(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២៖៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្ដបើកសវនាការជំនុំជម្រះក្ដី លើសំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ ជាលើកទី២។

សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។ ចំណែកមេធាវីរាជរដ្ឋាភិបាលដឹកនាំដោយលោក គី តិច។

លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើកទី១ បានអះអាងថា ក្នុងសវនាការនាព្រឹកមិញ(ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០) នេះ លោក កឹម សុខា បានទទួលស្គាល់ថា វីដេអូដែលនិយាយអំពីដំណើររឿងបរទេស បានបណ្ដុះបណ្ដាល និងបង្រៀនលោកអំពីរបៀបនៃការផ្លាស់ប្ដូររបប គឺជាវីដេអូរបស់លោកយ៉ាងពិតប្រាកដ។

លោក គី តិច បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចចាក់ ភ័ស្ដុតាងដែលជាវីដេអូឃ្លឹបសំខាន់ដែលមានប្រសាសន៍របស់ លោក កឹម សុខា ពេលនោះលោក កឹម សុខា បានសម្រេចនៅចំពោះមុខក្រុមប្រឹក្សា នៅក្នុងសវនាការ គឺលោកទទួលស្គាល់សំឡេងរូបរបស់លោកនៅក្នុងឃ្លឹប ដែលក្រុមប្រឹក្សាជំនុំជម្រះបានចាក់ជូនអង្គសវនាការមើល គឺលោកទទួលស្គាល់សំឡេង រូបរបស់គាត់ពិតប្រាកដមែន»។

សូមជម្រាបថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេស ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេស យូហ្គោស្លាវី និងប្រទេសស៊ែប៊ី៕