(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសជាសាធារណៈស្តីអំពី ពិធីដាក់ឲ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់រវាងធនាគារទាំង២។

ពិធីដាក់ឲ្យដំណើរការសេវាផ្ទេរ និងទូទាត់ប្រាក់នេះ មានការចូលរួមពីបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរ។

កិច្ចសហប្រតិបត្តិការ រវាងធនាគារទាំងពីរ គឺក្នុងគោលបំណង ដើម្បីបង្កើនភាពងាយស្រួល ជូនដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការដូចខាងក្រោម៖

១៖ ផ្ទេរប្រាក់ រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនីវីង
២៖ ផ្ទេរប្រាក់ រវាងគណនីអេស៊ីលីដាយូនីធីទាន់ចិត្ត និងគណនីវីង
៣៖ ទូទាត់សំណងឥណទានទៅកាន់គណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈភ្នាក់ងារវីង

បណ្ឌិត អ៉ិន ចាន់នី បានថ្លែងថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលធនាគារ ឯកទេស វីង (ខេមបូឌា) លីមីធីត បានចាប់ដៃគូជាយុទ្ធសាស្រ្ត ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់របស់ស្ថាប័នទាំងពីរឲ្យកាន់តែទូលំទូលាយថែមទៀត»។

លើសពីនោះទៀត ដើម្បីលើកកម្ពស់ ក្នុងការពង្រីកប្រតិបត្តិការធនាគារទាំងពីរ ឲ្យកាន់តែទំនើប ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ថែមទៀត ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារទាំងពីរ អាចធ្វើការផ្ទេរ និងទូទាត់ប្រាក់រវាងគ្នា និងគ្នា។ នេះជាការបញ្ជាក់បន្ថែម របស់បណ្ឌិត អ៉ិន ចាន់នី។

បណ្ឌិត អ៉ិន ចាន់នី បានគូសបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការនេះ នាំឲ្យធនាគារទាំងពីរ មានបណ្តាញប្រតិបត្តិការសម្បូរបែប ចំនួន៤៣,៤៧៦កន្លែង គ្របដណ្តប់គ្រប់ខេត្ត-ក្រុង នៃកម្ពុជា ធ្វើឲ្យអតិថិជនងាយស្រួល ក្នុងការជ្រើសរើស ដែលជំរុញឲ្យសេវាផ្ទេរបា្រក់ កាន់តែទូលំទូលាយ ឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាព។

ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា សមិទ្ធផលនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់អតិថិជន និងសាធារណៈជន និងគាំទ្រដល់ការរីកលូតលាស់របស់អតិថិជន ជាមួយនឹងការកាត់ បន្ថយចំណាយ និងហានិភ័យ។

ជាមួយគ្នានោះ បណ្ឌិត អ៉ិន ចាន់នី បានលើកឡើងថា ឥឡូវនេះ អតិថិជនឥណទាន និងអតិថិជន ដែលមានគណនី នៅធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើទូទាត់សងឥណទាន និងធ្វើការដក-ដាក់សាច់ប្រាក់ នៅតាមបណ្តាញប្រតិបត្តិការ របស់ធនាគារទាំងពីរ គ្រប់ទីកន្លែងទូទាំងប្រទេស។

លោកបណ្ឌិត អ៉ិន ចាន់នី បានបន្ថែមទៀតថា «ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារឌីជីថល ដែលមាន អេស៊ីលីដា យូនីធី ទាន់ចិត្ត ដែលអតិថិជនអាចធ្វើប្រតិបត្តិការ សេវាធនាគារយ៉ាងសម្បូរបែប តាមរយៈទូរស័ព្ទដៃ ដោយខ្លួនឯង»។

គូសបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ អេស៊ីលីដា យូនីធី ទាន់ចិត្ត ជាសេវាធនាគារតាមទូរស័ព្ទ ដែលដែលធំជាងគេនៅកម្ពុជា ដែលមានអ្នកចុះឈ្មោះប្រើ អេស៊ីលីដា យូនីធី ទាន់ចិត្ត ចំនួន១,២២៦,៣៨៣ ជាលក្ខណៈបុគ្គល និង ៣០,៩៨៩ ជាលក្ខណៈដៃគូ៕