(ភ្នំពេញ)៖ ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា បានសហការជាមួយ SpringBard4Education in Cambodia នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំពិព័រណ៌ការសិក្សា ទៅកាន់ចក្រភពអង់គ្លេសជាលើកទី១២ នៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញផូគីត្រា ដើម្បីបង្កើនការយល់ដឹងចងភ្ជាប់ និងពង្រឹង ទំនាក់ទំនងលើវិស័យអប់រំរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ហើយពិព័រណ៌នេះល្អបំផុត សម្រាប់អ្នកដែលធ្លាប់គិតស្រមៃចង់ទៅសិក្សា នៅក្រៅប្រទេសផងដែរ។

ពិព័រណ៌នេះបានទាក់ទាញ អ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសសិស្សានុសិស្ស ដែលកំពុងតែសិក្សាថ្នាក់វិទ្យាល័យរួមទាំងថ្នាក់ បរិញ្ញាបត្រក្នុងគោលបំណង់ ដើម្បីបើកឱកាសឲ្យសិស្សានុសិស្ស និងនិស្សិតទាំងអស់ ដែលមានបំណង់ចង់ ទៅសិក្សាបន្តនៅក្រៅប្រទេស បានទទួលយកព័ត៌មានទូទៅទាក់ទង់ទៅនឹងកម្មវិធីសិក្សា ការដាក់ពាក្យចូលរៀន ការស្នើរសុំទិដ្ឋាការសិក្សា ការរស់នៅ ការដាក់ពាក្យធ្វើការ ក៏ដូចជាបិទពិសាធន៍ពីតំណាងសាលាផ្ទាល់ ដែលតែជាសាកលវិទ្យាល័យល្បីៗ ជាច្រើនប្រចាំចក្រភពអង់គ្លេស ជាមួយនឹងការផ្តល់ឱកាសឱ្យសិស្ស និស្សិត ចូលរួមដោយស៊េរីផងដែរ។

កញ្ញា ជាង ស្រីនាង ប្រធានប្រចាំតំបន់ SpringBard4Education នៅកម្ពុជា បានឱ្យដឹងថា ការៀបចំពិព័រណ៌ការសិក្សា ទៅកាន់ចក្រភពអង់គ្លេសជាលើកទី១២ គឺមានសាលា និងសាកលវិទ្យាល័យចំនួន២៣ មកពីចក្រភពអង់គ្លេស បានមកធ្វើការបង្ហាញពីឱកាសទទួលបានអាហារូបករណ៌ដល់សិស្សានុសិស្សខ្មែរ ដែលមានសមត្ថភាព ដើម្បីបានទៅសិក្សានៅចក្រភពអង់គ្លេស ដែលពិព័រណ៍នេះនឹងធ្វើឡើងរយៈពេល២ គឺនៅថ្ងៃទី១៥ និងទី១៦ ខែមករា ឆ្នាំ២០២០នេះ ដើម្បីឱ្យសិស្សានុសិស្ស បានចូលរួមសាកសួរព័ត៌មានឱ្យបានកាន់តែច្រើនផងដែរ។

កញ្ញា ជាង ស្រីនាង បានបន្ថែមទៀតថា ការរៀបចំពិព័រណ៌នេះឡើង គឺដើម្បីឱ្យសិស្សានុសិស្ស បានស្វែងយល់បានកាន់តែច្រើនពីប្រព័ន្ធនៃការអប់រំនៅប្រទេសអង់គ្លេស បានដឹងពីតម្លៃនៃការសិក្សា របៀបធ្វើដំណើរ ការរស់នៅ ក៏ដូចជាបានដឹងពីឱកាសទទួលបានអាហារូបករណ៌ផ្សេងៗផងដែរ។

កញ្ញាបានបន្ថែមទៀតថា សម្រាប់ពិព័រណ៌ការសិក្សាទៅកាន់ចក្រភពអង់គ្លេសជាលើកទី១២ គឺមានឱកាសអាហារូបរណ៌រហូតដល់រាប់រយកន្លែង ដែលមានអាហារូបករណ៌ ១០០% ៥០% ៣០% ២៥% អាស្រ័យទៅតាមសមត្ថភាពសិស្ស ដែលអាចប្រឡងយកបានផងដែរ។ ជាក់ស្តែងការរៀបចំពិព័រណ៌នេះកន្លងមក គឺមានសិស្សានុសិស្សបានកើនឡើងជាបន្តបន្ទាប់ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅចក្រភពអង់គ្លេសផងដែរ។

សូមបញ្ជាក់ផងដែរថា SpringBoard4Education Cambodia មានសេវាកម្មរៀបចំឯកសារ ការដាក់ពាក្យសុំចូលរៀន ការស្នើសុំទិដាការ និងការស្វែងរកកន្លែងស្នាក់ ដល់សិស្ស និស្សិត ដែរមានបំណងបន្ដការសិក្សានៅប្រទេសអង់គ្លេស។ រាល់សេវាកម្មទាំងអស់ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ៕