(បាត់ដំបង)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានបន្ដនាំយកថវិកាសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពីការបរិច្ចាកពីសប្បុរសជនទៅផ្តល់ជូនគ្រួសារសព៥នាក់ នៅខេត្តបាត់ដំបង ដែលរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។

ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវ ដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំ។

លោក សេង ទៀត បានឲ្យដឹងថា គ្រួសារសពដែលទទួលបានថវិកានេះ គឺស្លាប់ទាំងប្តីប្រពន្ធ និងកូនចំនួន២នាក់ រួមទាំងប្អូនស្រីម្នាក់ទៀត សរុប៥នាក់ ដែលត្រូវចែកថវិកាជា២ចំណែក ក្នុងនោះគ្រួសារម្ខាងទទួលបាន៣ចំណែក (គ្រួសារដែលមានប្អូនស្រីស្លាប់) និងម្ខាងទៀតទទួលបាន២ចំណែក។ រីឯថវិកាដែលសម្រាប់ធ្វើបុណ្យ គឺក្នុងមួយសពៗនៅសល់ថវិកា១៨លានរៀលថែមទៀត ត្រូវបានប្រគល់ជូនគ្រួសារសពផងដែរ។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាដល់ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា១ម៉ឺនដុល្លារ។

ករណីបាក់រលំអគារកម្ពស់៦ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យមនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕