(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានបំបែកសំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់ ដែលប្រព្រឹត្តដោយជនជាតិចិន និងជនជាតិចិន នៅចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវះ (អណ្តូងអ៊ុនតាក់) ស្ថិតក្នុងក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ បានរំដោះជនរងគ្រោះម្នាក់ជាស្រី ឈ្មោះ CHEN GUIQONG កាន់លិខិតឆ្លងដែនលេខL11054567 និងឃាត់ខ្លួនបានជនសង្ស័យ៥នាក់ជាជនជាតិចិនដូចគ្នា។

ក្រៅពីនេះសមត្ថកិច្ច ក៏ដកហូតបានលុយយន្ត ១៥០យន្ដ, លុយខ្មែរ ៦៩,០០០រៀល, លិខិតឆ្លងដែន៤ក្បាល, រថយន្តស្តារិច ពាក់ស្លាក់លេខព្រះសីហនុ2C-8756 មួយគ្រឿង, ទូរស័ព្ទ២គ្រឿង, អត្តសញ្ញាណបណ្ណចិន៧សន្លឹក, កាបូបស្ពាយចំហៀង១, ស្រោមបិទមុខ៨, មាសបិទមុខ១, ម៉ាស៉ីនវេលុយ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងសាកសួរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕