(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា អត្ថប្រយោជន៍ដែលអតិថិជន ក៏ដូចជាវិនិយោគិន ទទួលបានពីការវិនិយោគ ជាមួយធនាគារអេស៊ីលីដា តាមរយៈការទិញមូលបត្រកម្មសិទ្ធជាសាធារណៈ (ភាកហ៊ុន) នៅផ្សារមូលបត្រកម្ពុជា នឹងក្លាយជាម្ចាស់ស្ថាប័នធំជាងគេ នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត អ៉ិន ចាន់នី អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយដំណើរការ នៃការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈដល់អតិថិជន និងដៃគូវិនិយោគ ដែលរៀបចំធ្វើឡើង ដោយធនាគារអេស៊ីលីដា ភីអិលស៊ី។ ពិធីនេះ ធ្វើឡើងនៅការិយាល័យកណ្ដាល ធនាគារអេស៊ីលីដា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ។

តាមផែនការ ការបោះផ្សាយមូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដា រំពឹងថា នឹងសម្រេចបាននៅខែមេសា ឆ្នាំ២០២០ខាងមុខនេះ។

បណ្ឌិត អ៉ិន ចាន់នី បានឲ្យដឹងថា កន្លងមកអត្ថប្រយោជន៍ ដែលអេស៊ីលីដាទទួលបាន គឺបានទៅលើតែភាគទុនិកមួយចំនួនតូចប៉ុណ្ណោះ ដែលមានភាគហ៊ុន នៅក្នុងធនាគារអេស៊ីលីដា ដូច្នេះធនាគារចង់ឲ្យអត្ថប្រយោជន៍របស់ខ្លួន បានទៅលើអតិថិជនកាន់តែច្រើនបន្ថែមទៀត ទើបធនាគារបោះផ្សាយ លក់មូលបត្រកម្មសិទ្ធជាសាធារណៈ។

បណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់ថា អត្ថប្រយោជន៍ដែលអតិថិជន ក៏ដូចជាវិនិយោគិន ទទួលបានពីការវិនិយោគ ជាមួយធនាគារអេស៊ីលីដា តាមរយៈការទិញមូលបត្រកម្មសិទ្ធ ជាសាធារណៈនៅផ្សារមូលបត្រកម្ពុជារួមមានច្រើន ប៉ុន្តែសូមលើកយកអត្ថប្រយោជន៍ធំៗ ដែលនឹងទទួលបាននោះ ដូចជា អតិថិជននឹងទទួលបានភាគលាភពីអេស៊ីលីដា។

លើសពីនោះទៀត អតិថិជននឹងអាចជួញដូរភាគហ៊ុនជាមួយអេស៊ីលីដា ហើយអ្នកវិនិយោគជាមួយអេស៊ីលីដា នឹងក្លាយជាម្ចាស់ស្ថាប័នធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងអាចបង្គាប់បញ្ជា ទៅកាន់ស្ថាប័ននោះ ទៅតាមការចង់បានរបស់គាត់ផងដែរ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់បណ្ឌិត អ៉ិន ចាន់នី។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់យ៉ាងដូចេ្នះថា «អត្ថប្រយោជន៍ដែលទទួលបានគឺ ទី១៖ ភាគលាគដែលនឹងធ្វើការបែងចែក, ទី២៖ ងាយស្រួលក្នុងការជួញដូរ, ទី៣៖ រួមចំណែករីកចម្រើន ជាមួយស្ថាប័ន ដែលរីកចម្រើន, និងទី៤៖ គាត់ជាម្ចាស់...កាលណាគាត់ជាម្ចាស់ គាត់បង្គាប់បញ្ជា ឲ្យពួកខ្ញុំធ្វើអី ខ្ញុំធ្វើតាមពួកគាត់..ក្នុងនាមគាត់ជាភាគហ៊ុនិក របស់ធនាគារអេស៊ីលីដា ភីអិលស៊ី»

ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានបន្ថែមទៀតថា «អត្ថប្រយោជន៍ធំៗ៤ ដែលគាត់បានទទួលភាគលាគ គាត់អាចជួញដូរ គាត់ក្លាយជាម្ចាស់របស់ស្ថាប័ន ដែលធំជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយអាចបង្គាប់បញ្ជា ឲ្យគណៈកម្មការប្រតិបត្ដិ ធ្វើតាមបង្គាប់របស់គាត់ តាមរយៈក្រុមប្រឹក្សាភិបាល»

បណ្ឌិត អ៉ិន ចាន់នី បានឲ្យដឹងទៀតថា មុននឹងអេស៊ីលីដា ប្រកាសលក់ជាផ្លូវការ ធនាគារបានធ្វើសិក្ខាសាលាជាបន្តបន្ទាប់ ដើម្បីឲ្យអតិថិជន និងវិនិយោគិន បានយល់កាន់តែច្បាស់ ជាមួយនឹងការសម្រេចវិនិយោគ ក៏ដូចជាឲ្យអតិថិជនបើកគណនីជូញដូរ ឲ្យបានរួចរាល់ មុននឹងធ្វើការជួញដូរជាផ្លូវការ។ អេស៊ីលីដា មានបំណងចង់ឲ្យ មានការជួញដូរជាលក្ខណៈឯកត្តជន ជាជាងជាក្រុមហ៊ុន ឬស្ថាប័ន។

ជាមួយគ្នានោះ បណ្ឌិត អ៉ិន ចាន់នី បានលើកឡើងថា បន្ទាប់ពីបានរៀបចំនូវសិក្ខាសាលាជាបន្តបន្ទាប់ ឃើញថាអតិថិជនដែលមានសក្ដានុពល បានមកចូលរួម និងបើកគណនី ជួញដូររួចជាស្រេចដើម្បីត្រៀមខ្លួន ក្នុងការវិនិយោគ ជាមួយអេស៊ីលីដា នៅពេលដែលអេស៊ីលីដា ប្រកាសជួញដូរ នៅពេលឆាប់ៗខាងមុខនេះ។

លោកបណ្ឌិត អ៉ិន ចាន់នី បានបន្ថែមទៀតថា ធនាគារអេស៊ីលីដា ចង់ឲ្យមានការទិញ មូលបត្រកម្មសិទ្ធជាសាធារណៈ ពីឯកត្តជនទាំងអស់តែម្ដង ហើយនេះ ជាអ្វីដែលអេស៊ីលីដាប៉ងប្រាថ្នា ហើយជាការកត់សម្គាល់ ក៏មានការចាប់អារម្មណ៍ ពីឯកត្តជនច្រើនលើសពីអ្វី ដែលបានរំពឹងទុកផងដែរ។

សូមជម្រាបថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេ បំផុតនៅកម្ពុជា ដែលមានសំពៀតឥណទានសរុប ៣.៦១ប៊ីលានដុល្លារអាមេរិក និងមូលធនសរុប៨៩៨.៥៦លានដុល្លារអាមេរិក, ទ្រព្យសកម្មសរុប៦.០៩ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុប៤.២៤ប៊ីលានដុល្លារអាមេរិក។

នៅឆ្នាំ២០១៨ ធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ល្បីឈ្មោះមួយនៅកម្ពុជា ទទួលបានប្រាក់ចំណេញជាង៨៤លានដុល្លារអាមេរិក៕