(ភ្នំពេញ)៖ ក្នុងជំនួបជាមួយអ្នកព័ត៌មានជិត៦ពាន់នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការសោកស្តាយ និងប្រតិកម្មមួយចំនួនទៅនឹងភាពឆ្គាំឆ្គងរបស់អ្នកព័ត៌មានតាមដែលផ្សាយផ្ទាល់ (Live) តាមបណ្តាញសង្គម Facebook ដែលប្រើឥរិយាបថខ្វះក្រមសីលធម៌វិជ្ជាជីវៈ ដូចជាការជេរគេ ឬដើរតួជាចៅក្រម ជាអ្នកកាត់សេចក្តីឡើងរឿងអ្វីមួយជាដើមនោះ។

ការប្រតិកម្មរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីសម្តេចបានឃើញអ្នកព័ត៌មានដែលប្រើបណ្តាញសង្គម Facebook នេះ បានជេរប្រមាថដល់ជនដទៃ និងធ្វើសកម្មភាពមួយចំនួនខ្វះក្រមសីលធម៌វិជ្ជាជីវៈ ដូចជាការផ្សាយករណីប្តីប្រពន្ធឈ្លោះគ្នា ឬទៅថតអ្នកចតរថយន្តតាមចិញ្ចឹមផ្លូវសម្រាកពេលស្រវឹងជាដើមនោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «ប៉ុន្តែជាមួយនឹងវឌ្ឍនភាព យើងក៏គួរត្រូវនិយាយទៅដល់បញ្ហាការខកចិត្តខ្លះៗរបស់ខ្ញុំ ជាមួយនឹងក្រុមអ្នកយកព័ត៌មានមួយចំនួនតូចនៃបណ្តាញសង្គម Facebook ដែលធ្វើជាថៅកែខ្លួនឯង ធ្វើចាងហ្វាងខ្លួនឯង ធ្វើជាអ្នកថតខ្លួនឯង ធ្វើជាអ្នកផ្សាយខ្លួនឯង ហើយចាប់ផ្តើមជេរបញ្ចោ ដែលជាការបំពានសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ»

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នៅកម្ពុជាមានស្ថាប័នព័ត៌មានអនឡាញជាច្រើន ដែលគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ បានល្អប្រសើរ។ លើកលែងតែអ្នកព័ត៌មានតាមបណ្តាញសង្គម Facebook ប៉ុណ្ណោះ ដែលនៅមានភាពខ្វះខាតនៅឡើយ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអ្នកទាំងទៅនឹងស្មៅ ដើមត្រែង ឬស្បូវនៅក្នុងសួនផ្កា ដែលនឹងត្រូវអស់តម្លៃនៅថ្ងៃណាមួយមិនខាន។

«ការចាប់ផ្តើមនូវសួនច្បារមួយដែលមិនបានសម្រិតសម្រាំងពូជ វាច្បាស់ណាស់ថា ចេញផ្កាមកដែលល្អ និងចេញផ្កាមកដែលវាមិនល្អ។ វាចេញជាផ្កា វាចេញជាស្មៅ វាចេញជាដើមត្រែង វាចេញជាស្បូវ មកជាមួយគ្នាតែម្តង។ ប៉ុន្តែនៅពេលណាមួយស្បូវ ស្មៅ ដើមត្រែង ត្រូវបានដកចេញនៅសល់តែផ្កាទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

នៅក្នុងជំនួបនាថ្ងៃនេះ ដើម្បីពង្រឹងដល់ការអនុវត្តន៍នូវក្រមសីលធម៌របស់អ្នកព័ត៌មានឱ្យកាន់តែល្អប្រសើរនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវពាក្យស្លោកមួយឃ្លាថា «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»