(ភ្នំពេញ)៖ កំណាព្យបុរាណចិនមួយបានពោលថា «ទោះខ្ញុំទើបជួបអ្នកលើកទីមួយ ប៉ុន្តែអារម្មណ៍យើងស្និទ្ធសា្នលប្រៀបដូចជាសាច់ញាតិនឹងគ្នា»។ កំណាព្យមួយឃ្លានេះ ប្រើសម្រាប់ពណ៌នាអំពីនិស្ស័យខ្ញុំ និងប្រទេសចិន ពិតជាស័ក្តិសមខ្លាំងណាស់។

ជាក់ស្ដែង កាលពីឆ្នាំ២០១៦ ក្រោមបរិបទមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ប្រទេសកំណើតខ្ញុំ និងចិន ខ្ញុំមានឱកាសកម្រដ៏ប្រពៃ ដោយទទួលបានអាហារូបករណ៍ ពីកម្មវិធីជំនួយបណ្តុះបណ្តាលបរទេសរបស់ចិន ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត រដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ ឈីងហ័រ (Tsinghua University) រដ្ឋធានីប៉េកាំង។

នេះជាលើកដំបូងក្នុងឆាកជីវិត ដែលខ្ញុំបានឈានជើងចូលទឹកដីមហាសាលនេះ ហើយអ្វីដែលនាំឲ្យខ្ញុំភ្ញាក់ផ្អើល និងចាប់អារម្មណ៍បំផុត គឺជីវភាពរស់នៅ និងមុខមាត់ពិតរបស់ចិន ដែលមានសភាពខុសប្លែកអំពីអ្វីដែលខ្ញុំធ្លាប់ដឹងឮ និងស្ទើរតែខុសស្រឡះអំពីទស្សនៈរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន ដោយចិនបានអភិវឌ្ឍដល់ចំណុចនឹកស្មានមិនដល់ទាំងផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា ប្រព័ន្ធអប់រំ។ល។ មិនតែប៉ុណ្ណោះប្រជាជនចិន មានសេរីភាពគ្រប់គ្រាន់ ក្នុងការរស់នៅប្រកបរបរ ធ្វើអាជីវកម្ម ជាពិសេសខ្ញុំមើលឃើញថា ជនជាតិចិនពិតជាបើកចំហរចង់បង្កើតមិត្តដោយស្មោះស័្មគ្រ ជាមួយគ្រប់ជាតិសាសន៍ ដែលនេះនាំឲ្យខ្ញុំមានអារម្មណ៍ស្និទ្ធស្នាល ប្រៀបដូចស្រុកកំណើតខ្លួនដូច្នេះដែរ។

បទពិសោធន៍រយៈពេល២ឆ្នាំ នាំមកនូវអនុស្សាវរីយ៍មានតម្លៃជាច្រើនសម្រាប់ខ្ញុំ។ អំឡុងពេលទំនេរពីការសិក្សានៅទីនោះ ខ្ញុំបានធ្វើដំណើរទៅ១៨ខេត្ត-ក្រុង ទូទាំងប្រទេសចិន ដើម្បីសិក្សាស្វែងយល់កាន់តែច្បាស់អំពីភាពរីកចម្រើន សក្ដានុពលសេដ្ឋកិច្ច និងវប្បធម៌ប្រពៃណីយ៉ាងសំបូរបែបរបស់ចិន។

ក្នុងនោះដែរ រឿងរ៉ាវដែលដក់ជាប់ក្នុងអារម្មណ៍ខ្ញុំជានិច្ចកាល គឺដំណើរកំសាន្តកម្មសិក្សារយៈពេលខ្លី ដែលសហការរៀបចំដោយសាកលវិទ្យាល័យ ឈីងហ័រ សាកលវិទ្យាល័យ Harvard និងសម្ព័ន្ធយុវជនបក្សកម្មុយនីស្តចិន ខេត្ត Zhejiang កាលពីឆ្នាំ២០១៧។ កម្មវិធីនេះ មានឈ្មោះថា «យុវជនឆ្នើមពិភពលោក ដើរចូលទីក្រុង Jinhua» ឬជាភាសាអង់គ្លេស «World Outstanding Youth: Jinhua Summer Practice» ដែលមានសិក្ខាកាមជានិស្សិតបរទេសមកពី៩ប្រទេស សរុបទាំងអស់ចំនួន២០រូប។

ក្នុងរយៈពេលជាង២សប្ដាហ៍ ខ្ញុំ និងសិក្ខាកាមផ្សេងទៀតបានចុះសិក្សាស្វែងយល់ផ្ទាល់ អំពីភូមិឃុំប្រកបដោយលក្ខណៈពិសេសរបស់ចិន តំបន់ពាណិជ្ជកម្ម អេឡិចត្រូនិច និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ទីក្រុង Jinhua រួមជាមួយកម្មវិធីស្វែងយល់ពីវប្បធម៌ប្រពៃណី តាមរយៈមេរៀនក្បាច់គុណបុរាណចិន របៀបធ្វើអាហារសម្រន់ប្រពៃណី។ល។ ទាំងអស់នេះ បានធ្វើឲ្យខ្ញុំទទួលបានចំណេះដឹង និងមានមនោសញ្ចេតនាកាន់តែជ្រាលជ្រៅ ចំពោះភាពទាក់ទាញ នៃវប្បធម៌ប្រពៃណី និងប្រវត្តិសាស្រ្តល្អចំណានរបស់ចិន។

ទីក្រុង Jinhua មានរដ្ឋបាលដែលផ្តល់សេវាសាធារណៈល្អប្រសើរ ផែនការអភិវឌ្ឍន៍ និងវិធីសាស្រ្តទាក់ទាញការវិនិយោគ យន្តការលើកទឹកចិត្តយុវជន បង្កើតមុខរបរថ្មីៗ និងយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងមានប្រសិទ្ធភាព ដែលជាមេរៀនយ៉ាងកម្រសម្រាប់ខ្ញុំ ដើម្បីសិក្សាដកពិសោធន៍ យកទៅអភិវឌ្ឍស្រុកកំណើតខ្ញុំនាថ្ងៃមុខ។

ខ្ញុំជឿជាក់ថា ការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយ នៃបក្សកម្មុយនីស្តចិនដែលមានលោកប្រធានាធិបតី Xi Jinping ជាស្នូល ពិតជានឹងនាំមកនូវភាពសុខដុមរមនា និងភាពសម្បូរសប្បាយជូនប្រជាជនចិនទាំងមូលជាក់ជាមិនខាន។ សុភាសិតចិនមួយឃ្លាពោលថា «មនុស្សរួមដំណើរបីនាក់ គង់តែមានម្នាក់នឹងក្លាយជាគ្រូខ្ញុំ»។

នៅក្នុងដំណើរទាំងការសិក្សា និងការរស់នៅរយៈពេល២ឆ្នាំនេះ ខ្ញុំបានជួបរាប់អាន និងរៀនសូត្រពីមនុស្សជាច្រើនទាំងមិត្តភក្តិជនជាតិចិន និងជនបរទេស ផ្សេងទៀត ដែលនេះនាំឲ្យខ្ញុំនឹកគិតអំពីអន្តរភាវូបនីយកម្ម ក្នុងបរិបទប្រទេសចិនសព្វថ្ងៃ ដែលចម្រុះដោយធនធានមនុស្សប្រកបដោយសមត្ថភាព និងបទពិសោធន៍ល្អជាច្រើន។

វប្បធម៌នៃការប្រាស្រ័យទាក់ទងនេះ ជួយខ្ញុំឲ្យស្គាល់ពិភពលោកកាន់តែទូលំទូលាយ នាំគំនិតត្រិះរិះពិចារណារបស់ខ្ញុំ ឆ្ពោះទៅរកចក្ខុវិស័យវែងឆ្ងាយ ដែលជាទុនមិនអាចកាត់ថ្លៃ និងខ្វះបានក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងបានផ្ដល់ប្រយោជន៍ដល់ខ្ញុំទាំងក្នុងកិច្ចការងារបច្ចុប្បន្ន និងថ្ងៃអនាគត។ យ៉ាងណាមិញ «គ្មានការជួបជុំណាមួយ ដែលមិនបែកគ្នានោះទេ» ការសិក្សាថ្នាក់អនុបណ្ឌិតខ្ញុំ ត្រូវបានបញ្ចប់នៅឆ្នាំ២០១៨ ប៉ុន្តែវាមិនមែនជាទីបញ្ចប់ នៃសាច់រឿងរវាងខ្ញុំ និងប្រទេសចិន ជាមួយជនជាតិចិនឡើយ។

នៅពាក់កណ្តាលឆ្នាំ២០១៧ ខ្ញុំ និងក្រុមការងារបានខិតខំប្រឹងប្រែងបង្កើតជា «សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន» ដើម្បីផ្ដល់ជាវេទិកាប្រឹក្សា និងសម្របសម្រួលជូនសិស្សនិស្សិតកម្ពុជា ក្នុងគោលបំណងដើម្បីទទួលបាន ឱកាសអាហារូបករណ៍កាន់តែច្រើន និងប្រកបដោយ ប្រសិទ្ធភាព ព្រមទាំងដើរតួនាទីជាស្ពានក្នុងទំនាក់ទំនងរវាងនិស្សិតខ្មែរទូទាំងប្រទេសចិន និងរវាងនិស្សិតខ្មែរ និងនិស្សិតចិន និងនិស្សិតបរទេសផ្សេងទៀត ផងដែរ។

ក្នុងនាមជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមនេះ ខ្ញុំនៅតែបន្តខិតខំធ្វើឲ្យវេទិកានេះ ដំណើរការជាស្ពានមិត្តភាពសម្រាប់យុវជន បានយ៉ាងគាប់ប្រសើរ ក្នុងក្តីសង្ឃឹមរឹតចំណងនិស្ស័យរវាងខ្ញុំ និងចិនឲ្យនៅបន្ត និងកាន់តែស្និទ្ធស្នាល។

តាមប្រសាសន៍លោកប្រធានាធិបតី Xi Jinping លើកឡើងថា «កម្ពុជា និងចិន គឺជាមិត្តដែកថែបនឹងគ្នា»។ បច្ចុប្បន្នទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរ បាននិងកំពុងស្ថិតក្នុងដំណាក់កាលខ្ពស់មួយ នៃប្រវត្តិសាស្រ្ត ហើយនឹងបន្តវិវត្តន៍ទៅមុខជាបន្តបន្ទាប់។

កូនឈើមិត្តភាពផ្ដល់កំណើតដោយសម្ដេចព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ សព្វថ្ងៃបានរីកលូតលាស់ជាដើមឈើពេញវ័យ ដែលមានឫសរឹងមាំ និងមែកធាងល្អប្រពៃណាស់។ ទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងស្អិតរមួតនៃប្រជាជាតិទាំងពីរ គឺជាសមិទ្ធផលផ្លែផ្កា ដែលកើតមានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបច្ចុប្បន្ន នៃប្រទេសទាំងពីរ ហើយនឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែង កាន់តែច្រើនជូនដល់ប្រជាពលរដ្ឋទាំងពីរប្រទេស។

តាមរយៈកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កិច្ចសហការក្នុងវិស័យប្រឆាំងអំពើពុករលួយ បានក្លាយជាប្រធានបទសំខាន់ ដែលមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ដូច្នេះក្នុងនាមជាមន្រ្តី នៃអង្គភាពប្រឆាំងអំពើពុករលួយ ខ្ញុំរឹតតែមានភាពចាំបាច់ ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយចិន ក្នុងន័យបន្តផ្លាស់ប្ដូរបទពិសោធន៍ និងសិក្សាទៅវិញទៅមកដើម្បីកិច្ចអភិវឌ្ឍ និងភាពជោគជ័យរួមនៃប្រទេសទាំងពីរ។

ដោយ៖ Mr.Heng Chenhak ហេង ជិនហាក់ អង្គភាពប្រឆាំងអំពើពុករលួយ។ អត្ថបទនេះមកពីការប្រកួតប្រជែងអត្ថបទអំពី «រឿងព្រេងប្រទេសចិនរបស់ខ្ញុំ» ដែលរៀបចំដោយការិយាល័យទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា៕