(ភ្នំពេញ)៖ អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន។

លោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ត្រូវមានតួនាទីទទួលខុសត្រូវ បញ្ហាការពារក្តីដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ។ នេះបើយោងតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការសម្រេចរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «យល់ព្រមផ្តល់មេធាវីរបស់សម្តេចតេជោ ការពារអ្នកសារព័ត៌មានទៅតាមអង្គហេតុនិងអង្គច្បាប់ ដែលវាសមស្រប។ អញ្ចឹងទេខ្ញុំប្រគល់សិទ្ធិឲ្យលោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ទទួលខុសត្រូវសិក្សានៃបញ្ហាទាក់ទងជាមួយនឹងការការពារក្តី ឲ្យអ្នកសារព័ត៌មាន»

សម្តេចបន្តថា «អត់ចាំបាច់ចេញប្រាក់ទេ មេធាវីខ្ញុំមាននៅគ្រប់ខេត្ត។ ជួយការពារឲ្យប៉ុន្តែអង្គហេតុនិងអង្គច្បាប់សមស្របមានន័យថា អ្នកសារព័ត៌មានបំពេញវិជ្ជាជីវៈរបស់គេ ត្រូវបានទទួលការប្តឹងពីអ្នកនេះពីអ្នកនោះ យើងត្រូវចេញមុខការពាឲ្យ ប៉ុន្តែមេធាវីនេះមានសិទ្ធិបដិសេធចំពោះការស្នើសុំអ្នកសារព័ត៌មានណា ដែលជេរម្រ៉ាយគេ ដែលបំភ្លៃការពិត»

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រុមមេធាវីស្ម័គ្រចិត្ត ក៏មានសិទ្ធិបដិសេធមិនទទួលយកការស្នើសុំការពារក្តី ពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយព័ត៌មានបំភ្លៃការពិត។ សម្តេចថែមទាំងបានជំរុញដល់អ្នកសារព័ត៌មាន ឲ្យគោរពពាក្យស្លោក ដែលត្រូវបានសម្តេចដាក់ចេញថា ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត៕