(ភ្នំពេញ)៖ សវនាការជំនុំជម្រះសំណុំរឿងសន្ទិដ្ឋិភាពរបស់លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង លើកទី២ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានបញ្ចប់ដោយរលូន នៅវេលាម៉ោងជាង៥ល្ងាច។

ក្នុងអង្គសវនាការនេះ មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក គី តិច និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានស្នើដល់ក្រុមប្រឹក្សាជំនុំជម្រះ សុំដាក់អក្សរតំណាងនៃប្រទេសទាំង៩ ដែលមានជាប់ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា នៅលើកំណត់ហេតុ និងសាលក្រម។

ចំពោះសំណើសុំដាក់អក្សរតំណាងប្រទេសទាំង៩នេះ ត្រូវបានក្រុមប្រឹក្សាអង្គជំនុំជម្រះ សម្រេចយល់ព្រមតាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល លើសាលក្រម ប៉ុន្តែលើ «កំណត់ហេតុតុលាការ» មិនអនុញ្ញាតតាមសំណើរបស់មេធាវីនោះគឺតម្រូវឲ្យដាក់ឈ្មោះចំៗតែម្តង។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រោយសវនាការលើកទី២ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ លោកមេធាវី គី តិច បានបញ្ជាក់ថា សវនានៅរសៀលថ្ងៃទី១៥ ខែមករានេះ មានចំណុចសំខាន់មួយដែលភ្ជាប់ពីសវនាលើកទី១ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ គឺការដាក់ពាក្យស្នើសុំប្រើប្រាស់ពាក្យតំណាង ចំពោះរដ្ឋនៃបរទេសមួយចំនួន អង្គការមួយចំនួន និងឈ្មោះបុគ្គជាបរទេសដែលពាក់ព័ន្ធមួយចំនួន។

លោកមេធាវីបន្តថា នៅរសៀលនេះអង្គក្រុមប្រឹក្សាជំនុំជម្រះ បានលើកយកករណីនេះយកមកពិភាក្សា ហើយក្រោយពីការពិភាក្សា គឺភាគីមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា បានកត់សំគាល់ឃើញថា ការស្នើឲ្យប្រើពាក្យតំណាងនៃប្រទេសទាំងនោះ ដើម្បីជៀសវាងការប៉ះពាល់ដល់ទំនាក់ទំនងល្អ រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសដែលមានពាក់ព័ន្ធឈ្មោះនៅក្នុងសំណុំរឿងជនជាប់ចោទ កឹម សុខា។

លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចសំខាន់យើងបានស្នើឲ្យអង្គសវនាការទាំងមូល គិតគូរអំពីផលប្រយោជន៍ជាតិ ព្រោះថាការទំនាក់ទំនងរវាងប្រទេស និងប្រទេស គឺដើម្បីផលប្រយោជន៍ជាតិ។ ក្រោយពីការពិភាក្សានេះ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលយកពាក្យស្នើសុំ ដោយទទួលយកការប្រើពាក្យតំណាង នៅក្នុងសាលក្រមនៃសំណុំរឿងនេះ ដោយឡែកចំពោះកំណត់ហេតុ នៅតែរក្សាពាក្យចំឈ្មោះប្រទេសតែម្ដង ដោយសារជាឯកសាររដ្ឋបាលផ្ទៃក្នុងរបស់តុលាការ»

ប្រទេសទាំង៩ ដែលត្រូវសម្រេចឲ្យប្រើប្រាស់អក្សរតំណាងក្នុងសាលក្រម សំណុំរឿងលោក កឹម សុខា រួមមាន៖ ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្រ្តាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា។

សូមជម្រាបថា សវនាការលើសំណុំរឿងសន្ទិដ្ឋិភាពរបស់លោក កឹម សុខា ថ្ងៃដំបូង គឺថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះបញ្ចប់ទៅដោយភាពរលូនល្អ ខណៈបញ្ហាសន្តិសុខត្រូវបានរឹងបណ្តឹងផងដែរ។ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្អែកនេះសវនាការនេះនឹងត្រូវបន្តទៀត៕