(មីយ៉ាន់ម៉ា)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ផុតលេខ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិមីយ៉ាន់ម៉ា នៅឯទីក្រុងណៃពិដោរ។

ក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណ ចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ នាយឧត្តមសេនីយ៍ ផុតលេខ Min Aung Hlaing។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៦៥នៃទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា-មីយ៉ាន់ម៉ា។ ដោយយោងតាមគោលបំណង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យមានការរៀបចំប្រារព្ធពិធីរំលឹកខួបលើកទី៦៥នេះ ឱ្យបានពិសេស ហេតុដូច្នេះហើយ ដើម្បីជាសក្ខីភាពក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ លោកក៏បានដឹកនាំប្រតិភូមកទស្សនកិច្ចផ្លូវការ នៅប្រទេសមីយ៉ាន់ម៉ានាពេលនេះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ លោក មានគោលបំណងចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដោយក្នុងនោះលោកស្នើឱ្យមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា លើការផ្លាស់ប្តូរព័ត៌មានការងារសន្តិសុខ ការរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ និងបន្តបន្ថែមការបណ្តុះបណ្តាលធនធានមនុស្ស។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ផុតលេខ Min Aung Hlaing បានថ្លែងថា នេះជាប្រវត្តិសាស្ត្រក្នុងរយៈកាល៦៥ឆ្នាំនេះ ដែលនេះជាលើកទីមួយ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មកទស្សនកិច្ចនៅប្រទេសមីយ៉ានម៉ា។ នាយឧត្តសេនីយ៍ Min Aung Hlaing បន្តទៀតថា លោកឯកភាពនូវអ្វីដែលនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងលើកិច្ចសហប្រតិបត្តិការនៃកងទ័ពទាំងពីរ។

នាថ្ងៃជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានបន្តចូលជួបសម្តែងការគួរសមចំពោះលោកស្រី អោង សាន ស៊ូជី ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសមីយ៉ាន់ម៉ា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំពោះលោកស្រី អោង សាន ស៊ូជី ។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមគោលគំនិតរបស់សម្តេចតេជោ ហ៊ុន សែន អំពីខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-មីយ៉ាន់ម៉ា លោក ក៏បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ គឺទស្សនកិច្ចផ្លូវការរវាងអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការ កងកម្លាំងការពារជាតិមីយ៉ាន់ម៉ា ដើម្បី ជាសក្ខីភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ ក៏បានសំណូមពរលោកស្រី អោង សាន ស៊ូជី ក្នុងការចូលរួមកិច្ចប្រជុំអាស៊ី អឺរ៉ុប ឆ្នាំ២០២០នេះ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាកិច្ចឆ្លើយតប លោកស្រីបានយល់ព្រមក្នុងការចូលរួមកិច្ចប្រជុំអាស៊ី អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕