(ព្រះសីហនុ)៖ ការកសាងនូវរដ្ឋាភិបាលស្អាតស្អំ គឺជាភាពចាំបាច់បំផុតធ្វើឱ្យមានបរិយាកាសវិនិយោគល្អប្រសើរ។ អង្គភាពប្រឆាំងអំពើពុករលួយ និងសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានរួមគ្នារៀបចំបាឋកថាស្តីពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ជូនសហគ្រាសចិន និងមន្ត្រីរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ដើម្បីបង្កើតបរិយាកាសវិនិយោគដ៏ល្អប្រសើរ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអញ្ជើញធ្វើបាឋកថា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ និងអ្នកតំណាងរោងចក្រជិត ១០០នាក់បានចូលរួម។

លោក Chen Jiangang ប្រធាននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានថ្លែងថា ការធ្វើបាឋកថានេះពិតជាមានតម្លៃ ចំពោះការជំរុញកែលម្អបរិយាកាសពាណិជ្ជកម្ម និងលើកទឹកចិត្តរបស់សមាជិកសមាគម និងសហគ្រាសចិន ដែលកំពុងវិនិយោគនៅកម្ពុជា។

លោក Chen Jiangang បន្តលើកឡើងថា សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ បន្តប្រកាន់ខ្ជាប់នូវគំនិតរួមគ្នាកសាងគម្រោង «ខ្សែក្រវ៉ាត និងផ្លូវមួយ» និងគំនិត «បើកចំហ បៃតង ស្អាតស្អំ» ដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន។

លោកប្រធានសមាគម ក៏បានគូសបញ្ជាក់ដែរថា សមាគមនឹងជួយការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាយ៉ាងសកម្ម។ លោកជឿថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការខិតខំប្រឹងប្រែងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ប្រទេសកម្ពុជា នឹងមានបរិយាកាសដ៏ស្អាតស្អំសម្រាប់សហគ្រាសចិនក្នុងពេឆាប់ៗខាងមុខនេះ។

លោកប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន បានគូសបញ្ជាក់ទៀតថា សមាគម នឹងដឹកនាំវិនិយោគិនចិនគោរពច្បាប់ និងដំណើរការស្របច្បាប់យ៉ាងសកម្ម អប់រំដល់អ្នកវិនិយោគឱ្យបង់ពន្ធ និងថ្លៃឈ្នួលដោយស្មារតីភ្ញាក់រឭក ដើម្បីបង្កើតនូវកេរ្តិ៍ឈ្មោះល្អរបស់សហគ្រាសចិន។ ទន្ទឹមនឹងនេះ សមាគមក៏នឹងអប់រំដល់ម្ចាស់សហគ្រាសចិនមិនឱ្យបង់ប្រាក់សំណូកដល់មន្រ្តីរាជការ ប្រឆាំងការស៊ីសំណូកដែលធ្វើឱ្យខូចមុខមាត់រដ្ឋាភិបាលកម្ពុជា និងជួយរដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសពាណិជ្ជកម្ម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រពៃណីរវាងប្រទេសកម្ពុជា និងចិន។

នៅក្នុងបាឋកថា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងាររបស់ការិយាល័យតំណាងឱ្យរដ្ឋបាល និងការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានស្រូបយកកម្លាំងកម្មករ ៣ម៉ឺននាក់ ហើយចំនួនកម្មកររំពឹងថា នឹងកើនឡើងដល់ ៤ម៉ឺននាក់នៅឆ្នាំ២០២០។ ជាពិសេសបន្ទាប់ពីបញ្ចប់ការសាងសង់ នឹងផ្ដល់ឱកាសការងារពី៨ម៉ឺន ទៅ ១០ម៉ឺនកន្លែង។

លោកទេសរដ្ឋមន្ត្រី បន្តថា ផែនការការងារប្រឆាំងអំពើពុករលួយក្នុងឆ្នាំនេះ សំខាន់គឺលើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មន្ត្រីរាជការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយនិងអំពើស៊ីសំណូក។

ដោយមានការផ្តាំផ្ញើរបស់សម្តេច ហ៊ុន សែន នោះ អង្គភាពប្រឆាំងអំពើពុករលួយនឹងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍរបស់ក្រុមហ៊ុនចិននៅខេត្តព្រះសីហនុ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ ដើម្បីទាក់ទាញអ្នកវិនិយោគចិនកាន់តែច្រើនមកវិនិយោគនៅខេត្តព្រះសីហនុ។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

បន្ទាប់ពីធ្វើបាឋាកថា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានអញ្ជើញណែនាំយុទ្ធសាស្ត្រដែលជាមុខព្រួញចំនួន៣ របស់អង្គភាពប្រឆាំងអំពើពុករលួយ រួមមាន៖ ការអប់រំ បង្ការទប់ស្កាត់ និងបង្ក្រាបបញ្ជូនទៅតុលាការ។ លោកប្រធានអង្គភាព ក៏បានបង្ហាញលេខទូរស័ព្ទពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ដើម្បីឱ្យបើកផ្លូវឱ្យរាយការណ៍នូវទង្វើពុករលួយទាំងឡាយរបស់មន្ត្រី។ ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់ឱកាសឱ្យមានការលើកជាសំណួរផ្សេងៗ ពីសំណាក់អ្នកចូលរួមដែលជាអ្នកវិនិយោរបស់ចិនផងដែរ៕