(ត្បូងឃ្មុំ)៖ សមាជិកក្រុមប្រឹក្សាឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួមជាមួយនឹងមេភូមិអនុភូមិប្រមាណ ១៩នាក់ បានធ្វើលិខិតសំណូមពរឱ្យលោកអភិបាលស្រុកតំបែរ ផ្លាស់ប្តូតំណែងមេឃុំចុងជាច ចេញពីតំណែង ដោយសារមេឃុំរូបនោះ បានធ្វើកំហុសឆ្គងជាច្រើននាពេលកន្លងមក ធ្វើឲ្យមន្ត្រីពិបាករួមកិច្ចការជាមួយគ្នា។

យោងតាមពាក្យបណ្តឹងដាក់ជូនអភិបាលស្រុករបស់សមាជិកក្រុមប្រឹក្សា និងមេភូមិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នា ស្នើសុំឲ្យផ្លាស់ប្តូរមេឃុំចុងជាច លោក កាំង វ៉ាន់ឌី។

នៅក្នុងពាក្យបណ្តឹងក្រុមសមាជិកក្រុមប្រឹក្សា និងមេបានបញ្ជាក់ទៀតថា «យោងតាមការលំបាករបស់យើងខ្ញុំទាំង អស់គ្នាកន្លងមក ដែលលោកមេឃុំរូបនេះ បានធ្វើខុសម្តងហើយម្តងទៀត ពុំបានធ្វើការកែប្រែតាមការស្នើសុំរបស់ថ្នាក់ដឹកនាំឡើយដូចជា៖

*ទី១ ៖ ធ្វើការស្តីបន្ទោសថ្នាក់ក្រោមដោយគំរាមដកចេញពីតំណែងក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ ស្មៀនឃុំ គ្រូមតេយ្យសហគមន៍ជាដើម
*ទី២ ៖ និយាយទំលាក់កំហុសឲ្យមន្ត្រីក្រោមឱវាទ រាយការណ៍ទៅថ្នាក់លើ
*ទី៣ ៖ ធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់ពលរដ្ឋ ដោយមានការកៀបសង្កត់ កូសរុស យកលុយពីពលរដ្ឋដែលមកទទួលសេវាផ្សេងៗ
*ទី៤ ៖ បំផុសបំផុល និងរារាំងការកសាងសមិទ្ធិផលនានាតាមភូមិ។ ជាក់ស្តែង ដូចភូមិជាចកើត មានរបាយការណ៍មេភូមិស្រាប់ និងការងារជាច្រើនទៀតដែលយើងខ្ញុំភ្ជាប់ របាយការណ៍មកជាមួយស្រាប់»។

ពាក្យបណ្តឹងបានបន្តទៀតថា «ប្រសិនបើបុគ្គលរូបនេះ នៅតែដឹកនាំធ្វើជាមេឃុំទៀត យើងខ្ញុំទាំងអស់គ្នាសុខចិត្តលាឈប់ពីតំណែងទាំងអស់គ្នា»

ទាក់ទិនទៅនឹងករណីខាងលើនេះនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ អភិបាលស្រុកតំបែរលោក សុខ សារិទ្ធិ បានថ្លែងថា ក្រោយពីបានទទួលពាក្យស្នើសុំនោះ លោកបានចាត់គណៈកម្មការធ្វើការចុះស៊ើបអង្កេតលើបញ្ហានេះ។

លោកអភិបាលស្រុក បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ជាលទ្ធផលគណៈកម្មការស៊ើបអង្កេត រកឃើញបញ្ហាប្រហាក់ប្រហែលខ្លឹមសារស្នើសុំនោះដែរ ហើយបញ្ហានេះខាងអាជ្ញាធរស្រុក បានកសាងឯកសារបញ្ជូនទៅថ្នាក់ខេត្តរួចរាល់ហើយដែរ។ ដោយឡែក ចំពោះថ្នាក់ខេត្តសម្រេចយ៉ាងណានោះ ខាងអាជ្ញាធរស្រុកមិនទាន់បានដឹងនៅឡើយទេ»

សម្រាប់មេឃុំដែលរងការចោទប្រកាន់អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយបាននោះទេ៕

មេឃុំចុងជាច លោក កាំង វ៉ាន់ឌី

អភិបាលស្រុកតំបែរលោក សុខ សារិទ្ធិ