(ភ្នំពេញ)៖ សមាគមជាតិកាកបាទក្រហមនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ តាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែករំលែកទុក្ខ និងសម្រាលការលំបាករបស់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ដោយសាររលំអគារនៅខេត្ដកែប កាលពីពេលទៅថ្មីៗនេះ។

ពិធីទទួលអំណោយពីកាកបាទក្រហមនៃសាធារណៈរដ្ឋប្រជាមានិតចិននេះ ធ្វើឡើងតាមរយៈ លោកស្រី Zuo Wenxing ទីប្រឹក្សាស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាជន រដ្ឋាភិបាល និងសមាគមជាតិកាកបាទក្រហមនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែជួយដល់ប្រជាជនកម្ពុជាគ្រប់ពេលវេលាដែលមានទុក្ខលំបាក។

ទន្ទឹងនោះ លោកស្រីអគ្គលេខាធិការ បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន នឹងចាត់ឱ្យមន្ដ្រីក្រុមការងាររបស់យើង នាំយកនូវអំណោយនេះ ផ្តល់ជូនគ្រួសាររងគ្រោះ ដោយបាក់រលំអគារនៅខេត្តកែប ទៅដល់លំនៅឋានរបស់ពួកគាត់ផ្ទាល់តែម្ដង ទាំងគ្រួសារស្លាប់៣៦នាក់ និងរបួស២៣នាក់ នៅតាមបណ្តាខេត្តទាំង១២។

ជាមួយគ្នានេះដែរ លោកស្រី Zuo Wenxing បានថ្លែងថា ក្នុងនាមលោកស្រី និងតំណាងបងប្អូននៃប្រជាពលរដ្ឋប្រជាមានិតចិន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះឧបទ្ទវហេតុរលំអគារនៅខេត្តកែប និងចូលរួមចំណែកជួយសម្រាលការលំបាកដល់បងប្អូន ដែលរងគ្រោះទាំង៥៩នាក់ តាមរយៈកាកបាទកាកបាទក្រហមកម្ពុជា៕