(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា អ្វីដែលជាការយកចិត្តទុកដាក់ខ្លាំងជាគេនាពេលនេះគឺលិខិតបទដ្ឋាននានា ដូច្នេះច្បាប់ស្តី «ពីសិទ្ធិទទួលបានព័ត៌មាន» នឹងត្រូវចេញនៅក្នុងឆ្នាំ២០២០នេះ ខណៈដែលសិទ្ធិនេះត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើជាយូរឆ្នាំមកហើយនោះ។

ការបញ្ជាក់បែបនេះរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកព័ត៌មាន សរុបជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកសារព័ត៌មានទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានា ក្នុងសង្គម និងអំពើពុករលួយផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា។ អ្នកសារព័ត៌ត្រូវហ៊ានបង្ហាញការពិត។ ត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវហ៊ានបង្ហាញនូវព័ត៌មានពិតប្រាកដ។ ត្រូវខិតខំអភិវឌ្ឍ ផ្ទេការផ្សាយពីប្រព័ន្ធ អាណាឡុង (Analog system) ទៅកាន់ឌីជីថល (Digital system)។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែអ្វីដែលជាការយកចិត្តទុកដាក់ គឺបណ្តាលច្បាប់លិខិតបទដ្ឋាននានា ត្រូវជំរុញល្បឿន ប៉ុន្តែអ្វីដែលជាក់លាក់ គឺច្បាប់សិទ្ធិទទួលបានព័ត៌មាន ត្រូវចេញឱ្យបាននៅក្នុងឆ្នាំ២០២០ អីឡូវវានៅតែក្រសួងយុត្តិធម៌ទេ ក្រសួងយុត្តិធម៌មិនត្រូវការពេលប៉ុន្មានទេ គ្រាន់តែយកទៅផ្ទៀងផ្ទាត់ជាមួយក្រុមប្រឹក្សារដ្ឋប្បវេណី និងយកទៅផ្ទៀងផ្ទាត់ជាមួយនឹងក្រមព្រហ្មទណ្ឌ ដើម្បីឱ្យមានសមគ្គភាព រវាងច្បាប់ទាំងឡាយជាមួយគ្នាតែប៉ុណ្ណោះទៅលើបទប្បញ្ញាតស្តីពីទោសប្បញ្ញាត»

នៅត្រង់ចំណុចនេះដែរ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការខិតខំបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មានទាំងចំណេះដឹង និងសីលធម៌វិជ្ជាជីវៈ។ ដូច្នេះ សម្តេចតេជោក៏ស្នើឱ្យស្ថាប័នព័ត៌មាននីមួយៗបើកវគ្គបំប៉នបន្ថែមដល់បុគ្គលិករបស់ខ្លួន ឬផ្តល់ឱកាសឱ្យទៅរៀនបន្ថែម និងបានថ្លែងអំណរគុណដល់សមាគមសារព័ត៌មានទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យព័ត៌មាន និងសូមអរគុណដល់គ្រប់ស្ថាប័នទាំងអស់ ដែលបានចូលរួមសហការជាមួយអ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានពីស្ថាប័នរបស់ខ្លួន។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់អ្នកសារព័ត៌មានតាមអនឡាញមួយចំនួន សូមចូលរួមគោរព ទៅតាមវិជ្ជាជីវៈព័ត៌មាន ឱ្យបានត្រឹមត្រូវ ត្រូវគោរពសិទ្ធិអ្នកដ៏ទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានដាក់សារដ៏សំខាន់មួយ សម្រាប់អ្នកសារព័ត៌ថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំភ្លៃការពិត»