(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងវិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរសំលៀកបំពាក់កម្ពុជា (CGTI) សហការជាមួយ Zilingo បានរៀបចំសិក្ខាសាលាមួយ ដើម្បីបង្ហាញអំពីប្រព័ន្ធប្រតិបត្តិការថ្មី និងឈានមុខគេ ដែលអនុញ្ញាតឲ្យម្ចាស់រោងចក្រនៅកម្ពុជា ប្រើប្រាស់ដើម្បីគ្រប់គ្រងទិន្នន័យការងារប្រចាំថ្ងៃ។

ជាក់ស្ដែងតាមរយៈសិក្ខាសាលនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ GMAC ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ Zilingo បានធ្វើបទបង្ហាញពីការប្រើប្រាស់កម្មវិធីឌីជីថលកម្មសិទ្ធិផលិតកម្ម ដែលនឹងជួយឲ្យរោងចក្រកាត់ដេររបស់កម្ពុជា បង្កើនប្រសិទ្ធិភាព និងកាត់បន្ថយភាពខ្វះចន្លោះផ្សេងៗ។

លោក Sid Narayanan ប្រធានកម្មវិធីឌីជីថល តាមរោងចក្ររបស់ទីផ្សារសម្លៀកបំពាក់អនឡាញ Zilingo បាននិយាយថា «យើងពិតជារំភើបណាស់ ដែលសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានផ្តល់ឲ្យយើងនូវផ្លាតហ្វមមួយ និងឱកាសក្នុងការបង្ហាញពីដំណោះស្រាយរបស់យើង ក៏ដូចជាចូលរួម ក្នុងអាជីវកម្មកម្ពុជា និងភាគីពាក់ព័ន្ធសំខាន់ៗដើម្បីចែករំលែកពីវិធីសាស្ត្រដែល Zilingo អាចជួយឲ្យពួកគេបង្កើនប្រសិទ្ធិភាពផលិតកម្ម តាមរយៈការធ្វើស្វ័យប្រវត្តិភាព នៃផលិតកម្មផ្សេងៗក្នុងរោងចក្រ»

លោកអះអាងថា Zilingo មានទំនាក់ទំនងដ៏រឹងមាំជាមួយនឹងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងត្រូវបានអញ្ជើញដោយសមាគមនេះ ឲ្យធ្វើការបង្ហាញពី របៀបដែលដំណោះស្រាយបច្ចេកវិទ្យាឆ្លាតវៃរបស់ខ្លួន អាចនាំយករោងចក្រនានានៅកម្ពុជា ចូលទៅក្នុងបដិវដ្តន៍ប្រព័ន្ធឌីជីថល ដើម្បីរក្សាទីតាំងរបស់ខ្លួនក្នុងនាមជាតួអង្គដ៏សំខាន់ ក្នុងវិស័យឧហ្សាហកម្មសម្លៀកបំពាក់។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា «ក្នុងសម័យកាលឧស្សាហកម្ម 4.0 យើងកំពុងតែអង្កេតលើល្បឿន នៃការវិវឌ្ឍរបស់ស្វ័យប្រវត្តិភាព និងប្រព័ន្ធឌីជីថល ក្នុងរោងចក្ររបស់យើងទាំងអស់។ ម៉ាស៊ីនស្វ័យប្រវត្តិ កំពុងតែកើនឡើងលើការប្រើប្រាស់ ក្នុងដំណើរការរបស់រោងចក្រភាគច្រើន ក្នុងនោះរាប់បញ្ចូលទាំង ការរចនាម៉ូត ការបង្កើតគំរូម៉ូត ការកាត់ម៉ូត ការបោះពុម្ភលើសម្លៀកបំពាក់ ការប៉ាក់ ការដេរ និងការគ្រប់គ្រងគុណភាព»។

លោក ម៉ូនីកា បានសង្កត់ធ្ងន់ថា ប្រព័ន្ធឌីជីថលពិតជាសំខាន់ណាស់ក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដោយលោកបានបញ្ជាក់ថា កម្ពុជាត្រូវតែឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃស្វ័យប្រវត្តិភាព និងប្រព័ន្ធឌីជីថលនេះ ឲ្យបានរហ័សជាងនេះ ក្នុងគោលបំណងផ្លាស់ប្តូរកន្លែងការពារ និងកម្លាំងការងាររបស់យើង។

លោកបន្ថែមថា ការណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលផលិតកម្មនេះ គឺជាផ្នែកមួយ នៃផែនការរបស់ Zilingo ក្នុងការដាក់ឲ្យដំណើរការនៅកម្ពុជា ក្នុងនាមជាទីផ្សារចម្បង ក្រោមទស្សនវិស័យមួយដើម្បីបង្កើនថាមពលដល់អាជីវកម្មសម្លៀកបំពាក់ តាមរយៈការបង្កើតភាពងាយស្រួល ដែលមិនធ្លាប់មានពីមុនមក ទៅលើចង្វាក់នៃការផ្គត់ផ្គង់ប្រកបដោយតម្លាភាពជាមួយនឹងសេវាបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងសេវាទីផ្សារ។

លោក Cian O’Dowd ប្រធានផ្នែកពង្រីកទីផ្សាររបស់ Zilingo បានឲ្យដឹងថា «នៅពេលដែលយើងគិតពីវត្តមានរបស់យើង ក្នុងប្រទេសកម្ពុជា យើងសម្លឹងឆ្ពោះទៅកាន់ការបណ្តាក់ទុនផ្លាតហ្វមរបស់យើង ដើម្បីនាំយករោងចក្រកម្ពុជាជាច្រើនបន្ថែមទៀត ទៅគាន់យុគសម័យកាលឌីជីថល ក៏ដូចជាផ្សាភ្ជាប់ប្រភពកម្ពុជា ទៅកាន់យីហោសម្លៀកបំពាក់ជាសកល ក្នុងប្រទេសលោកខាងលិច។ តួនាទីនៃបច្ចេកវិទ្យា គួរតែត្រូវបានប្រើប្រាស់ ដើម្បីបង្កើតឲ្យមានការរីកចម្រើនរួមគ្នា។ ជាមួយនឹងកម្មវិធី និងសេវាដ៏សក្តិសមរបស់ Zilingo អាជីវកម្មសម្លៀកបំពាក់ គួរតែត្រូវបានធ្វើឲ្យល្អប្រសើរជាងនេះ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារពិភពលោក»