(ព្រះវិហារ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពម្ហូបអាហារ សាខាកាំកុងត្រូលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិកំពង់កណ្តាល ឃុំកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញ បានរកឃើញ ដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពមួយចំនួន ៤មុខ បានធ្វើកំណត់ហេតុ ដកហូតដុតកម្ទេចចោលភ្លាមៗដូចជា៖

*ទី១ ៖ ទឹកក្រូច ចំនួន ៣៥ដប, ទី២ ៖ AQURIUS ចំនួន ៩៩ដប, ទី៣ ៖ នំចម្រុះ ចំនួន ២៦កញ្ចប់, ទី៤ ៖ ស្ករសូកូឡា ចំនួន ១១ប្រអប់។

លោក ដួង មុនី ប្រធានសាខា ក៏បានណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវាជៀសវាង បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕