(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅមន្ត្រីរាជរដ្ឋាភិបាល កុំឱ្យអ្នកសារព័ត៌មានធ្វើជាសត្រូវ ផ្ទុយទៅវិញត្រូវយកអ្នកសារព័ត៌មានធ្វើជាដៃគូដែលមិនអាចខ្វះបានសម្រាប់ការងាររបស់ខ្លួន។

ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងជំនួបជាអ្នកសារព័ត៌មានជិត៦ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។ សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបជាមួយអ្នកព័ត៌មានលើកទី៤នេះ បានកោតសរសើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកព័ត៌មាន។ ជាពិសេសតែងបានឆ្លើយដោយផ្ទាល់ជាមួយអ្នកព័ត៌មាន នៅក្នុងមានកិច្ចប្រជុំអ្វីមួយនោះ។

ទន្ទឹមនោះសម្តេចតេជោ ហ៊ុន សែន ក៏បានស្តីបន្ទោសដល់រដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន ដែលមិនទាន់មានភាពសកម្មក្នុងការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន ដើម្បីដោះស្រាយបញ្ហានានានោះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «សូមអស់លោកកុំខ្លាចអ្នកសារព័ត៌មាន ហើយកុំចាត់ទុកអ្នកព័ត៌មានជាសត្រូវ សូមចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ដែលមិនអាចខ្វះបានសម្រាប់ការងាររបស់អស់លោក»

នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់មន្ត្រីរាជរដ្ឋាភិបាលថា មន្ត្រីរាជរដ្ឋាភិបាលមិនទាន់បានប៉ះអ្នកព័ត៌មានខ្លាំង និងសួរសំណួក្តៅៗនោះទេ។ ដោយឡែកសម្តេចក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព គឺសម្តេចបានជួបរួចហើយជាមួយអ្នកព័ត៌មានល្បីៗ និងសួរព័ត៌មានក្តៅ។ តែសម្តេចមិនដែលរួញរានោះឡើយ រហូតដល់សម្តេចត្រូវបានគេប្រសិទ្ធនាមជាតារារះមួយដួង។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ត្រូវមានយន្តការមួយឱ្យបានច្បាស់លាស់លើបញ្ហាព័ត៌មាននេះ។ នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បានក្រើនរំលឹកមន្ត្រី ក៏មិនត្រូវមានលេសសន្តិសុខជាតិ ហើយមិនផ្តល់ព័ត៌មានគ្រប់តែរឿងនោះដែរ គឺត្រូវថ្លឹងថ្លែង និងពិនិត្យមើលថា តើព័ត៌មាននោះ ត្រូវផ្សព្វផ្សាយក្នុងកម្រិតណា?