បានឯកភាពយល់ព្រម៕