(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានផ្តល់នូវពាក្យស្លោកថ្មីមួយដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីជាការពង្រឹកវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណជន គឺ«អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីលើកទី៤ ជាមួយអ្នកសារព័ត៌មានសរុបជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំឲ្យអ្នកយកព័ត៌មានកុំផ្សាយជេរបញ្ចោរគេឯង ដែលមានឲ្យអ្នកទស្សនាបាត់បង់ជំនឿចិត្ត នឹងធ្វើការសារព័ត៌មាននោះដួលរលំ ដោយសារគ្មានអ្នកជួយឧបត្ថម្ភ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះយើងឃើញមានទូរទស្សន៍ Facebook អ្នកព័ត៌មាន Facebook ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែអស់លោករង់ចាំមើលនៅពេលដែលឃើញថា អស់លោកជេរគេច្រើនពេក គេដកស្ពនស័រចេញ [ការឧបត្ថម្ភ] ចេញអស់លោកនឹងដួលរលំគ្រឹបតែម្តង ប្រសិនបើអស់លោកមិនការពារវិជ្ជាជីវៈ ដូច្នេះខ្ញុំឲ្យសីល៍ ដែលចាត់ទុកថាជាពាក្យស្លោក ឬក៏ជាខ្សែកថា ការពារខ្លួន ដើម្បីពង្រឹកវិជ្ជាជីវៈរបស់ខ្លួន [អ្នកព័ត៌មាន] ពង្រឹកជំនឿទុកចិត្តពីសាធារណជន និងការពារខ្លួនចំពោះមុខច្បាប់ គឺ "អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត" នេះជាបាលីការពារខ្លួន»

សម្តេចតេជោបានបង្ហាញនូវការជឿជាក់ថា ប្រសិនបើអ្នកសារព័ត៌មានអាចប្រកាន់ភ្ជាប់នូវពាក្យស្លោក «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» នេះ នោះអ្នកសារព័ត៌មាននឹងរួចផុតពីការប្តឹងផ្តល់ និងបំពេញបាននូវវិជ្ជាជីវៈសារព័ត៌មានបានយ៉ាងល្អ។

ជាមួយគ្នានេះសម្តេចតេជោបានអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់ ចូលរួមថែរក្សាសន្តិភាព ព្រោះការថែរក្សាសន្តិភាពនេះ មិនមែនជាកិច្ចការតែរបស់សម្តេច ឬមន្ត្រីក្នុងជួររាជរដ្ឋាភិបាលនោះទេ គឺអ្នកសារព័ត៌មានក៏ត្រូវការសន្តិភាពដូចគ្នា ព្រោះបើប្រទេសមានសង្គ្រាម គ្មានឡើយការផ្សព្វផ្សាយព័ត៌មាន ដោយសារតែស្ថានីយវិទ្យុ និងទូរទស្សន៍ប្រឈមនឹងការបិទទ្វារ ហើយបើយកព័ត៌មានត្រូវពាក់មួកដែក។ ដូច្នេះត្រូវតែចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា៕