(អូស្រ្តាលី)៖ បន្ទាប់ពីបានទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋវៀតណាមហើយ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយលោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភាអូស្រ្តាលី ខណៈសម្តេច និងលោកស្រី បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងកង់បេរ៉ា។

ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានសម្តែងការគំាទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទំាងពីរដែលបានអនុវត្តកន្លងមក ជាពិសេសលទ្ធផលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីឡាវ ទៅកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ បានផ្តល់នូវផ្លែផ្កា ដែលបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទំាងសងខាង។

នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបសមភាគីឡាវថា កាលពីពេលថ្មីៗនេះ រដ្ឋសភាកម្ពុជា ទើបបានអនុម័តយល់ព្រមលើគម្រោងទិញថាមពលអគ្គិសនី ពីរោងចក្រផលិតអគ្គិសនី ដោយធ្យូងថ្មពីឡាវ មានអនុភាព២៤០០MW(ម៉េហ្គាវ៉ាត់)។ គម្រោងនេះបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រទេសទំាងពីរ។

លោកស្រី ផានី យ៉ាថូទូ ស្នើសុំសម្តេចប្រធានរដ្ឋសភាជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត ជាពិសេសដំណើរទស្សនកិច្ចផ្លាស់ប្តូរ បទពិសោធន៍គ្នាទៅវិញ ទៅមករវាងក្រុមមិត្តសភារដ្ឋសភាប្រទសទំាងពីរ៕