(ភ្នំពេញ)៖ យោងតាមការណែរបស់អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងសហការី បាននាំយកកូនឈើប្រភេទធ្នុងជាច្រើនដើម ទៅដាំនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីឲ្យរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង និងមានបរិស្ថានស្រស់ល្អស្អាត ជាពិសេសសម្រាប់រាជធានីភ្នំពេញមានសម្រស់បៃតងជានិច្ច។

បើតាមលោក គាំ សីហា បានឲ្យដឹងថា នៅក្នុងគម្រោងផែនការរបស់សាលារាជធានី និងរដ្ឋបាលព្រៃឈើភ្នំពេញ ដាំ ចំនួន ៣៦៨ដើម ជាប្រភេទដើមឈើប្រណីត ធ្នុង ក្នុងតំបន់បឹងកក់។ ជាក់ស្តែងនៅព្រឹកនេះ រដ្ឋបាលព្រៃឈើ ដាំចំនួន ៨៨ដើម ជាប្រភេទធ្នុង ដោយមានការចូលរួមពីលោក នួន ផារ័ត្ន អភិបាលរងរាជធានី តំណាងអភិបាលរាជធានីភ្នំពេញ ដោយដាំតាមផ្លូវ R2, R4A និងផ្លូវ R9A។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបន្តថា កាលលើកមុនលោក ឃួង ស្រេង អភិបាលក៏បានឲ្យដើមក្ងោក ចំនួន ២៥០ដើម ដាំតាមបណ្តោយផ្លូវភ្លោះក្នុងតំបន់បឹងកក់នេះផងដែរ។

ជាមួយគ្នានេះ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ លោកថា តំបន់បឹងកក់ គឺជាតំបន់អភិវឌ្ឍន៍នូវសំណង់លំនៅឋានប្រណីតៗ អគារខុនដូរ ការិយាល័យជំនួញខ្ពស់ៗ យ៉ាងសំបូរបែប ប្រកបដោយភាពស៊ីវិល័យ សមនឹងរាជធានីភ្នំពេញ ដែលកំពុងយលូតលាស់ល្អ ដើម្បីទីក្រុងយើងមានសភាពបៃតងស្រស់បំព្រង រួមចំណែកទាក់ទាញទេសចរឲ្យមកកំសាន្តឲ្យបានច្រើនកុះករ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមដាំដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អឲ្យដូចយើងស្រឡាញ់កូនចៅយើងដែរ ហើយអ្នកបំផ្លាញដើមឈើវាស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខេមរភូមិន្ទន ក៏បានដាំដើមឈើ ប្រមាណ ជិត២០០ ដែលជាឈើប្រណីត មានដូចជាប្រភេទគ្រញូង ធ្នុង បេង និងនាងនួនផងដែរ។

លោកបន្តថា ដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិត មនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹម ជីវិតមនុស្សលោក ។ ហេតុដូចនេះហើយ យើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ៕