(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយកម្លាំងចម្រុះ នៃរដ្ឋបាលស្រុកព្រៃនប់ ដែលដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ ចុះធ្វើការទប់ស្កាត់ និងរុះរើសំណង់ផ្ទះខ្ទមអនាធិបតេយ្យ ដែលសង់លើដីឧទ្យានជាតិព្រះសីហនុ (រាម) ត្រង់ចំណុចតាបិន ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលវិនិយោគឱ្យក្រុមហ៊ុនអេវើហ្គ្រីន។

នៅក្នុងប្រតិបត្តិការនេះ ត្រូវបានក្រុមអនាធិបតេយ្យទាំងនោះ បានប្រើហិង្សាមកលើក្រុមកាងារដោយប្រើកាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ និងដបសាំង វាយ កាប់ និងគប់បណ្តាលឱ្យនគរបាល រងរបួសម្នាក់ឈ្មោះ នី សារ៉ាត់ ជានាយប៉ុស្តិ៍ទួលទទឹង, មន្រ្តីអាវុធហត្ថរងរបួសម្នាក់ឈ្មោះរឿង សុខជា ជាសមាជិកកងអន្តរាគមន៍ពិសេស អាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងប្រជាការពារឃុំរងបួសម្នាក់ឈ្មោះ លន់ សារិទ្ធ។

ភ្លាមៗ កម្លាំងនគរបាល នៃស្នងការខេត្តបានឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៧នាក់ រួមមាន៖

*ទី១៖ ឈ្មោះ សៅ សេង ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិទួលរការ ឃុំទួលរការ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
*ទី២៖ ឈ្មោះ លី សារឿន ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
*ទី៣៖ ឈ្មោះ ឃុត សុខុម ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តពកំពង់ធំ
*ទី៤៖ ឈ្មោះ ដន លក្ខិណា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិផ្តើម ឃុំសាមខួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង
*ទី៥៖ ឈ្មោះ ទឹម ឯម ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិព្រៃកន្សា ឃុំចារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
*ទី៦៖ ឈ្មោះ ទូច សុខា ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិទួលរការ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
*ទី៧៖ ឈ្មោះ លឹម សំបូរ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្មាក់ មាក់ចំនារលើ ស្រុកស្ទោង ខេត្តពកំពង់ធំ។

បច្ចុប្បន្ន មុខសញ្ញាទាំង ៧នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបំពេញនីតិវិធី៕