(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសប្រចាំអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក អាលី រ៉ស៊ីត អាល់ណូអៃមី ប្រធានក្រុមប្រឹក្សាសហគមន៍មុស្លិមពិភពលោក នៅស្នាក់ការកណ្ដាល នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

នៅក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយមនោសញ្ចេតនា និងការរាប់អានដ៏ជ្រាលជ្រៅពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនលោក អាលី រ៉ស៊ីត អាល់ណូអៃមី និងបានលើកឡើងពី វឌ្ឍនៈភាពការរីកចម្រើនពេញផ្ទៃប្រទេសដែលពោរពេញ ដោយសុខសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានស្នើឲ្យប្រធានក្រុមប្រឹក្សាសហគមន៍មុស្លិមពិភពលោក ជួយកម្ពុជាក្នុងការផ្ដល់អាហារូបករណ៍ ដល់សិស្ស និស្សិត ដើម្បីបន្តការសិក្សា ផ្នែកជំនាញវិស្វករ គណនេយ្យ និងជំនាញផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា ដែលកំពុងតែត្រូវការជាចាំបាច់។

ជាការឆ្លើយតប លោក អាលី រ៉ស៊ីត អាល់ណូអៃមី ប្រធានក្រុមប្រឹក្សាសហគមន៍មូស្លិមពិភពលោក បានសម្តែងនូវការសប្បាយរីករាយចំពោះសម្ដេចតេជោ នឹងបានផ្តាំផ្ញើនូវការផ្តាំផ្ញើសាកសួរសុខទុក្ខជូនសម្តេច ដោយក្តីគោរព ស្រលាញ់ រាប់អានតាមរយៈទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្ដែងនូវការកោតសរសើ និងគាំទ្រគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ។

លោកបានសម្ដែងនូវការអបអរសាទរ ជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរីកចម្រើនទាំងឡាយ ហើយពេញចិត្តនូវព័ត៌មានថ្មីៗ ជាបន្តបន្ទាប់ពីកម្ពុជា ដែលសម្តេចដោះស្រាយបានយ៉ាងល្អប្រសើរ លើសពីបណ្ដាប្រទេសនានាជាច្រើន ដោយសម្ដេចបានធ្វើឲ្យមានសុខដុមបនីយកម្ម ជាតិសាសន៍ សាសនា។

លើសពីនេះទៅទៀត លោកមានការរំភើប និងរីករាយក្រៃលែង នូវវឌ្ឍនៈភាពរបស់កម្ពុជា និងការផ្ដល់របស់រដ្ឋាភិបាល ឲ្យមុស្លិមមានឱកាសចូលបម្រើការងារ នៅក្នុងស្ថាប័នរដ្ឋ សំខាន់ៗមួយចំនួន ការផ្តល់ទីកន្លែងថ្វាយបង្គុំសម្រាប់មុស្លិម នៅតាមបណ្តាមន្ទីរពេទ្យជាដើម។

ទន្ទឹមនឹងនេះ លោកក៏បានសុំឲ្យសហគមមូស្លិមកម្ពុជា បន្តរក្សាសុខសន្តិភាព ដែលមានស្រាប់ដែលទទួលបានដោយលំបាក និងបន្តការគាំទ្ររាល់ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានយល់ព្រមពិនិត្យរៀបចំ ដំណើរការសិក្ខាសាលាជូន អ៊ីមាំ និងតួនៗ នៅកម្ពុជា ដែលមានសិក្ខាកាមចំនួន៣៥ ទៅ៤៥រូប ដើម្បីបណ្តុះបណ្តាលផ្នែកគ្រប់គ្រងលើជំនាញ ដែលមានរយៈពេល២សប្តាហ៍ ក្នុងចន្លោះខែមីនា និងមេសា ឆ្នាំ២០២០ខាងមុខនេះ និងយល់ព្រមផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា តាមការស្នើសុំរបស់ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់។

លោកក៏បានសន្យាយល់ព្រម ជួយកម្ពុជាក្នុងការទប់ស្កាត់នូវភាពចលាចល វឹកវរសង្គម និងគាំទ្រនូវស្ថេរភាព សន្តិសុខ និងសន្តិភាពរបស់កម្ពុជា៕